ប្រទេសថៃ ៖ ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បានជាប់ចំណាត់ថ្នាក់ទី១ គឺជាទីក្រុងមានពលរដ្ឋរស់នៅច្រើនបំផុតលើពិភពលោក គឺចំនួនពលរដ្ឋស្មើរហូតដល់ជិត៤២លាននាក់ និងវ៉ាដាច់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលធ្លាប់ជាប់ចំណាត់ថ្នាក់ទី១អស់រយៈពេលជាច្រើនឆ្នាំ បានធ្លាក់មកនៅចំណាត់ថ្នាក់ទី៣ ដែលមានពលរដ្ឋ ចំនួន៣៣លាន ៤សែននាក់ ខណៈទីក្រុងថាកា ប្រទេសបង់ក្លាដែស ជាប់ចំណាត់ថ្នាក់ទី២ មានពលរដ្ឋ ចំនួន៣៦លាន ៦សែននាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
យោងតាមទិន្នន័យពី World Urbanization Prospects 2025 របស់អង្គការសហប្រជាជាតិ (UN) ដែលបង្ហាញពីចំនួនពលរដ្ឋនៅលើពិភពលោក ឱ្យដឹងថា នៅឆ្នាំ២០២៥ ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី មានពលរដ្ឋរស់នៅជិត៤២លាននាក់ ។ ចំណាត់ថ្នាក់ទី២ បានទៅទីក្រុងថាកា ប្រទេសបង់ក្លាដែស មានពលរដ្ឋ ចំនួន៣៦លាន ៦សែននាក់ ខណៈទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលធ្លាប់ជាប់ចំណាត់ទី១អស់រយៈពេលជាច្រើន បានធ្លាក់មកនៅចំណាត់ថ្នាក់ទី៣ ដែលមានពលរដ្ឋ ចំនួន៣៣លាន ៤សែននាក់ ។.jpg)
ខាងក្រោមនេះជាការចាត់ចំណាត់ថ្នាក់ទីក្រុងមានពលរដ្ឋរស់នៅច្រើនបំផុត ៖
១-ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី មានពលរដ្ឋ ជិត៤២លាននាក់
២-ទីក្រុងថាកា ប្រទេសបង់ក្លាដែស មានពលរដ្ឋ ៣៦លាន ៦សែននាក់
៣-ទីក្រុងតូក្យូ ប្រទេសជប៉ុន មានពលរដ្ឋ ៣៣លាន ៤សែននាក់
៤-ទីក្រុងញូវដេលី ប្រទេសឥណ្ឌា មានពលរដ្ឋ ៣០លាន ២សែននាក់
៥-ទីក្រុងសៀងហៃ ប្រទេសចិន មានពលរដ្ឋ ២៩លាន ៦សែននាក់
៦-ទីក្រុងក្វាងចូវ ប្រទេសចិន មានពលរដ្ឋ ២៧លាន ៦សែននាក់
៧-ទីក្រុងគែរ ប្រទេសអេហ្ស៊ីប មានពលរដ្ឋ ២៥លាន ៦សែននាក់
៨-ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មានពលរដ្ឋ ២៤លាន ៧សែននាក់
៩-ទីក្រុងកាល់គូតា ប្រទេសឥណ្ឌា មានពលរដ្ឋ ២២លាន ៥សែននាក់ និង
១០-ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង មានពលរដ្ឋ ២២លាន ៥សែននាក់ ។.jpg)
ចំណែកទីក្រុងផ្សេងៗ ដូចជា ៖ ទីក្រុងអាឌីសអាបាបា ប្រទេសអេត្យូពី, ទីក្រុងដាអេសសាឡាម ប្រទេសតង់ហ្សានី, ទីក្រុងហាជិពុរ៉ាក់ ប្រទេសឥណ្ឌា និងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី គឺមានពលរដ្ឋប្រមាណជាង១០លាននាក់ ។

តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ គឺទីក្រុងនានាលើពិភពលោកបានរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេស ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី មិនត្រឹមតែជាទីក្រុងរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែចំនួនពលរដ្ឋរស់នៅទីក្រុងនេះក៏កើនឡើងផងដែរ ស្មើរហូតដល់ជិត៤២លាននាក់ ៕










