ខេត្តសុងក្លា៖ ពលរដ្ឋម្នាក់នៅខេត្តសុងក្លាបានសរសេរលិខិតមួយផ្ញើទៅកាន់នាយករដ្ឋមន្ត្រី អនុទីន ដោយនិយាយថា ពួកគេត្រូវការជម្លៀសចេញជាបន្ទាន់ មិនមែនគ្រាន់តែមកសួរសុខទុក្ខ ហើយឆ្លៀតឱកាសថតរូបបង្ហោះនោះទេ។ ពលរដ្ឋរូបនេះសង្កត់ធ្ងន់ថា ការមកឲ្យតែបានឃើញមុខដូចនោះ មិនបានជួយមនុស្សដែលកំពុងរង់ចាំការជួយសង្គ្រោះនៅលើដំបូលផ្ទះរបស់ពួកគេឡើយ។

ពលរដ្ឋម្នាក់ដែលមានឈ្មោះថា Faozee Lateh ជាអ្នកស្រុក Chana ខេត្តសុងក្លា បានបង្ហោះសារមួយលើទំព័រហ្វេសប៊ុកផ្ញើទៅកាន់នាយករដ្ឋមន្ត្រី Anutin Charnvirakul និងប្រព័ន្ធផ្សព្វផ្សាយថៃថា៖ “បច្ចុប្បន្ននេះ ស្ថានភាពទឹកជំនន់នៅក្នុងខេត្តជាច្រើននៅភាគខាងត្បូងបានឈានដល់ចំណុចប្រកាសអាសន្នយឮ។ មនុស្សជាច្រើនជាប់នៅក្នុងផ្ទះរបស់ពួកគេ ខណៈដែលកម្រិតទឹកបន្តកើនឡើងយ៉ាងឆាប់រហ័ស។
ខណៈអគ្គិសនី ទឹកស្អាត និងប្រព័ន្ធទូរស័ព្ទត្រូវបានកាត់ផ្ដាច់ មនុស្សរាប់មុឺននាក់ត្រូវរស់នៅក្នុងភាពងងឹត ការភ័យខ្លាច និងភាពមិនប្រាកដប្រជា រដ្ឋាភិបាលនៅតែមិនទាន់មានវិធានការច្បាស់លាស់ រឹងមាំ ឬមានប្រសិទ្ធភាព សម្រាប់ជួយសង្រ្គោះប្រជាជននៅឡើយ។»
.jpg)
ពលរដ្ឋរូបនេះបន្ថែមទៀតថា ក្នុងនាមជានាយកដរដ្ឋមន្រ្តី គឺត្រូវតែប្រើសិទ្ធិអំណាចក្នុងការបញ្ជាឱ្យមានវិធានការសង្គ្រោះបន្ទាន់ជាប្រព័ន្ធ និងរហ័ស មិនមែនគ្រាន់តែចុះមកមើលស្ថានភាព ដើរជុំវិញ ហើយថតរូបបង្ហោះនោះទេ។ ពលរដ្ឋមិនត្រូវការរូបថតអនុស្សាវរីយ៍ឡើយ ពួកគេត្រូវការជំនួយជាបន្ទាន់ក្នុងពេលឥឡូវនេះ មិនមែនបន្ទាប់ពីសន្និសីទសារព័ត៌មាន មិនមែនបន្ទាប់ពីការប្រជុំ និងការវាយតម្លៃម្តងហើយម្តងទៀតទេ។

បន្ថែមលើនោះ ពលរដ្ឋខាងលើបានស្ដីបន្ទោសលោកអនុទីនថា រដ្ឋាភិបាលត្រូវតែឈប់ទុកឲ្យប្រជាជន «ទាយដោយខ្លួនឯង» ថាតំបន់ណាមានសុវត្ថិភាព ឬមិនមានសុវត្ថិភាព។ ប្រជាជនរាប់មិនអស់កំពុងប្រឈមមុខនឹងកាលៈទេសៈស្លាប់រស់ ប៉ុន្តែអ្វីដែលពួកគេទទួលបានគឺភាពស្ងៀមស្ងាត់ ការពន្យារពេល និងការរំពឹងទុកថាអាជ្ញាធរមូលដ្ឋាននឹងដោះស្រាយអ្វីៗបានដោយខ្លួនឯងក្នុងពេលឆាប់ៗប៉ុណ្ណោះ។
គួរជម្រាបថា ក្នុងពេលបច្ចុប្បន្នខេត្តភាគខាងត្បូងរបស់ថៃមួយចំនួនកំពុងជួបប្រទះនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេលរាប់ទសវត្សន៍មកហើយ។ ជាក់ស្ដែងខេត្តសុងក្លា ជាកន្លែងរងគ្រោះខ្លាំងជាងគេ ជាពិសេសស្រុក Hat Yai ដែលប្រជាពលរដ្ឋកំពុងរងទុក្ខ អ្នកខ្លះជាប់ក្នុងផ្ទះស្រែកសុំឲ្យគេជួយ ប៉ុន្តែគ្មាននរណាអើពើ សូម្បីក្រុមសង្គ្រោះក៏មិនអាចជួយបានព្រោះតែស្ថានភាពធ្ងន់ធ្ងរពេក។
ស្ថានភាពទឹកជំនន់ដែលបន្តកើនឡើងមិនថមថយ និងភាពយឺតយ៉ាងក្នុងការរកដំណោះស្រាយជួយសង្គ្រោះប្រជាជន ក៏ដូចជាដើម្បីរំដោះទឹកដូចខាងលើនេះ បានជំរុញឲ្យប្រជាពលរដ្ឋនាំគ្នាស្ដីបន្ទោសថា រដ្ឋភិបាលរបស់ខ្លួនសព្វថ្ងៃគ្មានបានការ ដោយសារអស់រយៈពេលរាប់ខែមកហើយបានត្រឹមតែមកថតរូបសេលហ្វ៊ី ផ្ដល់អំណោយបន្តិចបន្តួច រួចក៏ជិះឧទ្ធម្ភាគចក្រត្រឡប់ទៅវិញ ខណៈមនុស្សរាប់លាននាក់នៅតែរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ៕










