ប្រទេសថៃ ៖ ស្ថានការណ៍ទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លារបស់ថៃពុំទាន់ធូរស្រាលទេ ដោយសារកម្ពស់ទឹកកើនឡើងខ្លាំងមិនឈប់ឈរធ្វើឱ្យពលរដ្ឋថៃជាប់លើដំបូលផ្ទះជាច្រើនថ្ងៃ គ្មានអាហារ គ្មានទឹកផឹក ខណៈខ្លះទៀតជាប់ក្នុងអគារចេញមិនរួច បានត្រឹមតែរង់ចាំការជួយសង្គ្រោះ ។ ទឹកជំនន់បានវាយប្រ.ហារខេត្តសុងក្លាភ្លាមៗបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ជាពិសេស ស្រុកហាតយៃលិចធ្ងន់ធ្ងរ ទឹកហក់ឡើងដល់ដំបូលអគារ រីឯតំបន់ខ្លះលិចដល់អគារជាន់ទី២ ។ នៅថ្ងៃទី២៥ ខែវិច្ឆិកា មានហេតុការណ៍ភ្លើងឆេះអគារពាណិជ្ជកម្មជាន់លើមួយកន្លែងនៅស្រុកហាតយៃ ខណៈជាន់ក្រោមកំពុងលិចទឹកជំនន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq-ZlkdEfqCy6KSEHn9Y-LoBEsF3Du1f3dV3CCaOEXjNYGyxkZkOyo8MenEqRvxx_JWkodwSBfl5SkU7Yb6ZuOfHE8AB9sRwUisgcf3tPIuoQNcBpH6eciZGm4OC76tGbEvKidN5au8ajFgkdCd1HmLQ36Lhf12sOOR8xmHRGIrsuJ5zrpbuSJgYolK9Lo/s1280/photo_2025-11-25_11-59-11%20(2).jpg
នាវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ហ្វេសប៊ុកផេកឈ្មោះ «Fire & Rescue Thailand» បានបង្ហោះរូបភាពភ្លើងឆេះអគារពាណិជ្ជកម្មជាន់លើមួយកន្លែងនៅស្រុកហាតយៃ ខេត្តសុងក្លា ខណៈជាន់ក្រោមកំពុងលិចទឹកជំនន់ និងអំពាវនាវសុំការជួយសង្គ្រោះជាបន្ទាន់ ដែលអគារនេះស្ថិតនៅម្តុំផ្លូវបំបែកជា៤ ។ ជំហ៊ានដំបូង ភ្នាក់ងារពន្លត់ភ្លើងជាច្រើនក្រុមបានជួយពន្លត់ភ្លើង និងជម្លៀសពលរដ្ឋដែលជាប់ក្នុងអគារក្បែរនោះ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២៥ ខែវិច្ឆិកា អគារពាណិជ្ជកម្មដែលត្រូវភ្លើងឆេះជាន់លើ និងជាន់ក្រោមកំពុងលិចទឹក គឺស្ថិតនៅទីរួមស្រុកហាតយៃ ដែលជាទីប្រជុំជន និងតំបន់សេដ្ឋកិច្ចដ៏សំខាន់នៅខេត្តសុងក្លា ។ ហេតុការណ៍នេះធ្វើឱ្យអាជ្ញាធរ និងពលរដ្ឋក្បែរនោះភ័យស្លន់ស្លោយ៉ាងខ្លាំង ដោយស្រែកឱ្យភ្នាក់ងារពាក់ព័ន្ធមកជួយសង្គ្រោះជាបន្ទាន់ កុំឱ្យភ្លើងឆេះរាលដាលខ្លាំងជាងនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgXmucB_QSUqffbG4613JeOY61R5axGybUz6owEMzhYDcvzJ-1FKRpbe16hlbVm5UKkhQMRF2mO5PFG_rLlRxABXMnaYLrFjGx9xUuwk_iA5BnltiwlxdDTnG6ZLgVVDxo9L7oX4x8MQ-QeGoJ_PsGm6ki-26mzeXlt303fAxu938wanLA7F4N2Afk9Pyp/s1280/photo_2025-11-25_11-59-11.jpg
ជាន់ក្រោមនៃអគារពាណិជ្ជកម្មបានលិចទឹកជំនន់ជាច្រើនថ្ងៃហើយ ស្រាប់តែនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ក៏មានភ្លើងឆេះជាន់លើបន្ថែមទៀត ។ ភ្លើងឆេះអគារយ៉ាងឆាប់រហ័សធ្វើឱ្យភ្នាក់ងារពន្លត់ភ្លើងពិបាកជួយអន្តរាគមន៍ ស្របពេលកម្ពស់ទឹកហក់ឡើងខ្លាំង ដែលត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ។ ទោះយ៉ាងណា ភ្នាក់ងារពន្លត់ភ្លើងបានព្យាយាមពន្លត់ភ្លើងយ៉ាងលំបាកដើម្បីគ្រប់គ្រងស្ថានការណ៍ភ្លាមៗ ។

គួរបញ្ជាក់ថា ខេត្តភាគខាងត្បូងជាច្រើនរបស់ថៃបានលិចលង់យ៉ាងខ្លាំងរហូតដល់ដំបូលអគារ ដែលពុំធ្លាប់កើតឡើងក្នុងប្រវត្តិសាស្ត្រ ដូចជា ៖ ខេត្តសុងក្លា ប៉ាត់តានី សាទូន និងយ៉ាឡា ដោយសារបម្រែបម្រួលអាកាសធាតុបណ្តាលឱ្យភ្លៀងធ្លាក់ជាច្រើនថ្ងៃ និងនៅតែបន្តធ្លាក់ រហូតដល់ឈានទៅប្រកាសអាសន្នកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឱ្យពលរដ្ឋក្នុងខេត្តទាំងនេះជម្លៀសចេញជាបន្ទាន់ ពីព្រោះកម្ពស់ទឹកនឹងកើនឡើងខ្លាំងជាងមុនទ្វេដង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPe1zMty0NMCJtb65-a-pYLWyJop43lltc0rpuCO5iqlR69pE1aQlspkMAhq1Mn0x-TrylZrdBQP21swnK7IGpJy-Xwo7S-5dsSX5N6rSWn-8B-ziLfzbrIgNbAnz_SuqG0p1BCCXYVERp41ORlA6OERN11qbkoAiRQRqpx5tjI0V9SDaz1mRfPJpwyur1/s761/588561620_1389730543170986_5899971718680975019_n.jpg
គ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះធ្វើឱ្យរដ្ឋាភិបាលថៃឈឺក្បាលយ៉ាងខ្លាំង ខណៈមានបញ្ហាប្រឈមជាច្រើនដោះស្រាយមិនចេញ ។ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននាំកម្លាំងមកពិនិត្យមើលទឹកជំនន់នៅខេត្តសុងក្លា និងចែកអំណោយឱ្យពលរដ្ឋរងគ្រោះ ប៉ុន្តែពលរដ្ឋខេត្តសុងក្លាសុំឱ្យនាយករដ្ឋមន្ត្រីប្រញាប់ជម្លៀសពួកគេចេញពីតំបន់គ្រោះថ្នាក់ មិនមែនគ្រាន់តែមកសួរសុខទុក្ខ និងថតរូបបង្ហោះទេ ។ ពួកគេបន្ទោសថា រដ្ឋាភិបាលទុកពលរដ្ឋចោលឱ្យប៉ាន់ស្មានស្ថានការណ៍ទឹកជំនន់ដោយខ្លួនឯង ពេលនេះ ពលរដ្ឋកំពុងប្រឈមនឹងកាលៈទេសៈស្លាប់រស់ ប៉ុន្តែបែរជារដ្ឋាភិបាលស្ងៀមស្ងាត់ និងពន្យារពេល ។

ស្ថានការណ៍ទឹកជំនន់ដែលបន្តកើនឡើងមិនឈប់ឈរ និងភាពយឺតយ៉ាវក្នុងការរកដំណោះស្រាយជួយសង្គ្រោះពលរដ្ឋ ក៏ដូចជាវិធានការរំដោះទឹក បានជំរុញឱ្យពលរដ្ឋថៃខកចិត្តនឹងរដ្ឋាភិបាលរបស់ខ្លួនគ្មានបានការ បានត្រឹមតែមកថតរូបសេលហ្វីបង្ហោះក្នុងបណ្តាញសង្គម និងផ្ដល់អំណោយបន្តិចបន្តួច រួចក៏ជិះឧទ្ធម្ភាគចក្រត្រឡប់ទៅទីក្រុងបាងកកវិញ ខណៈពលរដ្ឋទាំងអស់នៅតែរងទុក្ខវេទនាស្ទើរស្លាប់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb12rYXYg-9DlxADgjIIWaDTdKIB9doPE57MAgoL8KBnipz5-z8KV-2_2GXkNi0nRtevYwqZ7eELwjHALhNrQUZSVJh95Z-M0JTynxYuuZNPpe4fmrx7FDWa1lZ_FmgnuNOSKdIBi26U_qlCyHidSFqHGB8uWFBGzcu-EkpBnbiJCTBPP4SQRc6loBHrOw/s761/587277087_1389730539837653_2330917254241168296_n.jpg