ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ គណបក្សភឿថៃបានថ្កោលទោសលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដែលបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា និងនិយាយគ្មានគិតពិចារណាធ្វើឱ្យថៃបាត់បង់មិត្តមហាអំណាច គឺអាមេរិកបានផ្អាកការចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ ។ ពេលនេះ ថៃមិនត្រឹមតែបាត់បង់មិត្តមហាអំណាចទេ ថៃបានបាត់បង់ប្រាក់ចំណូលសេដ្ឋកិច្ចរហូតដល់រាប់លានបាតក្នុង១ឆ្នាំ ផលប៉ះពាល់នេះនឹងធ្លាក់មកលើពលរដ្ឋទូទាំងប្រទេស រដ្ឋាភិបាលថៃគ្រប់គ្រងប្រទេសគ្មានប្រសិទ្ធភាព ។
ក្រោយពីកងទ័ពថៃប្រើល្បិចចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួសនៅព្រំដែនខេត្តស៊ីសាកេត លោកនាយករដ្ឋមន្ត្រី Anutin ក៏បានប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព បញ្ចប់ការចរចាជាមួយកម្ពុជា និងទាមទារឱ្យកម្ពុជាសូមទោសពលរដ្ឋថៃរឿងគ្រាប់មីន ទើបថៃបន្តកិច្ចព្រមព្រៀងឡើងវិញ ទាំងដែលកម្ពុជាមិនបានបង្កប់មីនថ្មីឡើយ ។ នាយករដ្ឋមន្ត្រីថៃថា កម្ពុជាគ្មានឱកាសរកសន្តិភាពទៀតទេ ហើយលោកមិនចាប់អារម្មណ៍នឹងអាមេរិកដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ឡើយ បើមិនអាចនាំចេញទំនិញទៅអាមេរិក ថៃនឹងរកទីផ្សារថ្មី ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញឱ្យរដ្ឋាភិបាលថៃគោរពកិច្ចព្រមព្រៀងសន្តិភាពបន្តទៀត ប៉ុន្តែនាយករដ្ឋមន្ត្រីថៃបែរជាទម្លាក់កំហុសលើកម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាពដោយសារបង្កប់មីនថ្មី បើចង់ឱ្យថៃគោរពកិច្ចព្រមព្រៀងនេះ លុះត្រាតែកម្ពុជាយល់ព្រមសូមទោសពលរដ្ឋថៃរឿងគ្រាប់មីន បើទោះជាកម្ពុជាមិនបានបង្កប់ក្តី ។ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃនៅតែលាបពណ៌កម្ពុជា មន្ត្រីពាណិជ្ជកម្មអាមេរិកក៏បានជូនដំណឹងមកថៃកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ថា អាមេរិកសម្រេចផ្អាកចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ ។
សង្គមថៃ រួមទាំងអ្នកនយោបាយបានស្តីបន្ទោសលោកនាយករដ្ឋមន្ត្រី Anutin និយាយគ្មានគិតពិចារណា គឺនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែអាមេរិកផ្អាកចរចាពន្ធទំនិញជាមួយថៃភ្លាម ដែលធ្វើឱ្យថៃបាត់បង់មិត្តមហាអំណាច និងបាត់បង់ចំណូលសេដ្ឋកិច្ចរាប់លានបាតក្នុង១ឆ្នាំ ។ ក្រោយពីសង្គមថៃរិះគន់ខ្លាំងពេក លោក Anutin ក៏និយាយលាងទោសកំហុសរបស់ខ្លួនថា លោកប្រធានាធិបតី Trump បានផ្តាំផ្ញើតាមរយៈលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ថា មិនផ្អាកការចរចាពន្ធទំនិញជាមួយថៃទេ អាមេរិកយល់ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។
លោក Suksit Srichomkwan អ្នកនាំពាក្យគណបក្សភឿថៃ បាននិយាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ពីអាមេរិកផ្អាកចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ថាការដឹកនាំរបស់រដ្ឋាភិបាលថៃបច្ចុប្បន្នធ្វើឱ្យប្រទេសខាតបង់ប្រាក់ចំណូលសេដ្ឋកិច្ច បាត់បង់អធិបតេយ្យ និងបាត់មិត្តមហាអំណាច ។ ផ្ទុយពីគណបក្សភឿថៃ ដែលការពារអធិបតេយ្យ និងអនុវត្តការទូតទាំងទ្វេភាគី ពហុភាគី ដើម្បីឱ្យប្រទេសនានាជឿជាក់ថៃតាមរយៈការអនុវត្តយុទ្ធសាស្ត្រ «យកពិភពលោកមកដាក់សម្ពាធកម្ពុជា» ។
ការដឹកនាំប្រទេសរបស់រដ្ឋាភិបាលថៃបច្ចុប្បន្នខុសពីគណបក្សភឿថៃ ដោយលោក Anutin និយាយគ្មានគិតពិចារណា គ្មានភាពចាស់ទុំ ធ្វើឱ្យពិភពលោកលែងមានទំនុកចិត្តលើថៃ ថៃថែមទាំងទាត់ចោលមិត្តមហាអំណាចអាមេរិក មិនចរចាការទូត ។ គណបក្សភឿថៃបានសំណូមពរតាំងពីដំបូងឱ្យរដ្ឋាភិបាលថៃប្រញាប់ទាក់ទងទៅមហាអំណាចអាមេរិក និងចិន ដែលប្រទេសទាំងពីរបានជំរុញសន្តិភាពកម្ពុជា-ថៃ ដើម្បីចោទប្រកាន់កម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាព ហើយជំរុញឱ្យពិភពលោកដាក់សម្ពាធកម្ពុជា ដូចដែលថៃធ្លាប់អនុវត្តកន្លងមក ។
អ្នកនាំពាក្យគណបក្សភឿថៃបន្តថា ការដឹកនាំប្រទេសគ្មានប្រសិទ្ធភាពធ្វើឱ្យថៃធ្លាក់ចូលក្នុងសភាព «លេបមិនចូលមាត់ ស្តោះមិនចេញ» ពីព្រោះក្រៅពីប្រឈមមុខជាមួយកម្ពុជាហើយ ថៃត្រូវរងការដាក់សម្ពាធពីអាមេរិកទៀត ។ លើសពីនេះ ការខាតបង់ចំណូលសេដ្ឋកិច្ចរាប់លានបាតក្នុង១ឆ្នាំបានធ្លាក់មកលើពលរដ្ឋថៃទូទាំងប្រទេស ដោយសារពាក្យសម្តីឥតប្រយោជន៍របស់លោក Anutin ដែលថាមិនខ្វល់ពីអាមេរិកដំឡើងពន្ធទំនិញ ។
គួរបញ្ជាក់ថា តាមការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន គឺថៃមានគម្រោងធ្វើពាណិជ្ជកម្មជាមួយប្រទេសរុស្ស៊ី ប្រសិនបើរាំងស្ទះពាណិជ្ជកម្មជាមួយអាមេរិក ។ ប៉ុន្តែប្រធានាធិបតីអាមេរិកមានគម្រោងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសណាដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីដោយដំឡើងពន្ធទំនិញរហូតដល់៥០០% ពីព្រោះអាមេរិកចាត់ទុកប្រទេសនោះគាំទ្រឱ្យរុស្ស៊ីបន្តសង្គ្រាមជាមួយអ៊ុយក្រែន ។ បើថៃធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីមែននោះ ថៃនឹងជួបផលវិបាកធ្ងន់ធ្ងរមិនខាន ដោយសារលោកប្រធានាធិបតី Trump នឹងដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ខ្លាំង ៕










