ថ្មីៗនេះអាកប្បកិរិយាជនជាតិថៃដែលបង្ហាញទៅកាន់ ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយបង្កឱ្យមានរិះគន់ជាច្រើនជាសាធារណៈ ។ ស្រដៀងគ្នានេះតារាម៉ូដែល ធីតា ទើបតែទម្លាយថានាងត្រូវបានមនុស្សមួយក្រុមឈរសម្លក់មិនដាក់ភ្នែកពេលនាងបង្ហាញឈុតប្រពៃណីខ្មែរ។ នេះបង្ហាញឱ្យពិភពលោកកាន់តែឃើញថាជនជាតិថៃមួយចំនួនមានចិត្តច្រណែននិន្ទាមកខាងកម្ពុជា។

កាលពីរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ហ្វីយ៉ាតា បានស្លៀកឈុតពណ៌ក្រហមយ៉ាងស្រស់ស្អាតដើរចេញពីកន្លែងស្នាក់នៅដើម្បីចូលរួមអាហារពេលល្ងាចដោយមានអ្នកគាំទ្ររួមទាំងក្រុម Media ជាច្រើនឈរត្រៀមត្រាស្វាគមន៍បវរកញ្ញា។ ទោះជាយ៉ាងណា នារីម្នាក់ដែលកាន់ទង់ជាតិថៃបានបង្ហាញឥរិយាបថពេបជ្រាយមកកាន់អ្នកតំណាងកម្ពុជា ធ្វើឱ្យមានមតិរិះគន់យ៉ាងច្រើនទៅកាន់ជនជាតិថៃរូបនេះ។ មិនត្រឹមតែល្បីក្នុងប្រទេសកម្ពុជានិងថៃប៉ុណ្ណោះទេប៉ុន្តែវីដេអូដែលថៃពេបជ្រាយមកកាន់ ហ្វីយ៉ាតា បានរីកដុះដាលទៅកាន់ប្រទេសជាច្រើនព្រមទាំងបង្ហាញពីអាកប្បកិរិយាមិនល្អនៃប្រជាជនជាម្ចាស់ផ្ទះ។
លើសពីនេះអ្នកមួយចំនួនថែមទាំងលើកឡើងពីពាក្យសម្តីផ្លែផ្កាជនជាតិថៃដែលឌឺដងមកកាន់ ហ្វីយ៉ាតា កន្លងមកនេះថាជាទឹកដីស្នាមញញឹម ដោយបង្ហាញថានេះហើយជាស្នាមញញឹមរបស់ថៃ ពូកែពេបជ្រាយអ្នកដទៃ។
មិនត្រឹមតែ ហ្វីយ៉ាតា ប៉ុណ្ណោះទេដែលរងការពេកជ្រាបពីជនជាតិនេះថ្មីៗនេះតារាម៉ូដែល ធីតា ហៅ Feng yuu ក៏ទម្លាយរឿងហេតុពីក្រោយឆាកត្រូវបានជនជាតិមួយក្រុមឈរសម្លក់នាងមិនដាក់ភ្នែកអំឡុងពេលនាងបង្ហាញឈុតប្រពៃណីជាតិខ្មែរនៅក្នុងកម្មវិធី Face of Asia 2025 នៅឯប្រទេសកូរ៉េខាងត្បូង។
ទង្វើអស់ទាំងនេះកាន់តែបង្ហាញមុខមាត់ពិតរបស់ផ្ទះលេខ២ថាជាប្រទេសបែបណា និង បញ្ជាក់ទៅកាន់ពិភពលោកថាថៃគឺពូកែច្រណែននិន្ទារករឿងគ្រប់សព្វមកលើកម្ពុជាមិនថាវិស័យនយោបាយ ឬវិស័យបវរកញ្ញា៕










