ប្រទេសថៃ ៖ បន្ទាប់ពីកម្ពុជា-ថៃអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពមិនយូរប៉ុន្មាន ភាគីថៃក៏ប្រឌិតរឿងកងទ័ពខ្លួនជាន់មីននៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ដើម្បីយកលេសឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងចាប់ផ្តើមបង្កជម្លោះ លាបពណ៌កម្ពុជាជាថ្មី ។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបញ្ជាឱ្យក្រសួងការពារជាតិ និងក្រសួងការបរទេសឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាព បញ្ឈប់ការចរចា និងបើកដៃឱ្យកងទ័ពចាត់ការរឿងព្រំដែន ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat និយាយនៅថ្ងៃទី១១ ខែវិច្ឆិកាថា លោកនាយករដ្ឋមន្ត្រី Anutin សោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍កងទ័ពថៃជាន់មីនរងរបួសនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ។ លោកបញ្ជាឱ្យក្រសួងការពារជាតិ និងក្រសួងការបរទេសឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ហើយងាកមកបង្កើនវិធានការសន្តិសុខតាមព្រំដែន និងការពារសុវត្ថិភាពពលរដ្ឋ ។
លោក Siripong បាននិយាយពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ ថា ក្រុមប្រឹក្សាសន្តិសុខជាតិសម្រេចឱ្យស្ថាប័នពាក់ព័ន្ធ រួមមាន ៖ ក្រសួងការពារជាតិ និងក្រសួងការបរទេសឈប់អនុវត្តតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព (Joint Declaration) ដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រហូតដល់ស្ថានការណ៍ធូរស្រាល ។ នាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យក្រសួងការពារជាតិរឹតបន្តឹងវិធានការកងទ័ពដើម្បីការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋនៅព្រំដែន ។
ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យក្រសួងការបរទេសចាត់វិធានការការទូតឱ្យពិភពលោកយល់ពីមូលហេតុដែលថៃឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាព ជាពិសេស បណ្តាប្រទេសសង្កេតការណ៍ ព្រមទាំងបញ្ជាឱ្យក្រសួងមហាផ្ទៃជូនដំណឹងទៅពលរដ្ឋនៅខេត្តជាប់ព្រំដែនទាំង៧ ត្រៀមខ្លួនពេលកើតហេតុការណ៍បន្ទាន់ ខណៈក្រសួងអប់រំត្រូវបង្ហាត់កូនសិស្សឱ្យត្រៀមខ្លួន ។ រីឯក្រសួងសុខាភិបាលក៏ត្រៀមខ្លួនដែរ ករណីពលរដ្ឋនៅខេត្តជាប់ព្រំដែនមានបញ្ហា គឺត្រៀមគ្រូពេទ្យ និងការពារមន្ទីរពេទ្យឱ្យរងផលប៉ះពាល់តិចតួចបំផុត ជាពិសេស ការជម្លៀសអ្នកជំងឺ ។
គួរបញ្ជាក់ថា ថៃបានសម្តែងល្ខោនរឿងកងទ័ពជាន់មីនដើម្បីទម្លាក់កំហុស និងលាបពណ៌កម្ពុជាពេលស្ថានការណ៍ស្ងប់ស្ងាត់ ដែលការសម្តែងល្ខោននេះដើម្បីយកលេសមិនដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដែលកងទ័ពថៃចាប់ខ្លួនដោយខុសច្បាប់ និងឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាព ជាការផ្តួចផ្តើមគំនិតដោយប្រធានាធិបតីអាមេរិក លោក Donald Trump ។ ពលរដ្ឋថៃបន្ទោសនាយករដ្ឋមន្ត្រីរបស់ខ្លួនដែលចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ទាំងដែលកងទ័ពថៃពុំទាន់ដណ្តើមបានទឹកដីកម្ពុជានៅឡើយ ហើយការឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទទួលបានការសាទរយ៉ាងខ្លាំងពីសង្គមថៃ ។
ថៃមិនដោះលែងវីរកងទ័ពកម្ពុជា យើងគួរទុកឱ្យសហគមន៍អន្តរជាតិជួយតាមដានទង្វើរបស់ថៃ ពីព្រោះថៃកែប្រែពាក្យសម្តីរហូតមក ម្តងថាដោះលែង ម្តងមិនដោះលែង ថៃដាក់លក្ខខណ្ឌអស់ពីមួយ ចូលលក្ខខណ្ឌមួយទៀត ពេលកម្ពុជាអនុវត្តតាមលក្ខខណ្ឌ ថៃក៏ប្រឌិតរឿងកងទ័ពជាន់មីន ដោយពួកគេបានប្រើគ្រប់ល្បិច ។ យើងត្រូវរួមគ្នាអំពាវនាវឱ្យសហគមន៍អន្តរជាតិដឹងឮ ជាពិសេស ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីជួយអន្តរាគមន៍ឱ្យថៃដោះលែងវីរកងទ័ពកម្ពុជាជាបន្ទាន់ និងឱ្យថៃគោរពកិច្ចព្រមព្រៀងសន្តិភាព ៕










