ទីក្រុងបាងកក៖ លោក ប៊ុនស៊ីន ផាត់ក្លាង អតីតមេទ័ពភូមិភាគ២ បាននិយាយលាងខ្លួន និងបង្វែរសាច់រឿងឡើងវិញ ក្រោយពីគណៈកម្មាធិការកិច្ចការយោធា និងសន្តិសុខរដ្ឋនៃព្រឹទ្ធសភាថៃបានកោះហៅឲ្យចូលខ្លួនមកបំភ្លឺអំពីការលើកឡើងរបស់ខ្លួន ទាក់ទងនឹងបទបញ្ជាអាថ៌កំបាំងពីថ្នាក់លើឲ្យលោកបញ្ឈប់ការប្រយុទ្ធជាមួយកម្ពុជា ដែលឥឡូវនេះកំពុងធ្វើឲ្យពលរដ្ឋថៃខឹ.ងសម្បារជាខ្លាំង។
យោងតាមសារព័ត៌មាន The Nation នៅថ្ងៃទី១០ ខែវិច្ឆកា បានឲ្យដឹងថា លោក Somjate Boonthanom ប្រធានគណៈកម្មាធិការកិច្ចការយោធា និងសន្តិសុខរដ្ឋនៃព្រឹទ្ធសភាថៃបាននិយាយថា លោក ប៊ុនស៊ីន ផាត់ក្លាង នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំសង្ខេបមួយ ដើម្បីបកស្រាយពីអ្វីដែលខ្លួនបានលើកឡើងជាសាធារណៈកាលពីថ្ងៃសៅរិ៍ ជុំវិញអ្វីដែលលោកហៅថា «បទបញ្ជាឈប់បា.ញ់សម្ងាត់» ពីថ្នាក់លើអាថ៌កំបាំងម្នាក់ ដែលបញ្ជាឱ្យលោកឈប់ប្រយុទ្ធត្រឹមតែប្រាំមួយម៉ោងបន្ទាប់ពីការប៉ះទង្គិចគ្នាលើកដំបូងកាលពីថ្ងៃទី 24 ខែកក្កដា។
ការហៅលោក ប៊ុនសុីន មកបំភ្លឺដូច្នេះ គឺដើម្បីបកស្រាយបញ្ជាក់ថាតើវាជាការពិតឬយ៉ាងណា ព្រោះឥឡូវនេះមហាជនថៃជាច្រើនកំពុងមានការខឹ.ងសម្បារនឹងបុគ្គលរូបនោះយ៉ាងខ្លាំង ដោយពួកគេចង់ដឹងច្បាស់ថា តើថ្នាក់លើដែលបញ្ជាឲ្យលោក ប៊ុនសុីន ឈប់ប្រយុទ្ធជាមួយកម្ពុជានោះគឺជាអ្នកណា? ហេតុអ្វីចង់បញ្ឈប់វិរៈបុរសរបស់ពួកគេពីការការពារអធិបតេយ្យជាតិបែបនេះ?
លោក Somjate បានបញ្ជាក់ថាគោលដៅរបស់គណៈកម្មាធិការដែលកោះហៅលោក ប៊ុនសុីន មកបំភ្លឺ គឺដើម្បីធានាបាននូវតម្លាភាព លាតត្រដាងការពិត និងការពារការភាន់ច្រឡំក្នុងចំណោមសាធារណជន ខណៈការអះអាងណាមួយដែលទាក់ទងនឹងបញ្ជាការយោធាក្នុងអំឡុងពេលប្រតិបត្តិការសកម្មគឺមានភាពរសើបខ្លាំង ហើយអាចប៉ះពាល់ដល់សន្តិសុខជាតិ។
ក្រោយត្រូវបានសួរនាំដេញដោល អតីតមេភូមិភាគ២បែរជាក្រឡាស់សម្ដីថា ខ្លួនមិនទទួលបញ្ជាពីនរណាឡើយ ហើយប្រាប់ទៅពលរដ្ឋថៃឲ្យបំភ្លេចអតីតកាល រួមទាំងអ្វីដែលលោកបាននិយាយចោលទៅ ដោយផ្តោតលើតែបច្ចុប្បន្ន និងអនាគត ជាជាងការគិតអំពីព្រឹត្តិការណ៍ការប៉ះទង្គិចគ្នាតាមព្រំដែនកាលពីខែកក្កដាកន្លងទៅអី នាំតែស្មុគស្មាញនិងមិនសប្បាយចិត្ត។
ការនិយាយបាតដៃ ខ្នងដៃរបស់ ប៊ុនសុីន ផាត់ក្លាង បង្ហាញថាអតីតមេទ័ពល្មោ.ភសង្រ្គា.មរូបនេះ ហាក់កំពុងព្យាយាមទាញយកប្រជាប្រិយភាពពីប្រជាពលរដ្ឋថៃ ឲ្យចាត់ទុកខ្លួនគឺជាកំពូលមេទ័ពដ៏ខ្លាំងក្លាមួយរូប ខណៈទម្លាក់កំហុសទាំងស្រុងទៅលើរដ្ឋាភិបាលខ្លួនតាមរយៈការប្រកាសដោយគ្មានមូលដ្ឋានច្បាស់លាស់៕










