ប្រទេសថៃ ៖ ក្រោយពីថៃប្រឌិតរឿងកងទ័ពជាន់មីនបណ្តាលឱ្យរងរបួសពេលដើរល្បាតនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ប្រកាសថា ថៃនឹងមិនបន្តសុពលភាពប័ណ្ណការងារឱ្យពលករខ្មែរជិត១សែននាក់ទេ ពីព្រោះបារម្ភពីអសន្តិសុខ និងឧក្រិដ្ឋ.កម្មឆ្លងដែន ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការងារថៃត្រៀមបន្តសុពលភាពប័ណ្ណការងារឱ្យពលករមកពី៣ប្រទេសធ្វើការនៅថៃបន្ត មុនពេលបណ្តេញពលករខ្មែរ ។
រដ្ឋមន្ត្រីក្រសួងការងារថៃ អ្នកស្រី Trinuch Thienthong នឹងដាក់លិខិតទៅគណៈរដ្ឋមន្ត្រីដើម្បីបន្តសុពលភាពប័ណ្ណការងារពលករមកពីប្រទេសវៀតណាម មីយ៉ាន់ម៉ា និងឡាវ ដើម្បីឱ្យធ្វើការនៅថៃដោយស្របច្បាប់ រីឯពលករខ្មែរដែលមានប័ណ្ណការងារផុតសុពលភាព ក្រសួងការងារថៃនឹងពិភាក្សាជាមួយស្ថាប័នសន្តិសុខ មុនពេលបណ្តេញចេញពីប្រទេសថៃ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Reporters នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
នាថ្ងៃទី១១ ខែវិច្ឆិកា នៅវិមានរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងការងារ អ្នកស្រី Trinuch បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីចំណាត់ការលើពលករខ្មែរនៅថៃ ក្រោយពីថៃប្រឌិតរឿងកងទ័ពជាន់មីនដាច់ជើងនិងរងរបួសនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ថា ហេតុការណ៍កងទ័ពថៃជាន់មីនបានប៉ះពាល់ដល់ពលករខ្មែរ ជាពិសេស ពលករខ្មែរធ្វើការផ្នែកកសិកម្ម ។ យើងនឹងស្វែងរកពលករវៀតណាម មីយ៉ាន់ម៉ា និងឡាវ មកធ្វើការជំនួសពលករខ្មែរនៅកន្លែងខ្វះខាត ដោយមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១១នេះ ។
អ្នកស្រីបន្តថា ការបណ្តេញពលករខ្មែរចេញពីប្រទេសថៃ គឺពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់ស្ថាប័នជាច្រើន ជាពិសេស ស្ថាប័នសន្តិសុខ ដែលត្រូវពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។ ពេលនេះ យើងត្រៀមបន្តសុពលភាពប័ណ្ណការងារពលករវៀតណាម មីយ៉ាន់ម៉ា និងឡាវ ដើម្បីធ្វើការនៅថៃបន្ត ខណៈការងារផ្នែកកសិកម្មនឹងរងផលប៉ះពាល់ ជាពិសេស ការងារកាត់ដើមអំពៅ ដោយសារពលករខ្មែរភាគច្រើនធ្វើការក្នុងផ្នែកនេះ រីឯការងារនេសាទមិនប៉ះពាល់ទេ ។
បច្ចុប្បន្ន ពលករខ្មែរធ្វើការនៅថៃស្មើជិត១សែននាក់ ក្នុងនោះពលករខ្មែរប្រមាណ៩ម៉ឺននាក់ធ្វើការស្របច្បាប់ ប៉ុន្តែប័ណ្ណការងារផុតសុពលភាពដោយសារបិទច្រកព្រំដែន ទើបធ្វើឱ្យពួកគេមិនអាចធ្វើដំណើរទៅប្រទេសវិញ ក្រសួងការងារថៃនឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ រួមទាំងស្ថាប័នសន្តិសុខ មុនពេលបណ្តេញពលករខ្មែរដែលមានប័ណ្ណការងារផុតសុពលភាព ។ លោកនាយករដ្ឋមន្ត្រី Anutin គាំទ្រចំណាត់ការរបស់ក្រសួងការងារក្នុងការស្វែងរកពលករមកពីប្រទេសផ្សេងៗ ព្រមទាំងយកជនភៀសសឹកមីយ៉ាន់ម៉ាជាង៤ម៉ឺននាក់មកធ្វើការជំនួសពលករខ្មែរ ។
គួរបញ្ជាក់ថា ថៃបានប្រឌិតរឿងកងទ័ពជាន់មីននៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ដើម្បីធ្វើលេសផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ហើយថៃក៏យកហេតុការណ៍ជាន់មីនជាមូលហេតុមិនដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប និងរាលដាលដល់ពលករខ្មែរ ។ ការប្រកាសមិនអនុវត្តកិច្ចព្រមព្រៀងសន្តិភាព គឺបង្ហាញពីចរិតរបស់ថៃ ដែលតែងតែមិនស្មោះត្រង់ ក្រឡាស់ពាក្យសម្តី ចោទប្រកាន់ អស់ពីលេសមួយ ចូលលេសមួយទៀតរាប់មិនអស់ ៕










