ប្រទេសថៃ ៖ ទោះជាកម្ពុជា-ថៃបានចុះកិច្ចព្រមព្រៀងសន្តិភាពដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សីកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ប៉ុន្តែអ្នកនយោបាយ និងពលរដ្ឋថៃនៅព្រំដែនមិនពេញចិត្តនឹងកិច្ចព្រមព្រៀងសន្តិភាពនេះ និងទាមទារយកប្រាសាទតាក្របីរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងទ័ព ។ ពេលពលរដ្ឋថៃចង់បានប្រាសាទតាក្របីខ្លាំង មេបញ្ជាការយោធភូមិភាគ២ និយាយបំភ្លៃថា ប្រាសាទតាក្របីជារបស់ថៃ កងទ័ពថៃមានផែនការដណ្តើមយកប្រាសាទ ។

ពេលប្រគល់សម្ភារៈធ្វើផ្លូវ និងរបងតាមបណ្តោយព្រំដែនកម្ពុជា-ថៃកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគ២ លោក Weerayut Raksin និយាយបំភ្លៃថា ប្រាសាទតាក្របីជារបស់ថៃ កងទ័ពថៃបានរៀបចំផែនការរួចហើយដើម្បីយកប្រាសាទនេះពីកម្ពុជា ។ ការលើកឡើងរបស់មេបញ្ជាការយោធភូមិភាគ២ថៃ ស្របពេលសង្គមថៃទាមទារឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul និងកងទ័ពយកប្រាសាទតាក្របីរបស់កម្ពុជាទោះប្រើប្រាស់វិធីណាក៏ដោយ ។

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា មេបញ្ជាការយោធភូមិភាគ២ លោក Weerayut Raksin រួមទាំងកងទ័ពមួយចំនួនបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រមកកាន់វត្តប៉ាណងស៊ែង ស្ថិតនៅឃុំណងបួបាន ស្រុកណងវួសរ ខេត្តឧដនថានី ដើម្បីមកសំពះសុំពរព្រះសង្ឃថៃ១អង្គព្រះជន្ម៩០វស្សា ព្រមទាំងប្រគល់សម្ភារៈមួយចំនួន និងត្រាក់ទ័រចំនួន៣គ្រឿងសម្រាប់ការងារធ្វើផ្លូវ និងរបងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។

បន្ទាប់មក លោកបានផ្តល់សម្ភាសន៍ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា តាំងពីប្រទេសទាំងពីរដកអាវុធធុនធ្ងន់ចេញពីព្រំដែន គឺគ្មានភាពតានតឹងរវាងកងទ័ពទាំងសងខាងទេ ដោយសារអនុវត្តតាមការព្រមព្រៀង ។ កងទ័ពភូមិភាគទី២ថៃបានត្រៀមខ្លួនគ្រប់ពេលវេលា បើកម្ពុជាមិនអនុវត្តតាមការព្រមព្រៀង ដោយលោកបានបញ្ជូនលិខិតទៅកម្ពុជាដែលថា ថៃត្រៀមប្រើប្រាស់កម្លាំងដណ្តើមប្រាសាទតាក្របី ថៃមិនប្រើប្រាស់កម្លាំងកងទ័ពទេ កងទ័ពថៃបានរៀបចំផែនការរួចហើយដើម្បីយកប្រាសាទនេះ ។ រីឯការដណ្តើមយកប្រាសាទតាក្របីតាមវិធីណា គឺជារឿងសម្ងាត់របស់កងទ័ពថៃ ។ លោកក៏អរគុណពលរដ្ឋផងដែរ ដែលប្រមូលគ្នាទាមទារយកប្រាសាទតាក្របីរបស់កម្ពុជា ប៉ុន្តែត្រូវគិតពីសុវត្ថិភាព ។
ដោយឡែក កាលពីថ្ងៃទី៦ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit ក៏បាននិយាយបំភ្លៃដែរថា ប្រាសាទតាក្របីជារបស់ថៃ ថៃនឹងអនុវត្តការចរចាដោយសន្តិវិធីជាមុន ដូចជា ៖ ការដោះស្រាយបញ្ហាតាមរយៈយន្តការទ្វេភាគី ឬកិច្ចប្រជុំ JBC រីឯការប្រើប្រាស់កម្លាំងទ័ពជាវិធីចុងក្រោយ ។
កាលពីថ្ងៃទី៥ ខែវិច្ឆិកា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីគោលជំហររបស់កម្ពុជាក្នុងការគោរពយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងអំពាវនាវឱ្យភាគីថៃគោរពដូចគ្នាដែរ ដោយសាររយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មន្ត្រីថ្នាក់ដឹកនាំថៃ ទាំងរដ្ឋាភិបាល ស៊ីវិល និងយោធា បានចេញសេចក្តីអត្ថាធិប្បាយជាបន្តបន្ទាប់មិនស្របតាមស្មារតី និងខឹ្លមសារនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ គឺមន្ត្រីថៃបានអត្ថាធិប្បាយយកចំណុចមិនបានព្រមព្រៀងគ្នាក្នុងសេចក្តីថ្លែងការណ៍រួម មកធ្វើជាលក្ខខណ្ឌថ្មីៗបន្ថែមទៀត ដូចជា ៖ ទាមទារប្រាសាទតាក្របី ដោយព្រមានប្រើប្រាស់កម្លាំងយោធាដណ្តើមយក ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឱ្យភាគីថៃគោរព និងអនុវត្តឱ្យម៉ឺងម៉ាត់បំផុតនូវរាល់ខ្លឹមសារដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួម ដោយមិនត្រូវធ្វើអត្ថាធិប្បាយណាមួយនាំឱ្យមានភាពតានតឹង និងបាត់បង់ទំនុកចិត្តរវាងគ្នាដែលមិនអំណោយផលដល់ការសន្ទនាដោយសន្តិវិធី ។ កម្ពុជាសូមអំពាវនាវដល់ថៃបញ្ឈប់ការដាក់លក្ខខណ្ឌផ្សេងៗដែលមិនស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម និងការឯកភាពគ្នាក្នុងកិច្ចប្រជុំនានាក្នុងពេលកន្លងមក ៕










