ប្រទេសថៃ៖ ក្រោយទើបបញ្ជាក់ថានឹងមានការដោះលែងយោធាកម្ពុជាទាំង ១៨រូប ឲ្យធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី១២ វិច្ឆិកា ខាងមុខ ស្រាប់តែបានប៉ុន្មានម៉ោងបន្ទាប់ អ្នកនាំពាក្យកងទ័ពថៃបែរជាចេញមកកែប្រែពាក្យសំដីវិញថា ការដោះលែងនៅតែស្ថិតក្រោមការពិចារណានៅឡើយ ខណៈថៃនៅរង់ចាំកម្ពុជាអនុវត្តលក្ខខណ្ឌធំៗចំនួន ២ឲ្យបានជាមុនសិន។
.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod បានឲ្យដឹងនៅយប់ថ្ងៃព្រហស្បត្តិ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីបញ្ជាការកងទ័ពភូមិន្ទថៃ (RTA HQ) ដោយលោក Winthai Suvaree អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ បានថ្លែងថា ការធ្វើមាតុភូមិនិវត្តន៍ទាហានកម្ពុជាចំនួន ១៨នាក់ នៅតែស្ថិតក្នុងដំណាក់កាលនៃការពិចារណា និងការរៀបចំ មិនទាន់អាចកំណត់ពេលឲ្យជាក់ច្បាស់បាននោះទេ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ការដោះលែងអាចធ្វើទៅបានលុះត្រាតែលក្ខខណ្ឌចំនួន ២ចំណុច ដែលរួមមានការដកអាវុធធុនធ្ងន់ និងគ្មានការរារាំងការដោះមីនតាមព្រំដែន ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធិភាពពីសំណាក់ភាគីកម្ពុជា។
.jpg)
គួររំលឹកថា កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា សារព័ត៌មានថៃបានចុះផ្សាយព្រោងព្រាតពីការសម្រេចរបស់យោធា ថានឹងដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលខ្លួនបានចាប់ឃុំខ្លួនដោយខុសច្បាប់ នៅថ្ងៃទី១២ ខែវិច្ឆិកា តាមច្រកអន្តរជាតិបានផាកាត ខេត្តចន្ទបុរីរបស់ថៃ ត្រូវនឹងច្រកព្រំ ក្នុងខេត្តប៉ៃលិន របស់កម្ពុជា។
ប៉ុន្តែគ្រប់យ៉ាងមិនងាយស្រួលដូចការរំពឹងទុក ដោយនៅប៉ុន្មានម៉ោងក្រោយពីការប្រកាសខាងលើ អ្នកនាំពាក្យកងទ័ពថៃបានក្រឡាសសំដីថា ការដោះលែងកំពុងស្ថិតក្រោមការពិចារណាទៅវិញ ដែលជំរុញឲ្យមានការខកចិត្តយ៉ាងខ្លាំងពីសាធារណជនកម្ពុជា។
ជាការកត់សម្គាល់របស់ពលរដ្ឋកម្ពុជាទូទៅ បានចាត់ទុកការប្រកាសផ្សេងៗ រួមទាំងការចុះផ្សាយព័ត៌មានភាគច្រើនដែលមានប្រភពមកពីថៃថា មិនគួរឲ្យជឿជាក់ និងមិនអាចទុកចិត្តបាន ខណៈកន្លងមកមិនថាជាទំព័រផ្លូវការ ឬបណ្ដាញព័ត៌មានធំៗនោះទេ តែងចុះផ្សាយបំភ្លៃ ឬក្រឡាសពាក្យសំដីរបស់ខ្លួន ដដែលជាដដែល ជាក់ស្ដែងដូចជាផ្សាយអំពីការដោះលែងយោធាកម្ពុជានេះជាដើម៕










