រាជធានីភ្នំពេញ៖ ករណីផ្ទុះគ្រាប់បែ.កចង្កោមនៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋមួយគ្រួសារ នៅភូមិបង្គោលលេខ៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបណ្តាលឲ្យកុមារា អាយុ១០ឆ្នាំម្នាក់បានស្លា.ប់ និងឪពុករងរបួសធ្ងន់កាលពីថ្ងៃអាទិត្យ ទី២៦ កន្លងទៅ ត្រូវបានអាជ្ញាធរមីនបញ្ជាក់ថា គឺជាគ្រាប់បែ.កចង្កោមដែលបន្សល់ទុកដោយយោធាថៃប្រើក្នុងអំឡុងពេលនៃជម្លោះកាលពីថ្មីៗនេះ។
.jpg)
បើតាមប្រសាសន៍របស់ឯកឧត្តម លី ធុច អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជាបានលើកឡើងថា លោកមានការសោកស្ដាយយ៉ាងជ្រាលជ្រៅ ចំពោះហេតុការណ៍ផ្ទុះគ្រាប់បែកចង្កោមដែលបន្សល់ទុកពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ នាថ្មីៗនេះ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារ និងសាច់ញាតិជនរងគ្រោះរបស់កុមារា សឿន សុវណ្ណ ដែលបានបាត់បង់ជីវិត ។

ជាថ្មីម្តងទៀត ឯកឧត្តមក្នុងនាមជាអាជ្ញាធរមីន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ ព្រោះវាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។
.jpg)
ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំឲ្យប្រតិបត្តិករសកម្មភាពមីន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ បន្តធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវហានិភ័យទាំងឡាយណា ដែលអាចបង្កគ្រោះថ្នាក់ជាយកថាហេតុណាមួយដល់ប្រជាពលរដ្ឋ ជាពិសេសកុមារាកុមារី។
និងនៅចុងបញ្ចប់ ឯកឧត្តមសូមអះអាងគូសបញ្ជាក់ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការបន្តបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀត ទាំងចាស់ ទាំងថ្មី ឱ្យអស់ពីទឹកដីកម្ពុជា ដេីម្បីឆ្ពោះទៅកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្មានទុកប្រជាពលរដ្ឋណាម្នាក់បន្តរងគ្រោះ ទៀតឡើយ៕









