រាជធានីភ្នំពេញ៖ ក្នុងកិច្ចព្រមព្រៀងអាម៉េរិក-កម្ពុជា កម្ពុជាបានសម្រេចលើកលែងពន្ធគយ ១០០% លើទំនិញឧស្សាហកម្ម និង កសិកម្មរបស់អាម៉េរិក។ នេះបើយោងតាមការប្រកាសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែតុលានេះ។

តាមរយៈការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី នៅថ្ងៃអាទិត្យ ទី២៦ តុលា ២០២៥ កម្ពុជា និង សហរដ្ឋអាមេរិក ក៏បានជួបពិភាក្សាបន្ថែម និងឈានទៅសម្រេចបានការលើកលែងពន្ធគយ ១០០% ចំពោះអាមេរិក ទៅលើមុខទំនិញនាំចូលមកកម្ពុជាមានដូចជា ផលិតផលឧស្សាហកម្ម និង កសិកម្ម។
ការសម្រេចលើកលែងពន្ធ ១០០% ឬដែលបានន័យថាកំណត់យកពន្ធនាំចូលពីអាមេរិក ០% នេះ ត្រូវបានគេសម្លឹងឃើញថា គឺជាការឆ្លើយតបនឹងការបន្ធូរបន្ថយពន្ធគយលើទំនិញកម្ពុជាដែលចុះត្រឹម ១៩% ពីសហរដ្ឋអាមេរិក ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការស្វែងរកបទឈប់បា.ញ់ដ៏លំបាកមួយសម្រាប់កម្ពុជា និងថៃ និងកិច្ចព្រមព្រៀងសន្តិភាពដែលទើបបានចុះហត្ថលេខាផងដែរ។

ក្រៅពីការការចូលរួមរកដំណោះស្រាយរបស់អាមេរិកសម្រាប់ជម្លោះរវាងកម្ពុជា និងថៃដូចខាងលើនេះ សហរដ្ឋអាមេរិក ក៏បានសម្រេចដកបំរាមការលក់សព្វាវុធមកលើកម្ពុជា ដោយបង្កើនកៅអីសម្រាប់មន្ត្រីកម្ពុជាអាចចូលសិក្សានៅ West Point ដែលជាសាលាយោធាអាមេរិកដ៏ល្បីល្បាញ ព្រមទាំងបើកឲ្យរៀបចំ «សមយុទ្ធឆ្មាំអង្គរ» ឡើងវិញ ក្រោយខកខានធ្វើអស់រយៈពេលជិត១០ឆ្នាំ។
អ្នកជំនាញផ្នែកវិភាគបានកត់សម្គាល់ថា លទ្ធផលនៃជំនួបពិភាក្សារវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅទីក្រុងកូឡាឡាំពួ ខាងលើនេះ នឹងនាំឲ្យទំនាក់ទំនងទ្វេភាគីរបស់កម្ពុជា និងអាមេរិក កាន់តែមានភាពល្អប្រសើរ និងអាចឈានទៅសម្រេចបានកិច្ចការជាច្រើនរួមគ្នានាពេលខាងមុខជាបន្តទៀត៕










