ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមធ្វើជាសាក្សីពីលោក Donald Trump ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានចាត់ទុកថ្ងៃទី២៦ ខែតុលា ជាថ្ងៃប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ និងថ្លែងអំណរគុណកម្ពុជា-ថៃដែលបញ្ចប់ជម្លោះឆ្ពោះទៅរកសន្តិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjThPXj73fjSB1FbOkEWu8sXoU6yTF5bjOXrJp5K3sacVGXjQiGZJFxuklNSghn0ZQSYm6lA2rQ26WhLMoaeyvHiLECqaNIWOgvmtROKGL5_nxgTBOlLz_o7urR5AUFTVXdWH6d_5dUuixa7ov1btxUOGRlJK_PAAJjhD-NJP2GDGu9KvQMvL2RqSLeQJgS/s1024/photo_2025-10-27_09-04-03%20(3).jpg
កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ បានប្រព្រឹត្តឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានឈរទទួលស្វាគមន៍បណ្តាមេដឹកនាំអាស៊ានដែលធ្វើណើរមកចូលរួមកិច្ចប្រជុំជាបន្តបន្ទាប់ ដូចជា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ, ប្រធានាធិបតីអាមេរិក លោក Donald Trump, មេដឹកនាំប្រេស៊ីល កាណាដា និងអាហ្វ្រិកខាងត្បូង ។

ពេលបើកកិច្ចប្រជុំកំពូលអាស៊ាន លោក Anwar Ibrahim ថ្លែងថា ម៉ាឡេស៊ីបានទទួលតំណែងជាប្រធានអាស៊ានឆ្នាំ២០២៥ និងគិតពីភារកិច្ចដ៏ធំធេង ពីព្រោះភាពជាអ្នកដឹកនាំជាការជ្រើសរើសលំដាប់ភាពសំខាន់ និងតម្រង់ទិសស្របតាមការរំពឹងទុករបស់ពលរដ្ឋ ហេតុនេះ បញ្ហាសំខាន់ គឺការស្តារឡើងវិញនូវតួនាទីរបស់អាស៊ាន ។ ឆ្នាំ២០២៥ តំបន់អាស៊ានមានបញ្ហាប្រឈមជាងពេលណាៗទាំងអស់ ពីព្រោះពិភពលោកគ្មានស្ថិរភាព ការគ្រប់គ្រងរបៀបចាស់មិនច្បាស់លាស់ ខណៈការគ្រប់គ្រងរបៀបថ្មីមិនច្បាស់លាស់ដូចគ្នា ។ អាស៊ានមើលឃើញការប្រកួតប្រជែង និងភាពមិនច្បាស់លាស់កើនឡើងនៅតំបន់ជាច្រើន ដែលជាការសាកល្បងទាំងសេដ្ឋកិច្ច និងការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការរក្សាទំនុកចិត្តកិច្ចសហការទៅវិញទៅមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggQtRWyalqv3P_cCLhcVn0SVZijMLRpYpbYILZz8chAmQljePh2uwp2MXYd5iPL3okpyek6KcxsYPUWfJNZ9bCa4h1tFLP4y0GIJUFfh9a_KyKP7ExscnrAXXhVFMIlxI7WkU9M3LvDWH4iY2LXPU04PZjh2pGXT3S4DKhqQ1ynRWMllQL36UU_dpdoDe8/s1280/photo_2025-10-27_09-04-03.jpg

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងអំណរគុណកម្ពុជា និងថៃ ដែលបញ្ចប់ជម្លោះឆ្ពោះទៅរកសន្តិភាពតាមរយៈការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានអាស៊ានជាសាក្សី ។ លោក Anwar Ibrahim បញ្ជាក់ថា ការផ្សះផ្សាមិនមែនជាការចុះចាញ់ទេ ប៉ុន្តែបង្ហាញពីភាពក្លាហានក្នុងការជ្រើសយកសន្តិភាពដើម្បីផ្លាស់ប្តូរថ្ងៃអនាគតរបស់ប្រទេស ។

ក្រៅពីនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានថ្លែងពីសារៈសំខាន់នៃចក្ខុវិស័យអាស៊ានដែលធ្វើឡើងនៅម៉ាឡេស៊ីកាលពីខែឧសភា ឆ្នាំ២០២៥ ដោយចក្ខុវិស័យនេះអំពាវនាវឱ្យអាស៊ានពង្រឹងការរួបរួម និងតួនាទីប្រកាន់ជំហរកណ្តាល ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបង្ហាញគោលជំហរលើការឯកភាព៥ចំណុចរបស់អាស៊ានដើម្បីបង្កើតសន្តិភាពនៅមីយ៉ាន់ម៉ា កាត់បន្ថយអំពើហិង្សា ដោយការធ្វើឱ្យសន្តិភាពកើតឡើងបាន គឺមីយ៉ាន់ម៉ាត្រូវដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេសដោយខ្លួនឯង ទើបមានការផ្សះផ្សាប្រកបដោយនិរន្តរភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg8FSLA0QJ5ZecK8m9PFmwx2XxACcJfcPRJcHnSwLisG0RnsQWZuviZNII9cz_gf3mtTh3EhDYCBnGgNxwfiMUqhGosiqtRf9zaXgvFBs6kFacjsXmwO_ytY1dBdAiU4ptd46EFm5pTilRKblcEgnCcA9oAqkOyEH5ucme97MFuta1J6FmZd0r2QMteO-h/s1280/photo_2025-10-27_09-04-03%20(2).jpg

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីមើលឃើញពីសារៈសំខាន់របស់កិច្ចប្រជុំកំពូលពាក់ព័ន្ធផងដែរ ទាំងកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហការឈូងសមុទ្រអារ៉ាប់ (GCC) និងកិច្ចប្រជុំ RCEP លើកទី៥ ដើម្បីជំរុញតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោកឱ្យមានសក្តានុពលពេញលេញ ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានទទួលស្វាគមន៍មេដឹកនាំប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ដោយប្រទេសទាំងពីរត្រូវកំណត់ឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (East Asia Summit) ដែលជាការបោះជំហានយ៉ាងសំខាន់ដើម្បីពង្រីកកិច្ចសហការរបស់អាស៊ានជាមួយក្រុម BRICS និង G20 បញ្ជាក់ពីការស្វែងរកឱកាសទីផ្សារប្រទេសដៃគូពាណិជ្ជកម្មថ្មីៗ និងជាស្ពានតភ្ជាប់ទៅពិភពលោកភាគខាងត្បូង (Global South) ។

ក្រោយពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្លែងចប់ មេដឹកនាំអាស៊ានទាំង១០ប្រទេស បានចូលរួមចុះហត្ថលេខាទទួលស្គាល់ទីម័រខាងកើតជាសមាជិកអាស៊ានទី១១ ជាផ្លូវការ ដែលជាការប្តេជ្ញាចិត្តក្នុងការពង្រឹងតួនាទីរបស់អាស៊ានដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVgl6zz2FoD23-vPXNIOQcfpk4-648efx11a5GG6YA8GLno4RaxlwQo4fIwn3Frw0cFQV-xoSrDake8H0FfoKqBy_6MqNEXdYS6ad9AjWEAXVSaP9Al7dNx1UwCALqV42fxDTwOlpad1-yBm-eZLXgWNACIx9aWIqRnJUtT9G3WaC7tAmaMVsbrwFK7Hne/s1280/photo_2025-10-27_09-04-03%20(4).jpg

គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានដឹកនាំ និងប្តេជ្ញាចិត្តគាំទ្រសន្តិភាពជានិរន្តន៍រវាងកម្ពុជា-ថៃ ហើយសម្តេចក៏បានថ្លែងអំណរគុណលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីចំពោះការគាំទ្រឥតងាករេ និងសម្របសម្រួលក្នុងដំណើរការស្វែងរកសន្តិភាពប្រកបដោយជោគជ័យ ។ ក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំចំពោះការដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ជាបន្ទាន់ ក្រោមហេតុផលមនុស្សធម៌ និងស្របតាមការឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួម ៕