ទីក្រុងតូក្យូ៖ អភិរក្សនិយមជើងចាស់ លោកស្រី Sanae Takaichi ដែលត្រូវបានសមាជិកសភាក្នុងប្រទេសជប៉ុនបានបោះឆ្នោតជ្រើសរើសឲ្យតែងតាំងជានាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន បានក្លាយជាស្ត្រីដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត។
យោងតាមទីភ្នាក់ងារព័ត៌មាន CNBC នៅថ្ងៃអង្គារ នេះបានឲ្យដឹងថា លោកស្រី Takaichi វ័យ 64 ឆ្នាំ ប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ទទួលបានសម្លេងឆ្នោតពីសភាជាន់ទាប 237-149 និងសភាជាន់ខ្ពស់ 125-46 លើគូប្រជែងដ៏ជិតស្និទ្ធបំផុតរបស់នាងគឺ លោក Yoshihiko Noda មេដឹកនាំគណបក្សប្រឆាំងសេរីនិយមតាមរដ្ឋធម្មនុញ្ញ។
គោលនយោបាយធំៗរបស់លោកស្រី Takaichi គឺសន្យាពង្រឹងវិស័យការពារជាតិ កែប្រែគោលការណ៍អន្តោប្រវេសន៍ និងការកែប្រែរដ្ឋធម្មនុញ្ញសន្តិភាពរបស់ប្រទេសជប៉ុនឡើងវិញ ក្រោយលោក Shigeru Ishiba បានលាលែងពីតំណែងកាលពីដើមខែនេះ ដែលបន្សុលទុកនូវភាពមិនច្បាស់លាស់ផ្នែកនយោបាយអស់ជាច្រើនសប្តាហ៍។
ទោះជាយ៉ាងណាក៏ដោយ គាត់ត្រូវបានគេរិះគន់ចំពោះការប្រឆាំងនឹងអាពាហ៍ពិពាហ៍ភេទដូចគ្នា និងកំណែទម្រង់លើកកម្ពស់សមភាពយេនឌ័រ បើទោះបីជាក្លាយជាមេដឹកនាំស្ត្រីដំបូងរបស់ប្រទេសជប៉ុនក៏ដោយ។
នៅក្នុងសុន្ទរកថាដំបូងក្នុងនាមជានាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi បាននិយាយថា នាងនឹង «ធ្វើការដោយមិននឿយហត់ដើម្បីកសាងទំនុកចិត្តក្នុងនយោបាយឡើងវិញ និងការពារផលប្រយោជន៍ជាតិរបស់ប្រទេសជប៉ុន»។ លោកស្រីក៏បានសង្កត់ធ្ងន់ផងដែរ ពីសារៈសំខាន់នៃការស្តារសេដ្ឋកិច្ចឡើងវិញ ដែលវាកំពុងបន្តតស៊ូជាមួយអតិផរណា និងប្រាក់យ៉េនរបស់ជប៉ុនដែលធ្លាក់ចុះ។
ឥឡូវនេះរដ្ឋាភិបាលថ្មីរបស់លោកស្រី Takaichi កំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនភ្លាមៗ រួមទាំងការដោះស្រាយភាពជាប់គាំងនៃសេដ្ឋកិច្ច ការគ្រប់គ្រងទំនាក់ទំនងជាមួយប្រទេសចិន និងសហរដ្ឋអាមេរិក និងការធានាបាននូវឯកភាពនៅក្នុងក្រុមចម្រុះរបស់នាង។
អ្នកវិភាគនយោបាយបាននិយាយថា ការដឹកនាំរបស់លោកស្រីនឹងបង្ហាញឲ្យឃើញថា តើនាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុនអាចរក្សាតម្លៃអភិរក្ស និងផ្តល់កំណែទម្រង់ដែលរង់ចាំជាយូរមកហើយឲ្យប្រទេសជប៉ុនបានដែរ ឬទេ។ ទន្ទឹមនឹងនេះ អ្នកអត្ថាធិប្បាយនយោបាយតូក្យូម្នាក់បាននិយាយថា “ការក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ជប៉ុន បានបង្កើតជារឿងប្រវត្តិសាស្ត្រមួយ។ ប៉ុន្តែបញ្ហាប្រឈមពិតប្រាកដ គឺស្ថិតនៅក្នុងរបៀបដែលនាងដឹកនាំប្រទេស»។
សូមជម្រាបថា បច្ចុប្បន្នប្រទេសជប៉ុនកំពុងស្ថិតនៅលំដាប់ខាងក្រោមគេ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍សម្រាប់ស្ត្រីក្នុងតំណែងជាអ្នកដឹកនាំ ខណៈការឡើងកាន់អំណាចរបស់មេដឹកនាំស្រ្តី គឺតំណាងឱ្យរបកគំហើញថ្មីដ៏សំខាន់នៅក្នុងប្រទេសមួយដែលត្រូវបានរិះគន់ជាញឹកញាប់ ចំពោះការផ្ដល់ឱកាសទាបដល់ស្រ្តីនៅក្នុងវិស័យនយោបាយ៕