រាជធានីភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំនៅម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែតុលា កម្ពុជានិងថៃបានឯកភាពគ្នាលើឯកសារមួយ ស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរក្នុងការចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅពេលឆាប់ៗខាងមុខ ដោយមានលោក ដូណាល់ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេសុីធ្វើជាសាក្សី។
យោងតាមប្រសាសន៍របស់ រដ្ឋមន្ត្រីកាបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃទី១៨ ខែតុលា បានឲ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពមួយ ត្រូវបានគេរំពឹងថានឹងទទួលបានការចុះហត្ថលេខា ដោយនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថៃ ដោយមានការចូលរួមជាសាក្សីពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អុីប្រាហុីម នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ថ្ងៃទី២៦ ដល់២៨ ខែតុលាខាងមុខនេះ។
លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះថា៖ «ក្រោយពីបានជួបចរចាគ្នារហូតដល់យប់ កម្ពុជានិងថៃបានឯកភាពគ្នាលើឯកសារមួយ ដែលសង្ឃឹមថា ឯកសារនេះនឹងត្រូវបានចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ដោយមានការចុះហត្ថលេខាជាសាក្សីដោយ ឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន»។
បើទោះជាចុងក្រោយការចរចានេះ នៅតែមានភាពតឹងតែដែរ ប៉ុន្តែទាំងកម្ពុជានិងថៃបានរក្សាឆន្ទៈក្នុងការដោះស្រាយជម្លោះ ដោយមានអាមេរិកជាអ្នកសម្របសម្រួល និងម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ដូច្នេះគ្រប់ភាគីទាំងអស់មានការប្តេជ្ញាចិត្តរួមគ្នា ក្នុងការស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ និងតំបន់ទាំងមូល ទើបនាំឱ្យមានការឯកភាពចំពោះឯកសារកិច្ចព្រមព្រៀងនេះ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពមួយនេះ ត្រូវបានប្រមុខការទូតកម្ពុជា អះអាងថា វានឹងក្លាយទៅជាឯកសារដែលផ្តល់នូវភាពរឹងមាំដែលនាំប្រទេសទាំងពីរ ឲ្យឆ្ពោះទៅរកការរស់នៅក្នុងសន្តិភាព ក្នុងនាមជាអ្នកជិតខាងជាមួយគ្នា ជាពិសេសការស្តារទំនុកចិត្តរវាងគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត ឯកសារនៃកិច្ចព្រមព្រៀងនេះ ក៏មានរៀបរាប់អំពីកិច្ចការសំខាន់មួយចំនួនទៀត ដែលនឹងពង្រឹងទំនុកចិត្ត និងស្តារប្រក្រតីភាពឡើងវិញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែល ត្រូវបានរដ្ឋាភិបាលកម្ពុជា-ថៃ ទម្លាក់ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ បន្ទាប់ពីមានភាពតានតឹង៕