ដូចអ្នកតាមដានវិស័យហ៊ីបហបជ្រាបមកហើយថាតារាចម្រៀងរ៉េប ហ្សេដេស កើនឡើងសន្ទុះប្រជាប្រិយភាពយ៉ាងខ្លាំងមានការងារហូរចូលមិនចេះដាច់បន្ទាប់ពីបទ «ក្រឡុក» ផ្ទុះកក្រើកលើទីផ្សារ។ អ្វីដែលអ្នកមួយចំនួនអាចមិនទាន់បានដឹង ជូវី លីន គឺជាជំរុញដាក់កំហិតឱ្យ ហ្សេដេស ទម្លាក់បទ។
តាមរយៈកិច្ចសម្ភាសន៍កាលពីកន្លងមកនេះ ហ្សេដេស បានលាតត្រដាងថាបារ៉ូល បទ ក្រឡុក ត្រូវអាក់មិនអាចបន្ត ហើយលោកបានព្យាយាមច្រៀង free Style ជិត១០០០ដងរហូតដល់អ្នកនៅជុំវិញខ្លួនក៏ធុញព្រោះតែចង់ធ្វើបទនេះខ្លាំង។ ហ្សេដេស ថាមានពេលមួយជួបជាមួយនឹង ជូវី លីន ហើយប្រាប់ឱ្យខ្លួនទម្លាក់បទមួយឱ្យហ្វេនបើមិនផុសទេ ជូវី នឹងខឹងហើយលោកក៏សម្រេចចិត្តយកបទនេះមកផុសហើយក៏ផ្ទុះការគាំទ្រ។
មិនត្រឹមតែលាតត្រដាងមនុស្សសំខាន់ដែលជំរុញឱ្យមានការទម្លាក់បទ ក្រឡុក គឺជា ជូវី លីន ហ្សេដេស ក៏បានទម្លាយទៀតថាបទចម្រៀងនេះគឺបានបំផុសគំនិតធំបំផុតពីរឿង ឈិនឡុង (Jackie Chan) មានចំណងជើងថា «អ្នកប្រមាញ់ទីក្រុង» (City Hunter) ។
បន្ទាប់ពីមានបទចម្រៀងល្បីកក្រើកទីផ្សារតាមរយៈបទចម្រៀងខាងលើនេះ ហ្សេដេស បានសហការជាមួយនឹងតារារ៉េប វណ្ណដា និង Goofy ។ ទោះបីជាមិនបានចេញចម្រៀងញឹកញាប់ប៉ុន្តែគេសង្កេតឃើញថា ហ្សេដេស មានការងារមិនចេះដាច់នៅតាមបណ្តាផាប់មិនថារាជធានីភ្នំពេញឬតាមបណ្តាខេត្តនោះទេ ពោលតាមរយៈប្រជាប្រិយភាពរបស់បទ ក្រឡុក ហ្សេដេស កើបលុយបានមិនចេះតិច៕