ប្រទេសចិន ៖ ចិនបានបង្ហាញពីគោលជំហរជាថ្មីជួយកម្ពុជា-ថៃចរចាដោះស្រាយជម្លោះព្រំដែននៅម៉ាឡេស៊ី ព្រមទាំងគាំទ្រតួនាទីរបស់ម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ាន ។ ការបង្ហាញគោលជំហររបស់ចិនក្រោយពីសារព័ត៌មាននានាចុះផ្សាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump ជំរុញឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី និងបដិសេធការចូលរួមរបស់ចិន ។
តាមការចុះផ្សាយរបស់សារព័ត៌មានចិន Global Times កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ លោក លីន ជៀន អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ពីគោលជំហរចិនគាំទ្រកម្ពុជា-ថៃដោះស្រាយជម្លោះព្រំដែនតាមរយៈការចរចា និងពិភាក្សា ។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន បន្ទាប់ពីមានសំណួរពីគោលជំហរចិនចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលប្រធានាធិបតីអាមេរិក លោក Trump ត្រៀមខ្លួនធ្វើសាក្សីក្នុងពិធីចុះហត្ថលេខា និងបដិសេធវត្តមានចិន ។
អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយថា ក្នុងឋានៈចិនជាប្រទេសជិតខាងមិនអាចកាត់ផ្តាច់ទំនាក់ទំនងពីប្រទេសទាំងពីរ ចិនសង្ឃឹមកម្ពុជា-ថៃនឹងប្រកាន់ខ្ជាប់នូវការចរចាដោយស្មើភាព រួមទាំងស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាពមានការទទួលស្គាល់ពីប្រទេសទាំងពីរ ។ តាំងពីមានវិវាទនៅតំបន់ព្រំដែនប្រទេសទាំងពីរ ចិនបានជំរុញសន្តិភាព និងអំណោយផលដល់ការចរចា ។ ចិននៅតែប្រកាន់គោលជំហរបន្តជំរុញការចរចាសន្តិភាពដើម្បីឱ្យប្រទេសទាំងពីរស្តារទំនុកចិត្តទៅវិញទៅមក គោរពបទឈប់បាញ់ ដោះស្រាយវិវាទដោយសន្តិវិធី ហើយចិនគាំទ្រម៉ាឡេស៊ីក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ។
ចិនមានគោលជំហរជំរុញសន្តិភាព និងកាត់បន្ថយស្ថានការណ៍តានតឹងរហូតមក ដោយមើលឃើញកម្ពុជា-ថៃជាប្រទេសជិតខាងគ្នា និងជាមិត្តរបស់ចិន ។ ចិនសោកស្តាយយ៉ាងខ្លាំងចំពោះពលរដ្ឋរងរបួស និងស្លាប់ដោយសារសង្គ្រាមកម្ពុជា-ថៃ ហេតុនេះ កម្ពុជា-ថៃត្រូវចរចាស្វែងរកសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ ។ ចិនរំពឹងកម្ពុជា-ថៃគិតពីផលប្រយោជន៍របស់ពលរដ្ឋ អត់ធ្មត់ក្នុងនាមជាប្រទេសជិតខាងល្អ គោរពបទឈប់បាញ់ ស្តារសន្តិភាព សុវត្ថិភាពនៅតំបន់ព្រំដែនយ៉ាងឆាប់រហ័ស ពីព្រោះកម្ពុជា-ថៃជាសមាជិកសំខាន់របស់អាស៊ាន ខណៈអាស៊ានព្យាយាមជំរុញឱ្យប្រទេសទាំងពីរគោរពបទឈប់បាញ់ ។
ប្រធានាធិបតីអាមេរិក លោក Trump បានជំរុញឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសម៉ាឡេស៊ី ដោយលោកប្រាថ្នាចង់ឃើញប្រទេសទាំងពីរមានសន្តិភាពពេញលេញ និងត្រៀមខ្លួនចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ ។ ប៉ុន្តែរដ្ឋាភិបាលថៃថា អាមេរិកដាក់សម្ពាធឱ្យខ្លួនចុះហត្ថលេខាសន្តិភាព និងទាមទារឱ្យកម្ពុជាគោរពលក្ខខណ្ឌ៤ចំណុច រួមមាន ៖ ១-ដកថយកម្លាំងទ័ពចេញពីតំបន់ព្រំដែន ២-ដកថយសព្វាវុធធុនធ្ងន់ ៣-បោសសម្អាតមីន និង៤-បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងជម្លៀសពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តស្រះកែវ បើមិនដូច្នោះទេ នឹងគ្មានការចុះហត្ថលេខាទេ ។
តាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីនៅថ្ងៃទី១៤ ខែតុលា លោក Trump នឹងធ្វើដំណើរទៅម៉ាឡេស៊ីថ្ងៃទី២៦ ខែតុលា ដើម្បីចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ។ នេះជាស្ថានភាពវិវត្តន៍ថ្មីនៃវិវាទព្រំដែនកម្ពុជា-ថៃ ដែលបានកើតឡើងអស់រយៈពេលជាច្រើនខែ ក្រោយការផ្តើមវាយប្រហារយ៉ាងបំពានពីសំណាក់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ហើយថៃចាប់ផ្តើមធ្វើសង្គ្រាមឈ្លានពានរំលោភអធិបតេយ្យភាពកម្ពុជានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ៕