យោងតាមគេហទំព័រ Allkpop ព្រឹត្តិការណ៍សប្បុរសធម៌ប្រចាំឆ្នាំដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ដែលរៀបចំដោយទស្សនាវដ្តី W Korea នៅល្ងាចថ្ងៃទី ១៥ ខែតុលា បានទាក់ទាញការចូលរួមពីតារាល្បីៗជាច្រើនរូបចូលរួមដូចជា RM, J-Hope និង V សមាជិក BTS ក្រុមចម្រៀង aespa ក្រុម ALLDAY PROJECT តារាសម្តែង Lee Min Ho និងតារាល្បីៗជាច្រើនរូបទៀត។ ទោះយ៉ាងណា កម្មវិធីនេះរងនូវការរិះគន់យ៉ាងខ្លាំង។
.png)
ក្រោមពាក្យស្លោក «Love Your W» ទស្សនាវដ្តី W Korea បានប្រារព្ធព្រឹត្តិការណ៍សប្បុរសធម៌នេះជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៦។ ព្រឹត្តិការណ៍នេះត្រូវបានគេនិយាយថានឹងបរិច្ចាគ «ប្រាក់ចំណូលទាំងអស់» ដល់ក្រុមដែលមានប្រាក់ចំណូលទាបដែលស្វែងរកការគាំទ្រក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីកសុដន់។ គិតត្រឹមឆ្នាំនេះយុទ្ធនាការខាងលើសម្រាប់ជំងឺមហារីកសុដន់បានប្រមូលប្រាក់សរុបចំនួន ១.១ពាន់លានវ៉ុនក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។ទោះជាយ៉ាងណាក៏ដោយ ពិធីជប់លៀងដ៏ខ្ជះខ្ជាយរបស់តារាល្បីបានធ្វើឱ្យមានការខឹងសម្បារ និងត្រូវបានមហាជនកូរ៉េរិះគន់យ៉ាងខ្លាំង។
.png)
មនុស្សជាច្រើនជឿថាព្រឹត្តិការណ៍នេះពិតជាមិន «ផ្តល់ការយល់ដឹងអំពីមូលហេតុនៃជំងឺមហារីកសុដន់» ហើយ «ជំងឺមហារីកសុដន់គ្រាន់តែជាលេសសម្រាប់តារាល្បីៗនិងអ្នកមានដើម្បីជប់លៀងនិងរីករាយ»។
អ្នកខ្លះថែមទាំងបានចោទប្រកាន់ព្រឹត្តិការណ៍នេះថា «ចំអកអ្នកកើតមហារីកសុដន់» ខណៈសិល្បករសម្ដែងចម្រៀងមិនសមរម្យ។ ជាក់ស្តែងតារាចម្រៀង Jay Park បានប្រឈមមុខនឹងការរិះគន់ចំពោះការសំដែងបទចម្រៀងដែលមានអត្ថបទចម្រៀងដែលពិពណ៌នាអំពីរាងកាយរបស់ស្ត្រី។តារាល្បីៗដែលចូលរួមព្រឹត្តិការណ៍នេះ ក៏ត្រូវបានចោទសួរផងដែរ ចំពោះការមិនពាក់បូពណ៌ផ្កាឈូក ដែលជានិមិត្តសញ្ញាសកលនៃការយល់ដឹងអំពីជំងឺមហារីកសុដន់។
នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ W Korea ទស្សនាវដ្តីនេះផ្តោតលើការបង្ហោះរូបភាពសិល្បករ ជប់លៀង វីដេអូរាំ និងបទសម្ភាសន៍អំពីផែនការផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែមិនចែករំលែកអ្វីទាំងអស់អំពីជំងឺមហារីកសុដន់។ ជាពិសេស ការរិះគន់យ៉ាងធ្ងន់ធ្ងរបំផុតនោះគឺថា ព្រឹត្តិការណ៍សប្បុរសធម៌ប្រចាំឆ្នាំ «យុទ្ធនាការយល់ដឹងអំពីជំងឺមហារីកសុដន់» ពិតជាបានរៃអង្គាសថវិកាដែលធ្វេសប្រហែស។
ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ជាមួយនឹងព្រឹត្តិការណ៍ចូលរួមដោយតារាល្បីៗរាប់សិបនាក់ រាប់រយនាក់ក្នុងមួយឆ្នាំៗ ពួកគេបានរៃអង្គាសប្រាក់បានត្រឹមតែ ១.១ ពាន់លានវ៉ុនប៉ុណ្ណោះ។ មតិសាធារណៈជឿថា ចំនួនទឹកប្រាក់នេះទំនងជាមិនអាចផ្គត់ផ្គង់បានច្រើនសម្រាប់អ្នកជំងឺដែលជួបបញ្ហាថ្លៃព្យាបាលនោះទេ។ អ្នកខ្លះបានបញ្ចេញមតិថា តើតារាល្បីៗទាំងនោះអាចបង្កើនការយល់ដឹងពីជំងឺមហារីកសុដន់ដោយគ្រាន់តែផឹកស្រា និងជប់លៀងបានទេ? , «ប្រសិនបើនេះជាយុទ្ធនាការយល់ដឹងពីជំងឺមហារីកសុដន់ យ៉ាងហោចណាស់គួរតែនិយាយអ្វីមួយទាក់ទងនឹងវានៅក្នុងការសម្ភាសន៍ ឬនៅក្នុងព្រឹត្តិការណ៍នេះ។ ប្រហែលជាសូម្បីតែតារាល្បីៗដែលចូលរួមក៏មិនដឹងថាព្រឹត្តិការណ៍នេះជាអ្វីដែរ»៕