ប្រទេសចិន ៖ ក្រុមហ៊ុនរថយន្តចិន BYD ត្រៀមប្រមូលរថយន្តត្រឡប់មកវិញយ៉ាងច្រើនបំផុតរហូតដល់ជាង១សែនគ្រឿង (១១៥,០០០គ្រឿង) ក្រោយពីរកឃើញរថយន្តមានហានិភ័យជាច្រើន ដូចជា ៖ បញ្ហារចនាម៉ូដ ចង្កូត និងថ្មរថយន្តមានបញ្ហា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ។
សារព័ត៌មានរ៉យទ័ររាយការណ៍នៅថ្ងៃទី១៧ ខែតុលា ថា ក្រុមហ៊ុនផលិតរថយន្តចិន BYD ត្រៀមប្រមូលរថយន្តមកវិញ ដូចជា ៖ រថយន្តម៉ាក Tang និងម៉ាក Yuan Pro ចំនួន១១៥,០០០គ្រឿង ដែលផលិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២២ ដែលនេះជាការប្រមូលរថយន្តត្រឡប់មកវិញច្រើនបំផុតមិនធ្លាប់មាន ។
តាមការអះអាងរបស់ភ្នាក់ងារគ្រប់គ្រងទីផ្សារប្រទេសចិន គឺការប្រមូលរថយន្តលើកនេះ ដោយសាររកឃើញមានបញ្ហារចនាម៉ូដ និងហានិភ័យពាក់ព័ន្ធនឹងថ្មរថយន្ត ។ ក្រុមហ៊ុន BYD បានដាក់លិខិតទៅកាន់ការិយាល័យគ្រប់គ្រងទីផ្សារចិន ដើម្បីប្រមូលរថយន្តម៉ាក Tang ចំនួន៤៤,៥៣៥គ្រឿង ដែលផលិតចាប់ពីខែមីនា ឆ្នាំ២០១៥ រហូតដល់ខែកក្កដា ឆ្នាំ២០១៧ ដោយសារមានបញ្ហារចនាម៉ូដ និងការដំឡើងរថយន្តផ្នែកខ្លះអាចធ្វើឱ្យរថយន្តដំណើរការខុសប្រក្រតី ។
ក្រៅពីនេះ ក្រុមហ៊ុនក៏បានប្រមូលរថយន្តម៉ាក Yuan Pro ចំនួន៧១,២៤៨គ្រឿង ដែលផលិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ២០២២ ផងដែរ ដោយសារថ្មរថយន្តមានបញ្ហា ។ ក្រុមហ៊ុនថែមទាំអប្រមូលរថយន្ត SUV ចំនួន៦,៨៤៣គ្រឿងទៀត ពីព្រោះបារម្ភពីភ្លើងឆេះរថយន្ត ។
គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន BYD បានប្រមូលរថយន្តអគ្គិសនីម៉ាក Dolphin និងម៉ាក Yuan Plus ស្មើជិត៩៧,០០០គ្រឿង ដោយសាររថយន្តមានបញ្ហាចង្កូត និងប្រឈមជាមួយភ្លើងឆេះ ៕