ប្រទេសថៃ ៖ ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃអូសបន្លាយពេលជាច្រើនខែ អ្នកនយោបាយ និងពលរដ្ឋថៃមួយចំនួនបានស្នើឱ្យរដ្ឋាភិបាលខ្លួនលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ដោយលើកឡើងថា ថៃអាចលុប MOU ជាឯកតោភាគី និងមិនចាត់ទុករំលោ.ភកិច្ចព្រមព្រៀងអន្តរជាតិទេ ដោយសារអនុសញ្ញាទីក្រុងវីយែន ឆ្នាំ១៩៦៩ អនុញ្ញាតឱ្យភាគីម្ខាងអាចលុប MOU បាន បើភាគីម្ខាងទៀតបំពាន ។ ប៉ុន្តែអតីតព្រឹទ្ធបុរសសាកលវិទ្យាល័យថៃបារម្ភពីកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បើថៃលុប MOU ជាឯកតោភាគី ។

អតីតព្រឹទ្ធបុរសសាកលវិទ្យាល័យធម្មសាត បារម្ភពីកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បើថៃលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ជាឯកតោភាគី ។ លោកថា បើរដ្ឋាភិបាលថៃដោះស្រាយបញ្ហាពុំចំគោលដៅទេនោះ វានឹងធ្វើឱ្យជម្លោះកាន់តែរាលដាល ហើយកម្ពុជាអាចអូសទាញប្រទេសផ្សេងៗមកពាក់ព័ន្ធនឹងជម្លោះជាមួយថៃ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ។

កាលពីថ្ងៃទី១៤ ខែតុលា អតីតព្រឹទ្ធបុរសសាកលវិទ្យាល័យធម្មសាត លោក អក្ខរៈផុង ខាំឃូន បានសរសេរក្នុងហ្វេសប៊ុកបារម្ភពីកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិបើថៃលុប MOU ជាឯកតោភាគី ។ លោកបញ្ជាក់ថា បើភាគីណាមួយលុប MOU ជាឯកតោភាគី ខណៈភាគីម្ខាងទៀតគ្មានកំហុស វានឹងក្លាយជាជម្លោះថ្មី ហើយនឹងមានការប្តឹងទៅតុលាការ ICJ ។

ការស្នើឱ្យលុប MOU ដោយសារថៃចោទប្រកាន់ថា កងទ័ពកម្ពុជាបានល្មើសអធិបតេយ្យ មានចេតនាប្រើប្រាស់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែត BM.21 បាញ់មកលើតំបន់ស៊ីវិលធ្វើឱ្យមន្ទីរពេទ្យ ស្ថានីយប្រេងឥន្ធនៈ និងផ្ទះពលរដ្ឋថៃខូចខាត ។ ក្រៅពីនេះ មានមនុស្សរងរបួស និងស្លាប់ ថែមទាំងខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជន ដែលមិនស្ថិតនៅតំបន់ព្រំដែន ។ ថៃថែមទាំងចោទប្រកាន់កម្ពុជាបង្កប់មីនប្រឆាំងមនុស្សបណ្តាលឱ្យកងទ័ពខ្លួនរងរបួសដាច់ជើង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា កន្លងមក ដែលថៃចាត់ទុកជាការបំពាន MOU ឆ្នាំ២០០០ ។

អតីតព្រឹទ្ធបុរសសាកលវិទ្យាល័យធម្មសាត លោក អក្ខរៈផុង ចង់ឱ្យថៃពិចារណាគ្រប់ជ្រុងជ្រោយ តើសកម្មភាពទាំងអស់នេះជាការបំពាន MOU ឆ្នាំ២០០០ ឬអត់? ទោះជាថៃចាំបាច់ត្រូវចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ចំពោះសកម្មភាពទាំងនេះ ប៉ុន្តែការលុប MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ជាឯកតោភាគី តើជាការដោះស្រាយបញ្ហាចំគោលដៅតាមច្បាប់អន្តរជាតិដែរឬទេ? លោកបារម្ភបើរដ្ឋាភិបាលថៃដោះស្រាយបញ្ហាមិនចំគោលដៅ វានឹងបង្កើតជម្លោះថ្មីរាលដាល ហើយកម្ពុជាអាចអូសទាញប្រទេសផ្សេងៗមកពាក់ព័ន្ធនឹងជម្លោះជាមួយថៃ ។

គួរបញ្ជាក់ថា ក្រោយពីនាយករដ្ឋមន្ត្រីថៃពិចារណាលុប MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ក្រោមហេតុផលប្រទេសថៃពុំទទួលបានផលប្រយោជន៍ និងធ្វើឱ្យបាត់បង់ទឹកដី គឺមានមតិមួយចំនួនពុំគាំទ្រ ។ អតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ម៉ារីស សាងៀមផុង និយាយថា MOU ទាំង២ច្បាប់ពុំធ្វើឱ្យថៃបាត់បង់ទឹកដីទេ បើលុបចោល រដ្ឋាភិបាលថ្មីត្រូវទទួលខុសត្រូវ ។ រីឯលោក វីរៈផាន់ ព្រិយ៉ាវង្ស មន្ត្រីច្បាប់ថា ថៃគួររក្សាទុក MOU និងគោរពកិត្តិយសខ្លួនឯង រួមទាំងកិត្តិយសប្រទេសជិតខាង ។ MOU សម្រាប់ប្រើប្រាស់យ៉ាងទូលំទូលាយក្នុងកិច្ចសហការព្រំដែន ពាណិជ្ជកម្ម និងការបញ្ជូនជនល្មើសឆ្លងព្រំដែន ។

ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និយាយនាពេលកន្លងមកថា ការចុះអនុស្សរណៈយោគយល់គ្នាលើព្រំដែននៅឆ្នាំ២០០០ (MOU 2000) រវាងកម្ពុជា-ថៃ មិនអាចមានភាគីណាមួយមានសិទ្ធិសម្រេចលុបចោលទេ ។ MOU ឆ្នាំ២០០០ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់កម្ពុជា-ថៃ ក្នុងការមានព្រំដែនច្បាស់លាស់ មានសន្តិភាពរវាងប្រទេសនិងពលរដ្ឋទាំងពីរ សម្រាប់ទំនាក់ទំនងគ្នាល្អនៅតាមព្រំដែនឱ្យមានការអភិវឌ្ឍ ៕