ប្រទេសថៃ ៖ ការចាក់សំឡេងផ្សេងៗរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ បានធ្វើឱ្យមតិមួយចំនួនបារម្ភពីផលប៉ះពាល់ដល់ការចរចារវាងកម្ពុជា-ថៃ រួមទាំងខ្លាចថៃខូចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ពីព្រោះនេះជាការបំពានសិទ្ធិរស់នៅយ៉ាងធ្ងន់ធ្ងរ បំភិតបំភ័យ និងយាយីផ្លូវចិត្ត ។ ស្របពេលមានការបារម្ភ រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានបង្ហាញគោលជំហរបន្តការចរចាជាមួយកម្ពុជានៅម៉ាឡេស៊ីដើម្បីឈានទៅភ្ជាប់ទំនាក់ទំនងល្អឡើងវិញ ទោះជាថៃចាក់សំឡេងរំខានក្តី ។
រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ និយាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ថា ការចរចាកំពុងដំណើរការដោយល្អប្រសើរ ហើយលោកបង្ហាញគោលជំហរបន្តការចរចាជាមួយកម្ពុជា បើទោះជាភាគីថៃចាក់សំឡេងរំខាន ដូចជាសំឡេងខ្មោចលង និងបញ្ចាំងកុនឯកសារនៅតំបន់ព្រំដែនខេត្តស្រះកែវក្តី ។ ទោះយ៉ាងណា លោកបារម្ភពីលក្ខខណ្ឌ៤ដែលត្រូវចរចា ប៉ុន្តែសង្ឃឹមប្រទេសទាំងពីរនឹងភ្ជាប់ទំនាក់ទំនងល្អឡើងវិញ ដោយលោកត្រៀមធ្វើដំណើរទៅម៉ាឡេស៊ី នៅថ្ងៃទី១៧ ខែតុលា ។
លោក សីហស័ក្តិ បានផ្តល់សម្ភាសន៍ក្រោយពីចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពាក់ព័ន្ធការធ្វើដំណើរទៅប្រជុំនៅប្រទេសម៉ាឡេស៊ី ស្តីពីការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនាពេលបន្ទាប់ថា ពេលនេះ ការចរចាជាមួយកម្ពុជាកំពុងដំណើរការទៅដោយរលូន ហើយនៅមានប្រធានបទ២ទៀតដែលត្រូវជជែកបន្ថែមនៅម៉ាឡេស៊ី ។ លោកនឹងធ្វើដំណើរទៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៧ ខែតុលា ។
ចំពោះមតិមួយចំនួនបារម្ភពីកម្ពុជាប្តឹងទៅតុលាការពិភពលោក ករណីថៃចាក់សំឡេងខ្មោច និងបញ្ចាំងកុនឯកសារនៅតំបន់ភូមិណងចាន់ និងភូមិណងយ៉ាកែវ ស្រុកខូកស៊ូង ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ) គឺលោក សីហស័ក្តិ មិនបារម្ភពីករណីនេះទេ ប៉ុន្តែបារម្ភពីប្រធានបទត្រូវពិភាក្សាជាមួយកម្ពុជា ចាប់ពី៤ទៅ៥ប្រធានបទ ។ លោកនាយករដ្ឋមន្ត្រី អនុថីន ឆាន់វីរៈគូន និយាយមកកាន់លោកនេះជាប្រធានបទសំខាន់ បើថៃចង់ភ្ជាប់ទំនាក់ទំនងល្អឡើងវិញ គឺត្រូវជជែកប្រធានបទទាំងនេះ ។
លោកនឹងពិនិត្យឡើងវិញពីការលើកឡើងថា ការបើកសំឡេងរំខានជាការរំលោភសិទ្ធិមនុស្ស ប៉ុន្តែពេលនេះ ការចរចាកំពុងដំណើរការទៅមុខ ។ រីឯបញ្ហាអធិបតេយ្យ ថៃក៏រក្សា ប៉ុន្តែថៃត្រូវរក្សាបរិយាកាសចរចាជាមួយកម្ពុជាឱ្យដំណើរការល្អប្រសើរ ហើយលោកពុំចង់បន្ថែមប្រធានបទផ្សេងនាំឱ្យការចរចាស្មុគស្មាញ ខណៈម៉ាឡេស៊ីក៏មិនបានសួរនាំពីបញ្ហានៅភូមិណងចាន់ និងភូមិណងយ៉ាកែវ ដូច្នេះ សូមគ្រប់គ្នាជួយធ្វើឱ្យការចរចាប្រព្រឹត្តទៅដោយរលូន ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បាននិយាយនៅថ្ងៃទី១៤ ខែតុលាថា ការចរចារវាងកម្ពុជា-ថៃនៅម៉ាឡេស៊ីដំណើរការល្អប្រសើរ ប៉ុន្តែមិនទាន់បញ្ចប់ ។ កន្លងមក រដ្ឋមន្ត្រីក្រសួងការបរទេស លោក សីហស័ក្តិ បានធ្វើដំណើរទៅម៉ាឡេស៊ីដើម្បីចរចាសន្តិភាពជាមួយកម្ពុជា ហើយការចរចាទទួលបានលទ្ធផលវិជ្ជមាន ដោយថៃទទួលការឆ្លើយតបនូវលក្ខខណ្ឌផ្សេងៗ ។ នៅសប្តាហ៍ទី៣ ខែតុលា រដ្ឋមន្ត្រីការបរទេសថៃនឹងធ្វើដំណើរទៅចរចានៅម៉ាឡេស៊ីម្តងទៀត ។
ដោយឡែក ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំចតុភាគី រវាងកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែតុលា នៅទីក្រុងគូឡាឡាំពួរ ថា ៖ «កម្ពុជាគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវទេ ។ អ្វីដែលយើងស្វែងរក គឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលម្អៀង និងផ្អែកលើច្បាប់ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើង» ៕