អ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិអំពីភាពត្រឹមត្រូវនៅក្នុងការផ្សាយពាណិជ្ជកម្មបន្ទាប់ពីលោកស្រី ទ្រី ដាណា ដែលជាអ្នកជំនួញល្បីមួយរូបបានយករូបភាពរបស់កីឡាករអេស្ប៉ាញ Lamine Yamal បានកាត់តផ្សព្វផ្សាយផលិតផលរបស់ខ្លួន។ អ្នកមួយចំនួនថែមទាំងមានការព្រួយបារម្ភថាការប្រើប្រាស់រូបភាពនេះអាចនឹងត្រូវគេប្តឹង។

ចាប់តាំងពី Lamine Yamal បានជួយឱ្យក្រុមជម្រើសជាតិអេស្ប៉ាញយកឈ្នះអាហ្សង់ទីននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦មក កេរ្តិ៍ឈ្មោះរបស់កីឡាករវ័យក្មេងរូបនេះកាន់តែល្បីរន្ទឺថែមមួយកម្រិតទៀត។ ប្រធានបទអំពីខ្សែប្រយុទ្ធរូបនេះក៏បានកើនឡើងច្រើនដូចគ្នានៅឯប្រទេសកម្ពុជាផងដែរ។ ថ្មីៗនេះគេក៏បានឃើញលោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់ Yamal មកផ្សាយផលិតផលរបស់លោកស្រីដែលធ្វើឱ្យរូបភាពនោះមានភាពទាក់ទាញយ៉ាងឆាប់រហ័ស។
យ៉ាងណាក៏ដោយរូបភាពដែលអ្នកជំនួញរូបនេះបង្ហោះពីកីឡាករ Yamal ព្រមទាំងកាត់តបែបនេះបានធ្វើឱ្យមតិប្រតិកម្មចម្រុះជាពិសេសគឺទៅលើភាពត្រឹមត្រូវនៅក្នុងការផ្សាយពាណិជ្ជកម្មនេះ។ អ្នកលេងបណ្តាញសង្គមមួយចំនួនក៏បានបង្ហាញការព្រួយបារម្ភដូចគ្នាដោយខ្លាចលោកស្រី ទ្រី ដាណា ប្រឈមនឹងបណ្តឹងផ្លូវច្បាប់ពីកីឡាកររូបនេះ។
អ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិថា «ខ្ញុំគិតថា រូបបែបនេះមិនទំនងទេចែ បែបលើស ព្រោះវាមិនមែនជាការពិត តែគ្រាន់តែយកកីឡាករល្បីមកទាក់ទាញអ្នកចូលទស្សនា ឬចាប់អារម្មណ៍រូបភាព! ពាក្យពិតសម្តីត្រង់ ពីអ្នកគាំទ្រម្នាក់!, ប្រយត្ន័គេប្ដឹងចែ និយាយក្នុងបំណងល្អ កីឡាកគេតំលៃខ្លួនលំដាប់ពិភពលោក កុំយករូបគេមកលេង សើច»។ មតិផ្សេងទៀតបានលើកឡើងទៀតថា « ប្រយ័ត្នគេsue ចំណេញមិនស្មើរគេទាមទារជំងឺចិត្តទេ, គេមានសិទ្ទប្ដឹងបាន ប្រើរូបបែបនេះ, ប្រយត្ន័ Yamal ប្តឹងហ្អាមីង មែនចេះតែយករូបគេមកប្រើបានទេ»។
ជុំវិញការព្រួយបារម្ភពីអ្នកគាំទ្រក្នុងការដែលយករូបភាពរបស់កីឡាករល្បីឈ្មោះមកផ្សព្វផ្សាយផលិតផលនេះលោកស្រី ទ្រី ដាណា ពុំទាន់ចេញមកបញ្ជាក់ទៀតឡើយខណៈរូបភាពដែលគណនីហ្វេកប៊ុករបស់លោកស្រីបង្ហោះនៅតែមានរូបភាពនោះដដែលគិតត្រឹមរសៀលថ្ងៃទី២៤ ខែកក្កដា ខណៈលោកស្រី ទ្រី ដាណា បានបង្ហោះនៅថ្ងៃទី២៣ កក្កដា៕










