ប្រទេសថៃ ៖ តាមការប្រកាសក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ គ្រោងនឹងធ្វើនៅអំឡុងខែតុលានេះ ។ យោធភូមិភាគទី៥កម្ពុជាបានបញ្ជូនលិខិតទៅកងទ័ពភូមិភាគទី១ថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ ។
ក្រោយពីកម្ពុជាអញ្ជើញកងទ័ពភូមិភាគទី១ថៃមកចូលរួមប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅខេត្តបន្ទាយមានជ័យ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ លោក វរ៉ាយ៉ត លឿងសុវណ្ណ ដែលទើបឡើងកាន់តំណែងថ្មីបានបដិសេធមិនចូលរួមកិច្ចប្រជុំ RBC ជាមួយកម្ពុជាដាច់ខាត ប្រសិនបើកម្ពុជាគ្មានរបៀបវារៈបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនជាប់ភូមិណងចាន់ និងភូមិណងញ៉ាកែវ ទេនោះ ។.jpg)
នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ប្រភពព័ត៌មានពីកងទ័ពភូមិភាគទី១ថៃឱ្យដឹងថា កម្ពុជាបានបញ្ជូនលិខិតអញ្ជើញកងទ័ពភូមិភាគទី១ ចូលរួមកិច្ចប្រជុំ RBC ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា នៅខេត្តបន្ទាយមានជ័យ ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព ដែលរបៀបវារៈកិច្ចប្រជុំ រួមមាន ៖ បង្ក្រាប Scammer ដោះមីន និងរៀបចំសណ្តាប់ធ្នាប់ព្រំដែន ។
មេបញ្ជាការកងទ័ពភូមិភាគទី១ លោក វរ៉ាយ៉ត លឿងសុវណ្ណ បានឱ្យកងទ័ពភូមិភាគទី១ បញ្ជូនលិខិតមកកម្ពុជាវិញដែលមានខ្លឹមសារថា បើកិច្ចប្រជុំ RBC ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា គ្មានរបៀបវារៈពិភាក្សាពីការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនជាប់ភូមិណងចាន់ និងភូមិណងញ៉ាកែវ ទេនោះ គឺត្រូវពន្យារពេលកិច្ចប្រជុំ រហូតដល់កម្ពុជាពិភាក្សាពីការបណ្តេញពលរដ្ឋខ្មែរ ។
បើកងទ័ពភូមិភាគទី១ ពុំបានចូលរួមកិច្ចប្រជុំ RBC ទេ គឺកងទ័ពភូមិភាគទី២ និងកងកម្លាំងការពារព្រំដែនខេត្តចាន់បុរី និងខេត្តត្រាត ក៏ពុំចូលរួមកិច្ចប្រជុំ RBC ដូចគ្នា លុះត្រាតែកងទ័ពភូមិភាគទី១ រៀបចំសណ្តាប់ធ្នាប់រួចរាល់ ។ រីឯកិច្ចប្រជុំ GBC រវាងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ក៏ពុំអាចប្រជុំបានដែរ ដោយសារកិច្ចប្រជុំ RBC នៅតំបន់ព្រំដែនទាំង៣ ពុំទាន់បញ្ចប់ ។
គួរបញ្ជាក់ថា កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ RBC ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ គឺមានគោលបំណងជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ៕










