បងប្អូនខ្មែរយើងគិតយ៉ាងម៉េចដែរ? នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul បានព្រមានថា ប្រទេសថៃបានត្រៀមខ្លួនរួចរាល់ក្នុងបិទព្រំដែនបន្តជាមួយកម្ពុជាដោយគ្មានការកំណត់ ប្រសិនបើភាពតានតឹងលើជម្លោះព្រំដែននៅតែបន្តកើនឡើង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Nation របស់ថៃ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី2 ខែតុលា ឆ្នាំ2025 លោក Anutin Charnvirakul បាននិយាយថា រដ្ឋាភិបាលថៃនឹងផ្តល់អាទិភាពដល់សន្តិសុខជាតិ និងសុវត្ថិភាពរបស់ពលរដ្ឋថៃលើសពីអ្វីៗទាំងអស់។ លោកបានកត់សម្គាល់ថា ប្រទេសថៃនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការតឹងរ៉ឹងណាមួយឡើយ ប្រសិនបើស្ថានការណ៍នៅតាមព្រំដែនកាន់តែមានភាពតានតឹង។
លោកបញ្ជាក់ថា បញ្ហាសំខាន់ចំនួនបីត្រូវបានពិចារណា ហើយជាគោលការណ៍ ក្របខណ្ឌនៃការសាងសង់របងព្រំដែនកម្ពុជា-ថៃ ត្រូវបានអនុម័ត។ ព័ត៌មានលម្អិតនៃគម្រោងនេះនឹងត្រូវគ្រប់គ្រងដោយកងទ័ពភូមិន្ទថៃ ដោយការសាងសង់របងនឹងប្រែប្រួលទៅតាមស្ថានភាពដី និងភាពងាយស្រួលរបស់ប្រជាជនក្នុងតំបន់។
នៅពេលសួរអំពីគោលនយោបាយស្តីពីការបណ្ដេញពលរដ្ឋខ្មែរ នៅតំបន់ភូមិជោគជ័យ និង ភូមិព្រៃចាន់ ដែលយោធាថៃបានកំណត់កាលបរិច្ឆេទឲ្យពលរដ្ឋខ្មែររើចេញនៅថ្ងៃទី 10 ខែតុលានោះ លោក Anutinបានបញ្ជាក់ថា នីតិវិធីច្បាប់នេះគឺត្រូវតែអនុវត្ត រដ្ឋាភិបាលនឹងបណ្តេញជនជាតិខ្មែរចេញពីតំបន់នេះឲ្យអស់នៅពេលដ៏សមស្រប ដែលមិនចាំបាច់ដល់ថ្ងៃទី 10 ខែតុលាទេ។
ការលើកឡើងនេះបានកើតឡើងចំពេលដែលកម្ពុជានិងថៃកំពុងមានការប៉ះទង្គិចគ្នាលើការគ្រប់គ្រងព្រំដែន និងសន្តិសុខ ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមសហគមន៍ដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់។ លើសពីនេះ ពាណិជ្ជកម្មក្នុងស្រុក និងការធ្វើដំណើរចេញ-ចូលនានាត្រូវបានរំខានយ៉ាងដុនដាបនៅក្នុងខេត្តមួយចំនួន។.jpg)
អ្នកវិភាគក្នុងតំបន់បានព្រមានថា ការបិទព្រំដែនរយៈពេលយូរអាចហុចផលវិបាកផ្នែកសេដ្ឋកិច្ចទៅកាន់ប្រទេសទាំងសងខាង ជាពិសេសសម្រាប់ពាណិជ្ជកម្មតាមព្រំដែន ដែលបម្រើជាខ្សែជីវិតដ៏សំខាន់សម្រាប់សហគមន៍ជាច្រើននៅភាគីទាំងពីរ។.jpg)
ទោះជាយ៉ាងណាគេកត់សម្គាល់ឃើញថា កម្ពុជាពុំសូវទទួលរងផលប៉ះពាល់ខ្លាំងពីការបិទនេះទេ ដោយបើសម្លឹងទៅមើលទំហំទឹកប្រាក់នៃការនាំចូលទៅវិញទៅមករបស់ប្រទេសទាំងពីរ ថៃមានទំនិញនាំចូលមកកម្ពុជាមានចំនួនច្រើនជាងកម្ពុជារាប់សិបដង ដែលកត្តានេះឆ្លុះបញ្ចាំងថាថៃគឺជាអ្នកខាតបង់ខ្លាំងនៅពេលសកម្មភាពនាំចេញត្រូវបានកាត់ផ្ដាច់។
បន្ថែមពីនេះ ដើម្បីយកចិត្តពលរដ្ឋជ្រុលនិយមថៃ រដ្ឋាភិបាលថៃមាននាយករដ្ឋមន្រ្តីថ្មីគឺលោក Anutin នេះ សុខចិត្តប្ដេជ្ញាចិត្តបន្តបិទព្រំដែនជាមួយកម្ពុជា ទោះជាដឹងថាកម្ពុជានឹងមិនដាច់ពោះស្លា.ប់ដោយសារថៃបិទព្រំដែនឡើយ។ ផ្ទុយទៅវិញ ការអនុវត្តតាមការទាមទាររបស់ប្រជាជនដោយមិនគិតគូរពីផលប៉ះពាល់ជាក់ស្ដែងនេះ បន្តិចទៀតរដ្ឋាភិបាលថៃមុខជាត្រូវដោះស្រាយបញ្ហាបំណុលរបស់ពលរដ្ឋ បាត់បង់ទីផ្សារនាំចេញទំនិញ និងខាតបង់ផ្នែកសេដ្ឋកិច្ចធ្ងនធ្ងរជាក់ជាមិនខាន៕










