ប្រទេសថៃ ៖ តាំងពីឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន សេដ្ឋកិច្ចថៃកាន់តែដុនដាបខ្លាំងឡើងក្រោយពីវិនិយោគិនបរទេសផ្លាស់ប្តូរទីតាំងផលិតទំនិញចេញពីប្រទេសថៃជាបន្តបន្ទាប់ ដែលបណ្តាលឱ្យរោងចក្រនានាបិទទ្វារភ្លាមៗ ពលរដ្ឋថៃបាត់បង់ការងារធ្វើ បាត់ប្រាក់ចំណូល ។ អ្វីគួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺចំនួនពលរដ្ឋថៃមានជីវភាពក្រីក្របានកើនឡើងរហូតដល់ជាង៣លាននាក់កាលពីឆ្នាំ២០២៤ ។

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃបានបង្ហាញទិន្នន័យកាលពីឆ្នាំ២០២៤ ឬពេលប្រទេសថៃស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលគណបក្សភឿថៃ គឺចំនួនពលរដ្ឋថៃក្រីក្រកើនឡើងរហូតដល់ជាង៣លាននាក់ (ឬស្មើ៣លាន៤សែន៣ម៉ឺននាក់) ដោយសារថៃប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងគ្រោះធម្មជាតិ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Spring News កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ។

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមបានបង្ហាញរបាយការណ៍វិភាគស្តីពី «ស្ថានភាពក្រីក្រ និងវិសមភាពនៅប្រទេសថៃ ឆ្នាំ២០២៤» ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលគណបក្សភឿថៃ ដែលមានលោក ស្រេតថា ថាវីស៊ីន ជានាយករដ្ឋមន្ត្រី បន្ទាប់មក លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ឡើងជានាយករដ្ឋមន្ត្រី ។ របាយការណ៍បញ្ជាក់ថា ពលរដ្ឋក្រីក្រនៅថៃកើនឡើងបន្ថែមទៀតជាង១លាននាក់ ដែលធ្វើឱ្យចំនួនពលរដ្ឋថៃក្រីក្រសរុបកើនឡើងរហូតដល់៣លាន៤សែន៣ម៉ឺននាក់ ឬស្មើ៤.៨៩% នៃចំនួនពលរដ្ឋថៃសរុប ។ 
កាលពីឆ្នាំ២០២៣ ថៃមានពលរដ្ឋក្រីក្រចំនួន២លាន៣សែន៩ម៉ឺននាក់ ខណៈប្រាក់ចំណូលពលរដ្ឋថៃម្នាក់ស្មើត្រឹមតែ៣,០៧៨បាតប៉ុណ្ណោះក្នុង១ខែ (ឬស្មើ៩៦ដុល្លារក្នុង១ខែ) រីឯកំណើនពលរដ្ឋថៃក្រីក្រភាគច្រើន គឺធ្វើការងារកសិកម្ម ។ ពលរដ្ឋថៃមានជីវភាពក្រីក្របំផុតបានកើនឡើងពីចំនួន៦សែន២ម៉ឺន៨ពាន់នាក់នៅឆ្នាំ២០២៣ មកស្មើនឹង៨សែន៩ម៉ឺននាក់នៅឆ្នាំ២០២៤ ឬស្មើ១.២៥% នៃចំនួនពលរដ្ឋថៃសរុប ។

ទោះជាស្ថានភាពក្រីក្ររបស់ពលរដ្ឋថៃល្អប្រសើរឡើងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ប៉ុន្តែកំណើនពលរដ្ឋថៃក្រីក្រកាលពីឆ្នាំ២០២៤ គឺជាសញ្ញាដាស់តឿនឱ្យថៃត្រូវប្រុងប្រយ័ត្នបំផុត ជាពិសេស ពេលសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចថៃប្រឈមនឹងភាពមិនប្រាកដប្រជាដោយសារកត្តាជាច្រើន ។ កត្តាចម្បងធ្វើឱ្យមានកំណើនពលរដ្ឋថៃក្រីក្រ គឺបណ្តាលមកពីពលរដ្ឋថៃពុំទទួលបានការឧបត្ថម្ភសុខុមាលភាពពីរដ្ឋ គ្រោះធម្មជាតិ និងការប្រែប្រួលតម្លៃទំនិញកសិកម្ម ។
ស្ថានភាពក្រីក្ររបស់ពលរដ្ឋថៃនេះ គឺជាការជំរុញឱ្យរដ្ឋាភិបាលត្រួតពិនិត្យការពង្រឹងវិធានការផ្សេងៗក្នុងសង្គម, ជួយសង្គ្រោះពលរដ្ឋងាយរងគ្រោះ និងមានប្រសិទ្ធភាពជាងមុន ដើម្បីអាចអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រទេសថៃរយៈពេលវែង ។
គួរបញ្ជាក់ថា ពលរដ្ឋថៃក្រីក្រមួយចំនួនបានអង្គុយសុំទាននៅតាមទីប្រជុំជននានាក្នុងទីក្រុងបាងកក និងតាមបណ្តាខេត្តដើម្បីឱ្យសាធារណជន និងភ្ញៀវទេសចរបរទេសអាណិតអាសូរ ខណៈរដ្ឋាភិបាលថៃ ក៏ដូចជាស្ថាប័នពាក់ព័ន្ធព្យាយាមកាត់បន្ថយអ្នកសុំទានកុំឱ្យខូចមុខមាត់ប្រទេសថៃ ៕










