បាងកក៖ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា លោកនឹងត្រឡប់ចូលទឹកដីថៃវិញមិនឲ្យលើសពីថ្ងៃទី៨ ខែកញ្ញា ដើម្បីចូលខ្លួនទៅកាន់តុលាការកំពូលជុំវិញសំណុំរឿងបណ្ដឹងរបស់លោកនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមចុះផ្សាយរបស់កាសែតថៃ Khaosod នាល្ងាចថ្ងៃអាទិត្យ ទី៧ កញ្ញា។
យោងតាមសេចក្តីរាយការណ៍ចុងក្រោយបង្អស់ លោកថាក់ស៊ីន គ្រោងនឹងចាកចេញពីទីក្រុងឌូបៃនៅយប់នេះនៅម៉ោង ៩ យប់ តាមយន្តហោះឯកជនប្រភេទ T7GTS ឆ្ពោះទៅប្រទេសសិង្ហបុរីមុននឹងបន្តទៅទីក្រុងបាងកក។ គាត់ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសថៃនៅម៉ោង ៥ ល្ងាច ថ្ងៃច័ន្ទ ទី ៨ ខែកញ្ញា ឆ្នាំ ២០២៥។
មនុស្សជាច្រើនកំពុងតែរង់ចាំមើលដំណើររបស់លោក ថាក់សុីន ដោយសារពួកគេមានអារម្មណ៍សង្ស័យថា អតីតនាយករដ្ឋមន្រ្តីរូបនេះ មានបំណងរត់គេចខ្លួនទៅក្រៅប្រទេស ក្រោយលោកបានសុំការអនុញ្ញាតពីតុលាការដើម្បីទៅពិនិត្យសុខភាពនៅសឹង្ហបុរី ប៉ុន្តែជាជិះហួសរហូតធ្លា.យទៅដល់ទីក្រុងឌូបៃ។.png)
ជាការឆ្លើយនឹងការសង្ស័យខាងលើ លោក ថាក់សុីន បានបកស្រាយនៅលើបណ្ដាញសង្គម X របស់លោកថា ដើមឡើយគាត់មានគម្រោងធ្វើដំណើរទៅប្រទេសសិង្ហបុរីដើម្បីពិនិត្យសុខភាពពិតមែន ប៉ុន្តែមុននឹងចាកចេញទៅបាន មន្ត្រីអន្តោប្រវេសន៍ថៃបានពន្យារពេលគាត់ជិតពីរម៉ោងជាមួយនឹងការសួរនាំជាច្រើន ព្រោះពួកគេយល់ថាលោកមិនទាន់ដាច់ស្រេចជាមួយនឹងការសម្រេចរបស់តុលាការ។
លោកថាក់សុីន បានគូសបញ្ជាក់បន្ថែមទៀតថា ដោយសារតែការពន្យាពេលនេះ ទើបធ្វើឲ្យយន្តហោះរបស់គាត់នឹងមិនអាចចុះចតនៅអាកាសយានដ្ឋានសម្រាប់យន្តហោះឯកជន Seletar របស់សឹង្ហបុរីបានទេ ក៏ព្រោះតែវាត្រូវបិទនៅម៉ោង 10 យប់ម៉ោងក្នុងស្រុកសឹង្ហបុរី។
ទោះជាយ៉ាងណាក៏ដោយ អតីតនាយករដ្ឋមន្រ្តីថៃរូបនេះបានសន្យាថា ខ្លួននឹងមិនរត់គេចទៅណានោះទេ គឺគាត់នឹងវិលត្រឡប់ទៅប្រទេសថៃវិញដើម្បីចូលរួមក្នុងសវនាការរបស់តុលាការកំពូល៕
		
	









