ថៃ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែតបញ្ជាក់ថា មិនមានអ្វីអាចរារាំងប្រទេសថៃ មិនឲ្យប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែ.ក Gripen ដែលទិញពីស៊ុយអែតបានឡើយ ព្រោះថៃក៏ដូចជាប្រទេសដទៃដែរ គឺសិទ្ធិប្រើកម្លាំងដើម្បីការពារខ្លួនស្របតាមច្បាប់អន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។
លោក Pål Jonson រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែតបានឲ្យដឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ថា៖ ប្រទេសថៃ និង ស៊ុយអែត នាពេលនេះកំពុងស្វែងរកនូវកិច្ចសហប្រតិបត្តិការសុីជម្រៅជាមួយគ្នា ហើយប្រទេសស៊ុយអែតក៏បានផ្តល់យោបល់លើការប្រើប្រាស់យន្តហោះចម្បាំង Gripen ទៅកាន់ថៃផងដែរ ក្នុងអំឡុងពេលជម្លោះព្រំដែនថ្មីៗនេះរវាងថៃ និងកម្ពុជា។
ជាមួយគ្នានេះ ជុំវិញសំណួរពីអ្នកសារព័ត៌មានដែលចោ.ទសួរពីផលប៉ះពាល់នៃការប្រើប្រាស់យន្តហោះ Gripen រដ្ឋមន្ត្រីការពារជាតិស៊ុយអែតរូបនេះបានឆ្លើយតបថា៖ ថៃមានសិទ្ធិប្រើប្រាស់ Gripen ក្រោមច្បាប់អន្តរជាតិសម្រាប់ការពារខ្លួន។ ហើយវាគឺជាជម្រើសរបស់ថៃ ដរាបណាថៃប្រើវាស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ”។
លោក Jonson បានសង្កត់ធ្ងន់ថា៖ «ជាការពិតណាស់ ប្រទេសថៃក៏ដូចជាប្រទេសដទៃទៀតដែរ គឺថៃមានសិទ្ធិការពារខ្លួន ហើយយើងគោរពចំពោះគោលការណ៍នេះ»។ បន្ថែមពីលើនេះ លោក Jonson បានឆ្លៀតឱកាសសាទរចំពោះប្រទេសថៃ និងកម្ពុជា ដែលបានខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងសម្តែងការពេញចិត្តចំពោះការបង្កើតគណៈកម្មការចម្រុះ និងការចូលរួមពីអ្នកសង្កេតការណ៍អាស៊ាន ដែលជាផលប្រយោជន៍ល្អបំផុតរបស់ប្រជាជននៃប្រទេសទាំងពីរ។
គួរជម្រាបថា បើតាមអ្វីដែលរដ្ឋមន្រ្តីការពារជាតិស៊ុយអែតបានលើកឡើងខាងលើ ពាក់ព័ន្ធនឹងសិទ្ធិស្របច្បាប់របស់ថៃក្នុងការប្រើប្រាស់យន្តហោះ Gripen នោះគឺចង់សំដៅលើច្បាប់អន្តរជាតិ មាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ៖ ស្ដីពី «សិទ្ធិប្រើប្រាស់កម្លាំង» មានលក្ខណៈវិនិច្ឆ័យបីដែលត្រូវចាត់ទុកថាជាការការពារខ្លួន។ ការវាយប្រហារដោយអាវុធ ភាពចាំបាច់ និងសមាមាត្រ។ វាត្រូវបានចែងថា “កម្រិតនៃកម្លាំងដែលប្រើមិនគួរហួសប្រមាណ ឬហួសពីអ្វីដែលចាំបាច់ ដើម្បីសម្រេចបាននូវគោលដៅស្របច្បាប់នៃការការពារខ្លួនឡើយ”។.jpg)
ផ្ទុយទៅវិញ បើយើងក្រឡេកទៅមើលពីសកម្មភាពថៃនៅក្នុងការប្រយុទ្ធគ្នាជាមួយកម្ពុជាកាលពីថ្មីៗនេះ គឺមិនមានលក្ខណៈណាមួយដែលអាចចាត់ទុកបានថាជាការប្រើកម្លាំងសមាមាត្រក្នុងការការពារខ្លួននោះទេ។ អ្វីដែលកាន់តែមិនអាចទទួលយកបាន គឺថៃបានប្រើប្រាស់ Gripens និង F-16 ដើម្បីវាយប្រហារកម្ពុជា។
សរុបមក ប្រទេសថៃបានប្រើប្រាស់កាំភ្លើងធំលើសទម្ងន់រួមមាន យន្តហោះចម្បាំង រថក្រោះ ផ្សែងផូស្វ័រពណ៌ស មកលើប្រទេសដែលមិនមានយន្តហោះចម្បាំង និងមិនមែនជាគូរប្រៀបរបស់ថៃ។ វាបង្ហាញថាសកម្មភាពថៃកន្លងមក ពុំមែនជាការការពារខ្លួនឡើយ។ ដោយឡែក ការមានយន្តហោះចម្បាំងស៊េរីទំនើបនៅក្នុងដែយ៉ាងដូច្នេះ តើស៊ុយអែតមានអ្វីមកធានា ថាថៃនឹងមិនប្រើវាមកគាបសង្កត់កម្ពុជា?










