ប្រទេសថៃ ៖ ការទិញយន្តហោះចម្បាំងបន្ថែមរបស់ថៃស្របពេលថៃកំពុងមានភាពតានតឹងព្រំដែនជាមួយកម្ពុជា ហើយថៃហាក់ពុំត្រឹមតែប្រើប្រាស់យន្តហោះចម្បាំងសម្រាប់ការពារដែនអាកាសរបស់ខ្លួនដូចការអះអាងទេ គឺថៃមានចេតនាគំរាមកំហែងប្រទេសជិតខាង ។ ថៃបានទិញយន្តហោះចម្បាំងថ្មីទំនើបបំផុតពីស៊ុយអែត ចំនួន៤គ្រឿង សម្រាប់ជំនួសយន្តហោះចម្បាំង F-16 ដែលមានរយៈពេលប្រើប្រាស់តាំងពីឆ្នាំ១៩៨០ មេបញ្ជាការកងទ័ពអាកាសថៃអះអាងថា ស៊ុយអែតពុំហាមឃាត់ការប្រើប្រាស់យន្តហោះចម្បាំង Gripen ក្នុងការវាយប្រ.ហារដែនអាកាសទេ ។
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោក ផាន់ភក្តី ផាត់ថាណាគុន មេបញ្ជាការកងទ័ពអាកាសថៃបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន ក្រោយពីថៃចុះហត្ថលេខាជាមួយស៊ុយអែតលើគម្រោងទិញយន្តហោះចម្បាំង Gripen E/F ដំណាក់កាលដំបូងចំនួន៤គ្រឿង ស្មើទឹកប្រាក់១៩,៥០០លានបាត ថា ស៊ុយអែតពុំបានហាមឃាត់ការប្រើប្រាស់យន្តហោះចម្បាំងក្នុងការវាយប្រ.ហារដែនអាកាសទេ ថៃអាចប្រើប្រាស់យន្តហោះចម្បាំងការពារប្រទេស ប៉ុន្តែត្រូវគោរពគោលការណ៍អន្តរជាតិ ។
កងទ័ពអាកាសថៃនឹងសិក្សាពីការប្រើប្រាស់យន្តហោះចម្បាំង Gripen បន្ថែមទៀត ដូចជា ៖ ការផ្ទេរច្ចេកវិទ្យាយន្តហោះដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឧស្សាហកម្មការពារប្រទេស ព្រមទាំងសហការជាមួយកងទ័ពជើងគោក កងទ័ពជើងទឹក និងវិស័យសន្តិសុខផ្សេងៗនាថ្ងៃអនាគត ។
ថៃទិញយន្តហោះចម្បាំង Gripen មិនមែនដោយសារវាមានទំហំធំទេ ប៉ុន្តែដោយសារអាចប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព ។ ការទិញយន្តហោះចម្បាំងបន្ថែមជាច្រើនគ្រឿង គឺសម្រាប់ការពារប្រទេសថៃនៅភាគខាងកើត និងភាគឦសាន ហើយកងទ័ពអាកាសថៃជឿថា យន្តហោះចម្បាំងទិញលើកចុងក្រោយនេះ នឹងអាចប្រើប្រាស់មានប្រសិទ្ធភាពខ្លាំងជាងយន្តហោះចម្បាំងទិញលើកមុន ។ នេះបើតាមការលើកឡើងរបស់លោក ផាន់ភក្តី ផាត់ថាណាគុន មេបញ្ជាការកងទ័ពអាកាស ។
លោកបន្តថា ថៃមានគម្រោងទិញយន្តហោះចម្បាំងយូរហើយ តាំងពីមុនពេលមានសង្គ្រាមជាមួយកម្ពុជា ហើយថៃនឹងពុំប្រើប្រាស់យន្តហោះចម្បាំងនេះធ្វើឱ្យប៉ះពាល់ប្រទេសណាទេ ។ ប៉ុន្តែពេលសង្គ្រាមកើតឡើង ថៃចាំបាច់ត្រូវប្រើប្រាស់យន្តហោះចម្បាំងក្នុងសង្គ្រាមដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ និងការពារសន្តិសុខប្រទេសខ្លួន ។ លោកបានច្រានចោលព័ត៌មានដែលថា ស៊ុយអែតពុំលក់យន្តហោះចម្បាំងឱ្យថៃ គឺថៃបានជជែកជាមួយស៊ុយអែតរហូតមក និងពង្រឹងទំនាក់ទំនងកាន់តែខ្លាំងជាមួយស៊ុយអែត ។
លោកក៏បានអរគុណរដ្ឋាភិបាលថៃ ដែលមានគោលនយោបាយឱ្យកងទ័ពអាកាសទិញយន្តហោះចម្បាំងពីស៊ុយអែតបន្ថែម ។ មតិភាគច្រើនលើកឡើងថា ថៃចំណាយប្រាក់ច្រើនរហូតដល់៦៧,០០០លានបាតសម្រាប់ទិញយន្តហោះចម្បាំង ប៉ុន្តែអ្វីដែលកងទ័ព និងរដ្ឋាភិបាលថៃទទួលបាននឹងមានតម្លៃខ្ពស់ជាងប្រាក់ ពីព្រោះយន្តហោះចម្បាំងនឹងជួយពង្រឹងភាពរឹងមាំផ្នែកកងទ័ព និងសេដ្ឋកិច្ចនាថ្ងៃអនាគត ជាពិសេស កងទ័ពថៃបានសហការជាមួយស៊ុយអែតរយៈពេល១៧ឆ្នាំហើយ ។
ចុងក្រោយ មេបញ្ជាការកងទ័ពអាកាសថៃបញ្ជាក់ថា ស៊ុយអែតពុំបានហាមឃាត់ថៃប្រើប្រាស់យន្តហោះចម្បាំង Gripen ក្នុងការវាយប្រ.ហារដែនអាកាសទេ ថៃអាចប្រើប្រាស់យន្តហោះចម្បាំងការពារប្រទេស និងគ្រប់ការបំពេញភារកិច្ច ប៉ុន្តែត្រូវគោរពគោលការណ៍អន្តរជាតិក្នុងការប្រតិបត្តិការយន្តហោះចម្បាំង ។
ស៊ុយអែតធ្លាប់មានកេរ្តិ៍ឈ្មោះល្អក្នុងការគោរពសិទ្ធិមនុស្សជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់ខ្លួន ពេលនេះ បែរជាបង្ហាញទង្វើផ្ទុយតាមរយៈការលក់យន្តហោះចម្បាំងឱ្យថៃដើម្បីប្រើប្រាស់ឈ្លានពានប្រទេសជិតខាងទៅវិញ ។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការសហការលក់យន្តហោះចម្បាំងឱ្យថៃពេលស្ថានការណ៍តានតឹង នឹងធ្វើឱ្យស៊ុយអែតបាត់បង់កិត្យានុភាពលើការលើកកម្ពស់សិទ្ធិមនុស្ស ៕










