បន្ទាយមានជ័យ៖ នៅរសៀលម៉ោងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរជាច្រើនបានប្រមូលផ្ដុំគ្នាកាន់ដំបងម្នាក់មួយៗ ទៅតវ៉ាប្រឆាំងនឹងទាហានថៃប្រដាប់សុទ្ធតែកាំភ្លើងគ្រប់ដៃ មកព័ទ្ធបន្លាលួសយកដីរបស់របស់ពួកគាត់នៅភូមិណងចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ។ នេះបើតាមប្រភពរបស់ប្រជាពលរដ្ឋនៅទីតាំងកើតហេតុផ្ទាល់។

បើតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះ «ពិសិដ្ឋ ពិសិដ្ឋ» ដែលជាពលរដ្ឋបានចូលរួមក្នុងសកម្មភាពតវ៉ាខាងលើនេះបានឲ្យដឹងថា៖ គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ ទាហានថៃបានយកលួសមកព័ទ្ធដីភូមិ រួមទាំងចម្ការអំពៅរបស់ពលរដ្ឋខ្មែរ ដោយមិនអើពើនឹងការស្រែកតវ៉ារបស់ពួកគាត់ដែលជាអ្នករស់នៅទីនេះឡើយ។
ប្រភពខាងលើបានឲ្យដឹងទៀតថា៖ ពួកគាត់ដែលជាប្រជាជនរស់នៅតំបន់នេះផ្ទាល់ ពិតជាមានការឈឺចាប់ខ្លាំងណាស់ ដែលទាហានឈ្លានពានថៃទាំងនោះនៅតែរុករុលរាយបន្លាលួសតាមតែទំនើងចិត្តបែបនេះ។ ជាមួយគ្នានេះ ពលរដ្ឋស្នើសុំឲ្យរដ្ឋាភិបាល រួមទាំងក្រសួងការពារជាតិ សូមចាត់វិធានណាមួយជាបន្ទាន់ផងសម្រាប់ពួកគាត់ផង ព្រោះខណៈពេលនេះពួកគាត់ព្យាយាមតវ៉ាជាមួយពួកគេអស់លទ្ធភាពហើយ។
គួររំលឹកផងដែរថា ចាប់តាំងពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥មក ទាហានឈ្លានពានថៃមានទាំងឈុតខ្មៅ និងឈុតប៉ារ៉ា បានសម្រុកនាំគ្នាចល័តកម្លាំងយកបន្លាលួស និងកង់ឡានមករាយព័ទ្ធយកដីផ្ទះប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មភាពនេះ អាចចាត់ទុកបានថាជាការរំលោភលើកិច្ចព្រមព្រៀងគ្នាទាំង១៣ ចំនុចនៅក្នុងកិច្ចប្រជុំ GBC ជាពិសេសទៅលើចំនុចដែលតម្រូវឲ្យឈេជើងតែនៅទីតាំងដើមរបស់ខ្លួននៅពេលបច្ចុប្បន្ន រួមទាំងការហាមឃា.ត់សកម្មភាពចល័តកងទ័ពផងដែរ៕










