ជម្លោះជាច្រើនឆ្នាំមើលមុខគ្នាមិនចំរវាងបុគ្គលល្បីឈ្មោះ ប៉ីប៉ី ឌី និង ទីនីន ស្រាប់តែវិលមកជានាគ្នាវិញបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសប្បាយចិត្តនិងមានការភ្ញាក់ផ្អើល។ ការយល់ច្រឡំកាលពីអតីតកាល ត្រូវបានដោះស្រាយក្នុងការរួបរួមគ្នាក្នុងស្មារតីខ្មែរតែមួយ ខណៈ ប៉ីប៉ី ឌី ក៏បានសូមទោសទៅកាន់ ទីនីន ។
នៅថ្ងៃទី២៤ សីហា ប៉ីប៉ី ឌី បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមថា «មានអ្នកណាស្រលាញ់ខ្មែរ ជាងខ្មែរដូចគ្នាទេ ល្អអាក្រក់ យើងនៅតែជាជាតិសាសន៍តែមួយ។កំឡុងពេលសង្គ្រាម ខ្ញុំពិតជាបានឃើញពីការរួបរួម ហើយខ្ញុំពិតជាស្តាយក្រោយចំពោះទង្វើរបស់ខ្ញុំ ដែលបង្កើតឱ្យមានជម្លោះ និងសត្រូវកន្លងមកសង្ឃឹមថា វាគ្រាន់តែជាភាពចង់ឈ្នះ គិតមិនបានវែងឆ្ងាយ និងសូមអហោសកម្មអោយគ្នា ហើយបែរមកសាមគ្គីគ្នាវិញ»។ អ្វីដែលកាន់តែចាប់អារម្មណ៍សំណេររបស់ ប៉ីប៉ី ឌី ដែលទទួលស្គាល់កំហុសកាលពីអតីតកាលធ្វើឱ្យមានសត្រូវព្រោះតែចង់ឈ្នះចាញ់នេះគេបានឃើញ ទីនីន បានចែករំលែកបន្តជាមួយនឹងសញ្ញាបេះដូង។
បន្ទាប់ពីឃើញការចែករំលែករបស់ ទីនីន ប៉ីប៉ី ឌី បានប្រើប្រាស់គណនីផ្ទាល់ខ្លួនចូលទៅសូមទោស ទីនីន ខណៈអ្នកទាំងពីរមានជម្លោះពាក្យសម្តីកាលពីឆ្នាំ២០១៧។ ប៉ីប៉ី ឌី បានសរសេរថា«មនុស្សដំបូងគេដែលខ្ញុំចង់សូមទោសគឺ ទីនីន ចំពោះអតីតកាលដែលកើតឡើង សង្ឃឹមថាថ្ងៃក្រោយជួបគ្នា យើងអាចញញឹមដាក់គ្នាដោយចេញពីចិត្ត ក្នុងនាមជាជាតិសាសន៍តែមួយ»។
ការសូមទោសរបស់ ប៉ីប៉ី ឌី បានធ្វើឱ្យ ទីនីន មានការរំភើបចិត្តជាខ្លាំងដោយនាងបានតបវិញថា «ពីដើមមក ខ្ញុំមិនដែលមានបំណងចង់ធ្វើសត្រូវនឹងបង រឺមានបញ្ហាជាមួយបងទេ។
ពីមុនខ្ញុំស្គាល់បងព្រោះបងល្បីចូលចិត្តមើលបងសើចសប្បាយតែខ្ញុំដឹងថាបងមិនស្គាល់ខ្ញុំទេ។ សុខៗក៏ស្រាប់តែមានបញ្ហាខ្ញុំអត់ដឹងមូលហេតុថាខ្ញុំខុសអីបានចឹង។ តែខ្ញុំក៏បំភ្លេចរឿងនឹងចោល ចាប់ផ្តើមម្តងទៀត ហើយខ្ញុំតែងតែសង្ឃឹមថាថ្ងៃណាមួយអាចអង្គុយ និយាយជាមួយបងនូវរឿងដែលកើតឡើងឱ្យច្បាស់ក្នុងចិត្តថាពេលនឹងខ្ញុំខុសអី។ តែឥឡូវមិនខ្វល់ទេរឿងអតីតកាល បំភ្លេចចោល ហើយក៏អរគុណបងសំរាប់ការលះបង់ពេលប្រទេសជាតិមានទុក្ខលំបាក នៅគាំទ្របងដូចដើម»។
ការឆ្លើយតបគ្នាទៅវិញទៅមកប្រកបដោយភាពវិជ្ជមាន ប៉ីប៉ី ឌី ក៏បានចែករំលែកខ្លឹមសាររបស់ ទីនីន ដែលបានបង្ហោះនិងភ្ជាប់មកជាមួយសំណេរក្នុងន័យថាគ្មានអ្វីដែលហួសពេលទេចំពោះការទទួលស្គាល់កំហុសដែលបានធ្វើបើទោះរឿងនោះកន្លងផុតច្រើនឆ្នាំក្តី។ ប៉ីប៉ី ឌី ថាយើងអាចកែប្រែរឿងដែលកើតឡើងបានដោយចាប់ផ្តើមពីខ្លួនឯង ជាក់ស្តែងដូចជារឿងលោកនិងទីនីនជាដើម។ បន្ទាប់ពីផ្សះផ្សាគ្នាទៅវិញទៅមកគេបានសង្កេតឃើញទីនីន និង ប៉ីប៉ី ឌី កាន់តែមានរីករាយចំពោះគ្នា ខណៈទស្សនិកជនគាំទ្រខ្លាំងដែលអ្នកទាំងពីរវិលមកជានាគ្នាវិញ៕