តារាចម្រៀង កៅ ពន្លឺ គឺជាសមាជិកក្រុម «ក្មេងខ្មែរ» ជាមួយនឹងតារាចម្រៀង ជា សុជាតិ ហើយបានសាងស្នាដៃជាច្រើនទាំងចម្រៀងទោលនិងជាក្រុម។ ថ្មីៗនេះលោកក៏បានរម្លឹកអនុស្សាវរីយ៍នៃការចាប់ផ្តើមដំបូងៗពីការធ្វើបទចម្រៀងដោយខ្លួនឯងហើយសុទ្ធសឹងតែជាបទល្បីៗទទួលបានការគាំទ្រពីទស្សនិកជន។
តារាចម្រៀង កៅ ពន្លឺ បានចែករំលែកបទពិសោធន៍របស់ខ្លួនតាមរយៈវីដេអូមួយដែលបង្ហោះចេញនៅថ្ងៃទី១៩ សីហា ដោយបានដាក់ចំណងជើងថា «ការវិវត្តន៍របស់ខ្ញុំនៅក្នុងវិស័យចម្រៀង»។ តារាចម្រៀងរូបនេះបានរៀបរាប់ថាបទដំបូងដែលសរសេរដោយខ្លួនឯងនិងមិត្តភក្តិម្នាក់ទៀតមានចំណងជើងថា «Don’t Forget Me» និងបទទីពីរមានចំណងជើងថា «ជីវិតក្មេងកំព្រា» នៅក្នុងអាល់ប៊ុម ដើម្បីកូនខ្មែរ ហើយបានយកលុយពីការលក់អាល់ប៊ុមនោះមកធ្វើសប្បុរសធម៌ជួយដល់អង្គការ PSE ។
លោក ក៏បានរៀបរាប់ពីដំណើរនៃការចាប់អាជីពសិល្បៈមានទាំងនៅក្នុងក្រុមរាំមុននឹងបង្កើតក្រុមមួយទៀតឈ្មោះថា KHMER PRIDE ហើយអំឡុងពេលនោះ ពន្លឺ បានទម្លាយថាលោកមានការស្រ្តេសទៅលើការសិក្សានៅសាកលវិទ្យាល័យផងដែរ។ ក្រោយមកទៀត កៅ ពន្លឺ ថាលោកបានជួបជាមួយនឹងក្រុម SmallWorld SmallBand ហើយក៏បានស្គាល់ ជា សុជាតិ នៅក្នុងអំឡុងពេលនោះផងដែរហើយក៏មានបទ «សៀវភៅកំណត់ហេតុស្នេហ៍»។

តារាចម្រៀង កៅ ពន្លឺ បានបន្ថែមទៀតថាក្នុងពេលចេញចម្រៀងជាមួយ សុជាតិ លោកក៏បានចេញចម្រៀងជាមួយ ពេជ្ជរិទ្ធ មានចំណងជើងថា Waiting និង love alone ។ លោកបន្ថែមថា នេះជាបទចម្រៀងមួយចំនួនដែលលោកចង់ចែករំលែកទៅកាន់អ្នកគាំទ្រពី Timeline របស់លោកក្នុងការនិពន្ធចម្រៀង។
គួរឱ្យដឹងថា បទចម្រៀងដែល កៅ ពន្លឺ បានរៀបរាប់ខាងលើនេះសុតសឹងតែជាបទដែលលោកទទួលបានការគាំទ្រច្រើនពីទស្សនិកជនដែលជាស្នាដៃនិពន្ធថ្មីហើយធ្វើឱ្យលោកមានឈ្មោះបោះសំឡេងមកដល់បច្ចុប្បន្ន។ ចំណែកឯបទចម្រៀង ក្មេងខ្មែរ កាលពីមុននៅតែមានប្រសិទ្ធិភាពមកដល់បច្ចុប្បន្នជាក់ស្តែងដូចជាបទ «ឆឺតឆឺតបុណ្យភូមិ» ជាដើមដែលសហការជាមួយនឹង SmallWorld SmallBand ៕










