ប្រទេសថៃ ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Daily News រាយការណ៍ថា មីយ៉ាន់ម៉ាបានបិទព្រំដែននៅត្រង់ស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃទី២ នៅខេត្តមៀវឌី ឬទល់មុខភូមិវាំងតាខៀនតាយ ឃុំថាសាយលួត ស្រុកមេស៊ត ខេត្តតាក ប្រទេសថៃ ដោយពុំជូនដំណឹងមកថៃជាមុន ។ ការបិទព្រំដែននេះធ្វើឱ្យរថយន្តដឹកទំនិញថៃគ្រប់ប្រភេទពុំអាចឆ្លងដែនទៅមីយ៉ាន់ម៉ាបាន ហើយសូម្បីតែគយថៃនៅស្រុកមេស៊ត ក៏ពុំទទួលបានការជូនដំណឹងពីការបិទព្រំដែនដែរ ។
ការបិទព្រំដែននៅចំណុចនេះ គឺជាការបិទច្រកនាំចេញ-នាំចូលទំនិញដ៏សំខាន់របស់ប្រទេសថៃ ដែលឈ្មួញថៃបានដឹកជញ្ជូនតាមរថយន្តផ្សេងៗឆ្លងព្រំដែន ព្រមទាំងរថយន្តដែលធ្លាប់ដឹកទំនិញថៃទៅកាន់ខេត្តមៀវឌី ក៏រងផលប៉ះពាល់ដែរ ។
តាមសេចក្តីរាយការណ៍ពីកងទ័ពនៅខេត្តមៀវឌីឱ្យដឹងថា ការបិទព្រំដែននេះដោយសាររដ្ឋាភិបាលមីយ៉ាន់ម៉ាចង់ទទួលបានប្រាក់ចំណូលពីការនាំចេញទំនិញរបស់ខ្លួន ដោយសារកន្លងមក រដ្ឋាភិបាលមីយ៉ាន់ម៉ាគ្មានចំណូល ។ ចំណូលពីការធ្វើពាណិជ្ជកម្មតាមព្រំដែនភាគច្រើនបានទៅលើកងកម្លាំងជនជាតិភាគតិច និងកងកម្លាំងល្បាតព្រំដែន ទើបរដ្ឋាភិបាលមីយ៉ាន់ម៉ារឹតបន្តឹងទំនិញថៃដើម្បីកំណត់វិធានការថ្មីឱ្យប្រទេសខ្លួនមានចំណូល ។

ទោះយ៉ាងណា មន្ត្រីច្រកព្រំដែនមីយ៉ាន់ម៉ាបានបើកស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃ ទី១ ដើម្បីឱ្យពលរដ្ឋមីយ៉ាន់ម៉ា និងថៃអាចឆ្លងដែនទៅមក ព្រមទាំងដឹកទំនិញមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងតំបន់ ។.jpg)
ការបិទព្រំដែននៅត្រង់ស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃទី២ គឺមីយ៉ាន់ម៉ាពុំបានជូនដំណឹងឱ្យថៃដឹងមុនឡើយ ហើយសូម្បីតែគយថៃនៅស្រុកមេស៊ត ក៏ពុំទទួលបានការជូនដំណឹងពីការបិទព្រំដែនដែរ ។ បច្ចុប្បន្ន ប្រាក់ចំណូលពីការនាំចេញទំនិញថៃទមីយ៉ាន់ម៉ា គឺនៅសល់ត្រឹមតែជាង១ម៉ឺនបាតប៉ុណ្ណោះក្នុង១ត្រីមាស ខណៈកន្លងមក ប្រាក់ចំណូលស្មើរហូតដល់៥ម៉ឺនបាត ៕










