ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសថៃនឹងនាំមន្ត្រីទូត៥០ប្រទេសដែលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ទៅពិនិត្យមើលកន្លែងកងទ័ពថៃជាន់មីននៅបរិវេណប្រាសាទតាមាន់ធំ នាថ្ងៃទី១៦ ខែសីហានេះ ក្រោយពីភាគីថៃចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ថា កងទ័ពកម្ពុជាបង្កប់មីនថ្មីលើទឹកដីខ្លួន ។ ថៃចាត់ទុកហេតុការណ៍នេះជាបញ្ហាធ្ងន់ធ្ងរ បំពានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងល្មើសអនុសញ្ញាអូតាវ៉ា ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ។

លោក រ៉ាត់ ឆាលីចាន់ ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសថៃបាននិយាយពីទាហានឈុតខ្មៅថៃជាន់មីនរងរបួសកាលពីថ្ងៃទី១២ ខែសីហា កន្លងមក ពេលកំពុងល្បាតនៅបរិវេណប្រាសាទតាមាន់ធំ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា ថា ក្រសួងការបរទេសថៃបានតវ៉ាទៅកម្ពុជា និងពន្លឿនការតវ៉ាទៅមន្ត្រីស្ថានទូតពាក់ព័ន្ធរួចហើយ ។ នៅថ្ងៃទី១៥ ខែសីហា ក្រសួងការបរទេសថៃនឹងអញ្ជើញមន្ត្រីទូតមកពី៥០ប្រទេសដែលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងមន្ត្រីពាក់ព័ន្ធ មកស្តាប់ថៃនិយាយពីកងទ័ពជាន់មីន ។

បន្ទាប់មក នៅថ្ងៃទី១៦ ខែសីហា រដ្ឋមន្ត្រីក្រសួងការបរទេសថៃនឹងនាំមន្ត្រីទូតទាំង៥០ប្រទេស និងមន្ត្រីពាក់ព័ន្ធទៅពិនិត្យមើលកន្លែងកងទ័ពថៃជាន់មីននៅខេត្តស៊ីសាកេត ដើម្បីឱ្យមន្ត្រីទូតជ្រាបហេតុការណ៍ជាន់មីនពីកងទ័ពក្នុងតំបន់ដោយផ្ទាល់ ។ រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានទៅជួបផ្ទាល់ជាមួយបណ្តាប្រទេសជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា តាំងពីកងទ័ពថៃជាន់មីនរងរបួសលើកដំបូងមកម្ល៉េះ ។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅម៉ាឡេស៊ី ភាគីថៃធ្លាប់ស្នើឱ្យកម្ពុជាបោសសម្អាតមីននៅព្រំដែន ប៉ុន្តែកម្ពុជាបដិសេធ ។

ហេតុការណ៍កងទ័ពថៃជាន់មីនបានកើតឡើងម្តងហើយម្តងទៀត ហើយភាគីថៃចោទប្រកាន់កម្ពុជាពុំស្មោះត្រង់ក្នុងការដោះស្រាយបញ្ហា ដោយកម្ពុជាបដិសេធសំណើដោះមីនរបស់ថៃក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅម៉ាឡេស៊ី ។ ថៃចាត់ទុកហេតុការណ៍នេះជាបញ្ហាធ្ងន់ធ្ងរ បំពានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងល្មើសអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស (ឬអនុសញ្ញាអូតាវ៉ា) និងច្បាប់មនុស្សធម៌អន្តរជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតកងទ័ពថៃ ដូច្នេះ ក្រសួងការបរទេសថៃនឹងចាត់វិធានការការទូតដើម្បីស្វែងរកដំណោះស្រាយ ។ នេះបើតាមការលោក រ៉ាត់ ឆាលីចាន់ ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ។

គួរបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជាបានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីននៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ។ កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺគ្មានការប្រើប្រាស់ និងមិនប្រើប្រាស់មីនថ្មីដាច់ខាត ។ កម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតមីន និងគ្មានការប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលថា ភាគីទាំងពីរបានព្រមព្រៀងរក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននាម៉ោង១២អធ្រាត្រ (ម៉ោងក្នុងតំបន់) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ ៕