សហរដ្ឋអាមេរិក ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា លោក Elon Musk គឺជាមហាសេដ្ឋីនៅសហរដ្ឋអាមេរិកជាម្ចាស់ក្រុមហ៊ុន SpaceX, Tesla និងបណ្តាញសង្គម X គ្រោងប្តឹងក្រុមហ៊ុន Apple ពីបទពុំដាក់កម្មវិធី X និង Grok ដ៏ល្បីល្បាញរបស់លោកចូលក្នុង App Store ខណៈក្រុមហ៊ុន Apple លើកឡើងថា App Store ត្រូវបានបង្កើតឡើងមកដោយយុត្តិធម៌ និងពុំលម្អៀង ។

លោក Elon Musk បានសរសេរនៅក្នុងបណ្តាញសង្គម X កាលពីថ្ងៃទី១១ ខែសីហា ថា ៖ «ហេតុអ្វីក្រុមហ៊ុន Apple ពុំដាក់កម្មវិធី X និង Grok របស់លោកចូលក្នុង App ប្រភេទ Must Have ខណៈ X គឺជាកម្មវិធីបណ្តាញសង្គមលំដាប់ទី១ លើពិភពលោក រីឯកម្មវិធី Grok បានជាប់ចំណាត់ថ្នាក់ទី៥? ឬក្រុមហ៊ុន Apple កំពុងប្រឡូកក្នុងនយោបាយ ខ្ញុំចង់ដឹងមូលហេតុខ្លាំងណាស់» ។
.png)
Grok គឺជាកម្មវិធី Chatbot បញ្ញាសិប្បនិមិ្មតបង្កើតឡើងដោយក្រុមហ៊ុន xAI របស់លោក Elon Musk ។ លោកនិយាយថា ៖ «ក្រុមហ៊ុន Apple កំពុងតែធ្វើឱ្យក្រុមហ៊ុន AI ផ្សេងទៀតក្រៅពី OpenAI ពុំអាចជាប់ចំណាត់ថ្នាក់ទី១ នៅក្នុង App Store ។ វាជាការល្មើសច្បាប់ប្រឆាំងនឹងទំនុកចិត្តយ៉ាងច្បាស់ ហើយក្រុមហ៊ុន xAI នឹងចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់» ។
ចំណែកក្រុមហ៊ុន Apple បានឆ្លើយតបក្នុងអ៊ីម៉ែលថា App Store ត្រូវបានបង្កើតឡើងមកដោយយុត្តិធម៌ និងពុំលម្អៀង ។ យើងបានបង្ហាញកម្មវិធីរាប់ពាន់ និងត្រូវបានបង្កើតឡើងដោយអ្នកជំនាញអព្យាក្រឹតដើម្បីឱ្យអ្នកប្រើប្រាស់អាចរកឃើញប្រកបដោយសុវត្ថិភាព និងបង្កើនឱកាសសម្រាប់អ្នកអភិវឌ្ឍន៍ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Apple ធ្លាប់ប្រឈមនឹងការចោទប្រកាន់ប្រឆាំងទំនុកចិត្តជាច្រើនលើក ព្រមទាំងរឿងក្តីរបស់ Epic Games ជាក្រុមហ៊ុនអភិវឌ្ឍន៍ Fortnite ដែលតុលាការអាមេរិកបានកាត់ក្តីថា ក្រុមហ៊ុន Apple បំពានដីការបស់តុលាការ ។ ក្រៅពីនេះ សហភាពអឺរ៉ុប (EU) បានកំណត់ឱ្យផាកពិន័យក្រុមហ៊ុន Apple ចំនួន៥០០លានអឺរ៉ូ កាលពីខែមេសា ឆ្នាំ២០២៥ ពីបទរារាំងអ្នកអភិវឌ្ឍន៍ណែនាំវិធីបង់ប្រាក់ដែលថោកជាងក្រៅពី App Store ។
ក្រុមហ៊ុន Apple ក៏ត្រូវបានផាកពិន័យស្មើទឹកប្រាក់រហូតដល់ជិត២ពាន់លានអឺរ៉ូផងដែរកាលពីឆ្នាំ២០២៤ ករណី Apple ផ្តល់អត្ថប្រយោជន៍ដល់សេវាកម្មតន្ត្រីរបស់ខ្លួនច្រើនជាងក្រុមហ៊ុនគូប្រជែង គឺ Spotify ៕










