បន្ទាយមានជ័យ៖ កាលពីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ទាហានសៀមពាក់ឯកសណ្ឋានប៉ារ៉ាចំនួនប្រហែលពី ២០ ទៅ ៣០ នាក់ បានយកលួសបន្លាមកហំព័ទ្ធបិតផ្លូវចូលផ្ទៈប្រជាពលរដ្ឋ៣ទៅ៤ខ្នងនិងផ្លូវចូលច្រកណង់ចាន់ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ នេះបើយោងតាមការរាយការណ៍របស់ប្រជាពលរដ្ឋនៅក្នុងតំបន់។

ប្រភពពលរដ្ឋបានឲ្យដឹងថា ទាហានពាក់ឯកសណ្ឋានប៉ារ៉ារបស់សៀម បានលើកគ្នាប្រមាណជា២០ទៅ៣០នាក់ ដោយអ្នកខ្លៈមានកាន់អាវុធ ខ្លៈទៀតកាន់លួសបន្លាបាននាំគ្នាចូលមកហំព័ទ្ធផ្ទះរបស់ប្រជាពលរដ្ឋខ្មែរ ចំនួន៣ទៅ៤ខ្នងផ្ទះ ព្រមទាំងបិតផ្លូវចេញ.ចូលមិនអោយប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បាន ធ្វើឲ្យពួកគាត់ជួបការលំបាកជាខ្លាំង។

បើតាមការអះអាងរបស់ពលរដ្ឋក្នុងតំបន់ខាងលើនេះបានឲ្យដឹងទៀតថា កន្លងមកកាលពីថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៥ ដែលកម្ពុជានិងថៃកំពុងមានការប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកនៅតាមតំបន់ព្រំដែនមួយចំនួន ទាហានសៀមបានឆ្លៀតឱកាសដឹកនាំគ្នាជាច្រើននាក់ រួមជាមួយគ្រឿងចក្រប្រភេទអ៊ែស្កាទ័រ១គ្រឿង បានចូលមកវាយកំទិចចោលរោងប៉ុស្តិ៍ត្រួតពិនិត្យច្រករបៀងណង់ចាន់ ឲ្យខ្ទេចអស់ចំនួន២កន្លែង ត្រង់ចំណុចច្រកតំបន់៥ និងច្រកណង់ចាន់។
ដោយឡែក នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ក៏មានទាហានសៀមប្រមាណ២០ទៅ៣០នាក់បានមកម្ដងទៀត ប្រដាប់ដោយអាវុធនិងលួសបន្លាបានចូលមកហំព័ទ្ធផ្ទះរបស់ប្រជាពលរដ្ឋប្រមាណ៣ទៅ៤ខ្នង ដែលគិតជាប្រវែងប្រហែល ២០០ម៉ែត្រ និងមានចម្ងាយប្រមាណ១៦០ម៉ែត្រពីកន្លែងប៉ុស្តិ៍ដែលពួកគេបានវាយកំទិចចោលនោះ ព្រមទាំងបិតផ្លូវជិតឈឹងមិនអោយប្រជាពលរដ្ឋចេញ.ចូលផ្ទះបាននោះទេ។

បើតាមអាជ្ញាធរស្រុកអូរជ្រៅបានរាយការណ៍ថា៖ ទាហានសៀមពិតជាបានយកលួសបន្លាមកហ៊ុមព័ទ្ធផ្ទះប្រជាពលរដ្ឋពិតមែន ខណៈពេលពលរដ្ឋដែលជាម្ចាស់ផ្ទះទាំងនោះបាននាំគ្នាភៀសសឹកចេញ ។ ប្រភពដដែលនេះបានបញ្ជាក់ថា ដោយសារមានការព្រួយបារម្ភ ទើបប្រជាពលរដ្ឋនៅតំបន់នេះរើអីវ៉ានជម្លៀសខ្លួនចេញអស់ដើម្បីសុវត្ថិភាពព្រោះទាហានសៀមឈ្លានពាន ពិតជារំលោភបំពានមកលើអធិបតេយ្យភាពកម្ពុជាពិតមែនម្ដងហើយម្ដងទៀតមែន។

សកម្មភាពនេះ បានបង្ហាញពីចរិតឈ្លានពាន ចង់បានទឹកដីកម្ពុជាយ៉ាងគ្មានកេរ្តិ៍ខ្មាសរបស់ទាហានសៀម ដែលបានរំលោភដែនអធិបតេយ្យកម្ពុជា បំពានបទឈប់បា.ញ់ បើទោះជាបានឯកភាពគ្នាដើម្បីស្វែងរកសន្តិភាពហើយក៏ដោយ។ ទង្វើនេះ អាចជាចេតនាចង់ញុះញង់ឲ្យមានការផ្ទុះអាវុ.ធសារជាថ្មី ដើម្បីយកលេសប្រាប់អន្តរជាតិថាកម្ពុជាគឺជាអ្នកបង្កមុនទៀត ចំណែកឯថៃគ្រាន់តែធ្វើការតបតដើម្បីការពារខ្លួន៕









