យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលចេញផ្សាយដោយសមាជិកសភាព្រឹទ្ធសភាកាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា កងទ័ពកូរ៉េខាងត្បូងបានធ្លាក់ចុះមកដល់ប្រមាណ ៤៥ម៉ឺននាក់ ក្នុងឆ្នាំ ២០២៤ ដែលជាការថយចុះប្រហែល ២០% បើប្រៀបធៀបនឹង ៦ឆ្នាំមុន។ របាយការណ៍បានបញ្ជាក់ថា មូលហេតុសំខាន់នៃការថយចុះនេះ គឺបណ្ដាលមកអត្រាកំណើតទាបខ្លាំង ដែលមានជាមធ្យមត្រឹម ០,៧៥កូន ប៉ុណ្ណោះសម្រាប់ស្ត្រីម្នាក់ ក្នុងឆ្នាំ ២០២៤ ដែលធ្វើឱ្យកូរ៉េខាងត្បូងជាប់កំណត់ត្រាជាប្រទេសដែលមាន អត្រាកំណើតទាបបំផុតលើពិភពលោក។

កូរ៉េខាងត្បូងនៅតែរក្សាប្រព័ន្ធបម្រើទាហានជាកាតព្វកិច្ចសម្រាប់បុរសដែលមានសុខភាពល្អរយៈពេល ១៨ ខែ ដោយសារប្រទេសនេះនៅតែស្ថិតក្នុងស្ថានភាពអាចកើតមានសង្គ្រាមជាមួយកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។ ការសិក្សាមួយកាលពីខែកក្កដា បង្ហាញថា កងទ័ពកូរ៉េខាងត្បូងត្រូវការយ៉ាងហោចណាស់ ៥០ម៉ឺននាក់ បន្ថែមទៀត ដើម្បីទប់ទល់នឹងការវាយប្រហារពីកូរ៉េខាងជើង ដែលត្រូវបានគេជឿថាមានកម្លាំងប្រយុទ្ធសកម្មប្រមាណជាង ១,៣ លាននាក់។
យ៉ាងណាមិញ ចំនួនអង្គភាពទ័ពបានថយចុះពី ៥៩អង្គភាព នៅឆ្នាំ ២០០៦ ចុះមកត្រឹម ៤២អង្គភាព ក្នុងឆ្នាំនេះ ដោយសារការរំលាយឬបញ្ចូលគ្នារវាងអង្គភាព។ ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើង កូរ៉េខាងត្បូងបានបង្កើនថវិកាការពារជាតិ សម្រាប់ឆ្នាំ ២០២៥ ច្រើនជាង ៦០លានលានវ៉ុន (ឬប្រមាណ ៤៣ ពាន់លានដុល្លារ) ដែលខ្ពស់ជាង GDP របស់កូរ៉េខាងជើងទាំងមូល។

ការបម្រើយោធាត្បិតតែមានសារៈសំខាន់ក្នុងការពារជាតិក៏ពិតមែន ប៉ុន្តែក៏មានបុរសជាច្រើនមិនពេញចិត្តចំពោះកាតព្វកិច្ចនេះដែរ ព្រោះពួកគេយល់ថាវាធ្វើឱ្យជីវិតជាយុវវ័យរបស់ពួកគេត្រូវបានផ្អាក។ ទោះជាយ៉ាងណា អ្នកអភិរក្សខ្លះបានណែនាំឱ្យពិចារណាលើការកោះហៅស្ត្រីឱ្យទៅបម្រើទាហានផងដែរ នៅក្នុងកាលទេសៈបញ្ហាប្រជាសាស្រ្តដ៏ធ្ងន់ធ្ងរនេះ។.png)
គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានបំបែកកំណត់ត្រាអត្រាកំណើតទាបរបស់ខ្លួនជាបន្តបន្ទាប់ ដោយក្នុងឆ្នាំ ២០១៨ ជាមធ្យមមាន ០,៩៨ កូនក្នុងស្ត្រីម្នាក់, ២០២០ មាន ០,៨៤កូន, ២០២៣ មាន ០,៧២កូន និង ០,៧៥កូន ក្នុងឆ្នាំ ២០២៤។ បន្ថែមពីនេះ អ្នកជំនាញបានព្រមានថា ប្រសិនបើទម្រង់នេះនៅតែបន្ត ប្រជាជនប្រហែល ៥០លាននាក់ អាចថយចុះពាក់កណ្តាលក្នុងរយៈពេល ៦០ ឆ្នាំខាងមុខ។ នេះបើតាមប្រភព BBC៕










