ប្រទេសឥណ្ឌា ៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ថា លោកនឹងពុំបោះបង់ផលប្រយោជន៍របស់កសិករទេ បើទោះជាអាមេរិកឱ្យឥណ្ឌាបង់ពន្ធទំនិញខ្ពស់យ៉ាងណាក៏ដោយ ។ នេះជាការឆ្លើយតបរបស់ឥណ្ឌាលើកដំបូងក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump កំណត់ឱ្យមន្ត្រីដំឡើងពន្ធទំនិញឥណ្ឌារហូតដល់៥០% ដែលជាអត្រាពន្ធខ្ពស់ជាងបណ្តាប្រទេសដៃគូពាណិជ្ជកម្មរបស់អាមេរិក ។
លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាបាននិយាយនៅទីក្រុងញូវដេលីថា ៖ «ការរស់នៅល្អប្រសើររបស់កសិករឥណ្ឌា គឺសំខាន់បំផុតសម្រាប់យើង ។ ឥណ្ឌានឹងពុំបោះបង់ផលប្រយោជន៍របស់កសិករ អ្នកចិញ្ចឹមគោយកទឹកដោះ និងអ្នកនេសាទទេ ខ្ញុំដឹងយ៉ាងច្បាស់ថា ឥណ្ឌានឹងបង់ពន្ធទំនិញនាំចូលអាមេរិកខ្ពស់» ។.png)
អាមេរិក និងឥណ្ឌាបានចរចាពាណិជ្ជកម្មជាមួយគ្នារហូតដល់៥លើក ប៉ុន្តែពុំទទួលជោគជ័យ ដោយសារអាមេរិកអំពាវនាវឱ្យឥណ្ឌាបើកទីផ្សារទិន្នផលកសិកម្ម និងទឹកដោះគោ ព្រមទាំងឈប់ទិញប្រេងឥន្ធនៈពីរុស្ស៊ី ។ ប៉ុន្តែឥណ្ឌានៅតែបន្តទិញប្រេងឥន្ធនៈរុស្ស៊ី ដោយសារចង់ឱ្យកសិករឥណ្ឌាបានប្រើប្រាស់ប្រេងឥន្ធនៈតម្លៃថោក ។
លោក Trump ថ្លែងថា អត្រាពន្ធថ្មីស្មើ៥០% នឹងអនុវត្តចាប់ពីថ្ងៃទី២៨ ខែសីហា ដែលនេះការដាក់ទោសដោយសារឥណ្ឌានៅតែទិញប្រេងឥន្ធនៈពីរុស្ស៊ី ។ រីឯក្រសួងការបរទេសឥណ្ឌាថ្លែងថា ការសម្រេចចិត្តរបស់អាមេរិកជារឿងគួរឱ្យសោកស្តាយយ៉ាងខ្លាំង ឥណ្ឌានឹងអនុវត្តគ្រប់វិធានការចាំបាច់ដើម្បីការពារផលប្រយោជន៍ជាតិ ។.png)
អាមេរិកបានប្រកាសដំឡើងពន្ធទំនិញចិនផងដែរ ដោយសារចិននៅតែបន្តនាំចូលប្រេងឥន្ធនៈរុស្ស៊ី ។ អាមេរិកយល់ព្រមជាមួយចិនកន្លងមក ដោយសារចិនមានរ៉ែផ្សេងៗសម្រាប់ចរចាជាមួយអាមេរិក ខណៈឥណ្ឌាគ្មានរ៉ែសម្រាប់ចរចាជាមួយអាមេរិកទេ ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ ។
លោក Dammu Ravi លេខាធិការទំនាក់ទំនងសេដ្ឋកិច្ចនៃក្រសួងការបរទេសឥណ្ឌានិយាយថា អាមេរិកដំឡើងពន្ធទំនិញឥណ្ឌារហូតដល់៥០% គ្មានហេតុផលសមស្របសោះ នេះជាបញ្ហាបណ្តោះអាសន្នដែលឥណ្ឌាត្រូវប្រឈម ហើយមិនយូរទេ នឹងមានដំណោះស្រាយ ។ រដ្ឋាភិបាលឥណ្ឌាបានស្វែងរកដៃគូពាណិជ្ជកម្មថ្មីដើម្បីទប់ទល់នឹងអត្រាពន្ធរបស់លោក Trump ហើយជាមូលហេតុធ្វើឱ្យទំនាក់ទំនងរវាងអាមេរិក-ឥណ្ឌាតានតឹងខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំ ។
លោក Narendra Modi គ្រោងធ្វើដំណើរទស្សនកិច្ចទៅចិនដើម្បីរឹតចំណងមិត្តភាពជាថ្មី ស្របពេលមិត្តភាពរវាងឥណ្ឌាជាមួយអាមេរិកធ្លាក់ចុះ ។ រីឯប្រធានាធិបតីប្រេស៊ីល លោក Lula da Silva គ្រោងប្រជុំជាមួយមេដឹកនាំក្រុមប្រទេស BRICS ដើម្បីពិភាក្សារកដំណោះស្រាយការដំឡើងពន្ធរបស់លោក Trump ហើយលោកបានទូរស័ព្ទមកកាន់នាយករដ្ឋមន្ត្រីឥណ្ឌា, ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងមេដឹកនាំប្រទេសផ្សេងៗ ៕










