សារព័ត៌មានថៃ Khaosod រាយការណ៍នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ថា ស្ថានទូតចិននៅប្រទេសថៃបានបដិសេធព័ត៌មានដែលផ្សព្វផ្សាយថា ចិនផ្តល់ដ្រូនឱ្យកម្ពុជាប្រើប្រាស់នៅព្រំដែន ដោយស្ថានទូតចិនបានបញ្ជាក់ពីគោលជំហររបស់ចិនគាំទ្រអាស៊ានឱ្យកាត់បន្ថយស្ថានការណ៍តានតឹងរវាងកម្ពុជា-ថៃ ។ រូបភាពដ្រូនដែលសារព័ត៌មាននានារបស់ថៃផ្សព្វផ្សាយ គឺជារូបភាពចាស់តាំងពីខែមករា ឆ្នាំ២០២៤ ក្នុងពេលបង្ហាញការហោះហើររៀបចំដោយក្រុមហ៊ុន China National Aero-Technology Import & Export Corporation (CATIC) នៅកម្ពុជា និងពុំពាក់ព័ន្ធជាមួយស្ថានការណ៍បច្ចុប្បន្ន ។

នៅថ្ងៃទី៦ ខែសីហា ហ្វេសប៊ុកផេករបស់ស្ថានទូតចិនប្រចាំប្រទេសថៃ ឈ្មោះ «Chinese Embassy Bangkok สถานเอกอัครราชทูตสาธารณรัฐประชาชนจีนประจำประเทศไทย» បានសរសេរថា មានសារព័ត៌មានថៃមួយចំនួនផ្សព្វផ្សាយថា ៖ «នាពេលថ្មីៗនេះ ចិនបានផ្តល់ដ្រូនឱ្យកម្ពុជាដើម្បីឱ្យកម្ពុជាយកមកប្រើប្រាស់នៅព្រំដែនកម្ពុជា-ថៃ» ។

ក្រោយពីការត្រួតពិនិត្យឃើញថា នេះជាព័ត៌មានក្លែងក្លាយ ពីព្រោះរូបភាពដ្រូនដែលសារព័ត៌មាននានារបស់ថៃយកមកផ្សព្វផ្សាយ គឺជារូបភាពចាស់តាំងពីខែមករា ឆ្នាំ២០២៤ ក្នុងពេលបង្ហាញការហោះហើររៀបចំដោយក្រុមហ៊ុន China National Aero-Technology Import & Export Corporation (CATIC) នៅកម្ពុជា និងពុំពាក់ព័ន្ធជាមួយស្ថានការណ៍បច្ចុប្បន្ន ។
ស្ថានទូតចិនសូមបញ្ជាក់ថា តាំងពីមានជម្លោះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឋានៈជាប្រទេសមិត្តជិតខាង គឺចិនបានជំរុញឱ្យប្រទេសទាំងពីរកាត់បន្ថយភាពតានតឹងតាមវិធីរបស់ខ្លួន ។ ចិនពុំបានស្វែងរកផលប្រយោជន៍ផ្សេងៗពីជម្លោះនេះទេ ចិនបានគាំទ្រអាស៊ានឱ្យកាត់បន្ថយជម្លោះនយោបាយរបស់កម្ពុជា-ថៃ តាមរយៈគោលការណ៍អាស៊ាន ។

ចិនបានត្រៀមខ្លួនជាស្រេចក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធបន្តទៀតជាមួយប្រទេសក្នុងតំបន់ ដូចជា ៖ កម្ពុជា ថៃ និងម៉ាឡេស៊ី ដើម្បីឱ្យចិនចូលរួមចំណែកឱ្យកម្ពុជា-ថៃអនុវត្តបទឈប់បាញ់ ព្រមទាំងស្វែងរកសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរយ៉ាងឆាប់រហ័ស ។
គួរបញ្ជាក់ថា ថ្មីៗនេះ សារព័ត៌មាននានារបស់ថៃផ្សព្វផ្សាយថា ចិនបានផ្តល់ដ្រូនជាច្រើនគ្រឿងឱ្យកម្ពុជាដើម្បីយកមកប្រើប្រាស់នៅព្រំដែនកម្ពុជា-ថៃ ហើយការផ្សព្វផ្សាយព័ត៌មាននេះធ្វើឱ្យពលរដ្ឋថៃពុំពេញចិត្តជាមួយចិនដែលគាំទ្រកម្ពុជា រហូតដល់ស្ថានទូតចិនប្រចាំប្រទេសថៃច្រានចោលព័ត៌មានក្លែងក្លាយ ៕










