(បាងកក)៖ អ្នកជំនាញផ្នែកសន្តិសុខ និងកិច្ចការបរទេសថៃ បានជំរុញឲ្យរដ្ឋាភិបាលថៃ បង្កើតក្រុមទំនាក់ទំនងឯកទេស និងធ្វើការឲ្យបានជិតស្និទ្ធជាមួយម៉ាឡេស៊ី ដើម្បីគ្រប់គ្រងការចរចាររបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ជាមួយប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាព និងមានតម្លាភាព។
យោងតាមសារព័ត៌មាន The Nation នាថ្ងៃទី4 ខែសីហា ឆ្នាំ2025 នេះបានឲ្យដឹងថា អ្នកជំនាញផ្នែកសន្តិសុខ និងកិច្ចការអន្តរជាតិរបស់ថៃ លោកសាស្ត្រាចារ្យបណ្ឌិត Panitan Wattanayagorn បានជំរុញឱ្យរដ្ឋាភិបាលថៃ បង្កើនយុទ្ធសាស្ត្របន្ថែមទៀត ក្នុងការដោះស្រាយព័ត៌មានមិនពិត ក្នុងអំឡុងពេលចរចាព្រំដែនជាមួយកម្ពុជា។.jpg)
លោក Panitan Wattanayagorn ចាត់ទុកព័ត៌មានភាគច្រើនដែលមានប្រភពមកពីកម្ពុជា ថាជារឿងមិនពិត ដូច្នេះលោកបានសង្កត់ធ្ងន់ឲ្យរដ្ឋាភិបាលថៃ ធ្វើយ៉ាងណាក្រុមឯកទេសទំនាក់ទំនងមួយដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនហៅថាជារឿងប្រឌិតនោះ ជៀសវាងការប៉ះពាល់ដល់កិច្ចពិភាក្សាគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ អ្នកជំនាញផ្នែកសន្តិសុខរូបនេះក៏បានផ្តល់យោបល់ឱ្យអាជ្ញាធរថៃ ឲ្យធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សានេះ ដើម្បីជួយរៀបចំរបៀបវារៈ និងគ្រប់គ្រងព័ត៌មានសំខាន់ៗ ដែលគួរចែកចាយទៅកាន់សាធារណៈជន និងសហគមន៍អន្តរជាតិ។
.jpg)
បន្ថែមពីនេះ លោកបានស្នើឱ្យមានការចូលរួមពីប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក និងចិនជាអ្នកសង្កេតការណ៍ក្នុងការចរចា ដោយជឿថាវត្តមានរបស់ពួកគេនឹងផ្តល់នូវតុល្យភាព និងកាត់បន្ថយភាពលំអៀងដែលអាចកើតមាន។ អនុសាសន៍ទាំងនេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងដែលថាព័ត៌មានមិនពិតរបស់កម្ពុជាអាចនឹងមានឥទ្ធិពលលើមតិអន្តរជាតិ ឬលទ្ធផលការទូត ដែលអាចធ្វើឲ្យថៃក្លាយជាប្រទេសដែលលែងគួឲ្យទុកចិត្ត។
គួរជម្រាបថា ការលើកឡើងខាងលើរបស់អ្នកជំនាញថៃរូបនេះ គឺជាការឆ្លុះបញ្ជាំងពីក្ដីបារម្ភរបស់ថៃក្នុងការចរចានៃកិច្ចប្រជុំពិភាក្សា GBC ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី4 ដល់ទី7 សីហាខាងមុខ ដោយមានវត្តមានអាមេរិក ចិន និងម៉ាឡេសុីចូលរួមក្នុងនាមជាអ្នកសង្កេតការ ព្រោះយល់ថាប្រទេសទាំងបីអាចនឹងលំអៀងមកខាងកម្ពុជា៕.jpg)










