ប្រទេសថៃ ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យរងកងទ័ពជើងគោកថៃ លោក រិឆា សុខសុវ៉ាណុន និយាយថា ក្រោយកម្ពុជា និងថៃអនុវត្តកិច្ចព្រមព្រៀងបទឈប់បា.ញ់បន្ទាន់ កងទ័ពថៃក៏បានចាប់ខ្លួនកងទ័ពកម្ពុជាចំនួន២០នាក់ និងបញ្ជូនមកឃុំឃាំង ដោយកងទ័ពថៃបានថែទាំកងទ័ពកម្ពុជាតាមគោលការណ៍មនុស្សធម៌ បន្ទាប់មក កងទ័ពថៃបានដោះលែងកងទ័ពកម្ពុជា២នាក់ឱ្យត្រឡប់ទៅប្រទេសវិញ ។ រីឯកងទ័ពកម្ពុជា១៨នាក់ទៀត កងទ័ពថៃនឹងដោះលែង លុះត្រាតែស្ថានការណ៍ស្ងប់ស្ងាត់ និងអនុវត្តបទឈប់បា.ញ់ទាំងស្រុង ។

ការចាប់ខ្លួនកងទ័ពកម្ពុជាត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ហើយអ្នកនាំពាក្យរងកងទ័ពជើងគោកថៃ លោក រិឆា សុខសុវ៉ាណុន ចោទប្រកាន់ថា កម្ពុជាបានផ្សព្វផ្សាយព័ត៌មានទម្លាក់កំហុសលើថៃពាក់ព័ន្ធនឹងការចាប់ខ្លួនកងទ័ពកម្ពុជាមកធ្វើបាប ។ ហេតុនេះ កងទ័ពថៃសូមបញ្ជាក់ថា កងទ័ពកម្ពុជាទាំងអស់ដែលថៃចាប់ខ្លួន គឺទទួលបានការថែទាំតាមច្បាប់អន្តរជាតិក្នុឋានៈជាអ្នកទោសសង្គ្រាម ហើយថៃអនុវត្តតាមអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ដែលកម្ពុជា និងថៃ គឺជារដ្ឋភាគីនៃអនុសញ្ញានេះ ។
អ្នកនាំពាក្យរងកងទ័ពជើងគោកថៃបន្តថា ក្រោយការចាប់ខ្លួនកងទ័ពកម្ពុជាដែលថៃចាត់ទុកជាអ្នកទោសសង្គ្រាម គឺកងទ័ពថៃបានបញ្ជូនពួកគេចេញពីតំបន់គ្រោះថ្នាក់ពីការប្រយុទ្ធទៅកាន់កន្លែងសុវត្ថិភាពក្រោមការទទួលខុសត្រូវរបស់កងទ័ពភូមិភាគ២ ។ យើងបានផ្តល់អាហារ ទឹក សម្លៀកបំពាក់ដល់កងទ័ពកម្ពុជា រួមទាំងមានក្រុមគ្រូពេទ្យត្រួតពិនិត្យសុខភាព រួមទាំងអនុវត្តចំពោះកងទ័ពកម្ពុជាដោយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ។
កាលពីថ្ងៃទី១ ខែសីហា កងទ័ពថៃបានដោះលែងកងទ័ពកម្ពុជាដែលរងរបួសឱ្យត្រឡប់មកប្រទេសវិញតាមច្រកព្រំដែនឆងចម ខេត្តសុរិន្ទ (ទល់មុខច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ) ក្រោយពីកងទ័ពទាំង២រូបទទួលបានការព្យាបាលពីភាគីថៃ ។ រីឯកងទ័ពកម្ពុជា១៨នាក់ទៀត គឺថៃនៅតែបន្តឃុំខ្លួនក្នុងឋានៈជាអ្នកទោសសង្គ្រាម ថៃនឹងដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ លុះត្រាតែស្ថានការណ៍ផ្ទុះអាវុធស្ងប់ស្ងាត់ ហើយកម្ពុជា-ថៃអនុវត្តបទឈប់បា.ញ់ទាំងស្រុងតាមការកំណត់ក្នុងអនុសញ្ញាទីក្រុងហ្សឺណែវ ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យរងកងទ័ពជើងគោកថៃ ។
ចំណែកកម្ពុជាអាចនឹងពឹងពាក់កាកបាទក្រហមអន្តរជាតិឱ្យជួយរំដោះកងទ័ពកម្ពុជាទាំង១៨នាក់ ដែលកងទ័ពថៃកំពុងឃុំឃាំង ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបង្ហោះសារក្នុងហ្វេសប៊ុកថា កម្ពុជាឈានទៅរកការពឹងពាក់លើកាកបាទក្រហមអន្តរជាតិដើម្បីជួយដល់កងទ័ពកម្ពុជាទាំង១៨នាក់ដែលថៃចាប់ក្រោយបទឈប់បាញ់ ពីព្រោះថៃពុំទាន់បញ្ជូនមកឱ្យកម្ពុជាវិញ ។
គួរបញ្ជាក់ថា ការចាប់ខ្លួនកងទ័ពកម្ពុជានេះ គឺជាការបំពានបទឈប់បាញ់របស់ភាគីថៃ ដែលខ្លួនបានព្រមព្រៀងជាមួយកម្ពុជាអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌ ។ ហេតុអ្វីថៃរង់ចាំរហូតដល់ស្ថានការណ៍ស្ងប់ស្ងាត់ និងអនុវត្តបទឈប់បា.ញ់ទងស្រុង ទើបដោះលែងកងទ័ពកម្ពុជា១៨នាក់ ឬមួយថៃមានល្បិចអ្វីម្យ៉ាង?










