ខេត្តកំពត នាថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ក្លឹបយុវជននៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានដឹកនាំគម្រោង”ក្តីសុបិនតូច២.០” យ៉ាងជោគជ័យ និងផ្លែផ្កាទៅកាន់សាលាបឋមសិក្សាសាមគ្គីភ្នំរលៀង។ កម្មវិធីនេះផ្តួចផ្តើមឡើងដើម្បីលើកកម្ពស់ការអប់រំដល់សិស្សានុសិស្ស នៅតាមតំបន់ដាច់ស្រយាល តាមរយៈការឧបត្ថម្ភនូវធនធានចាំបាច់ផ្សេងៗ។ គំនិតផ្តួចផ្តើមនេះបានធ្វើឱ្យសិស្សានុសិស្សទទួលបានឱកាសអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យអប់រំ និងការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។
សាលាបឋមសិក្សាសាមគ្គីភ្នំរលៀង គឺជាសាលាមួយដែលឆ្ងាយដាច់ស្រយាលក្នុងព្រៃភ្នំ នាទឹកដី ភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត ដែលទើបបានបង្កើតឡើងក្នុងឆ្នាំ២០២៤។ ក្នុងឆ្នាំសិក្សា ២០២៤ – ២០២៥ សិស្សានុសិស្សសរុបមានចំនួន៧០នាក់ ក្នុងនោះ ៣៥នាក់ គឺជាកុមារី និងមានគ្រូបង្រៀនចំនួន៤រូប។
គម្រោងនេះអាចសម្រេចទៅបានក្រោមការជួយជ្រោមជ្រែងយ៉ាងធំធេងអំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងទឹកពិសាបរិសុទ្ធហាយ-ធិច ដែលជាម្ចាស់ឧបត្ថម្ភធំក្នុងកម្មវិធីរបស់ពួកយើង។ “ក្តីសុបិនតូច ២.០” បាននាំមកនូវជាកាតាប ថង់យួរ ប៊ិក ខ្មៅដៃ សៀវភៅ បន្ទាត់ ដបទឹកបរិស្ថាន អង្ករ៥០គីឡូក្រាម ទឹកបរិសុទ្ធហាយ-ធិច ម៉ាស៊ីនព្រីន(Printer) សម្ភារៈកីឡា សម្ភារៈប្រើប្រាស់ក្នុងការិយាល័យ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខផ្សេងទៀត។
កម្មវិធីនេះមានវត្តមាននៃការចូលរួមសំខាន់ៗពីសំណាក់ តំណាងមេឃុំតាកែន លោកស្រីប្រធានភូមិជ័យសេនា ម្ចាស់ឧបត្ថម្ភកម្មវិធី អ្នកផលិតមាតិកាសង្គម សមាជិកសមាជិកានៃក្លឹបយុវជននៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន និងយុវជនស្ម័គ្រចិត្តជាច្រើនរូបទៀត សរុបប្រមាណ១៥០នាក់។
គម្រោង“ក្តីសុបិនតូច ២.០” បានបញ្ចប់នៅម៉ោង ១១៖៣០នាទីព្រឹកដោយភាពជោគជ័យ និងផ្លែផ្កាក្រោមបរិយាកាសដ៏សែនរីករាយ ប្រកបដោយស្នាមញញឹម និងក្រោមភ្លៀងរលឹមតិចៗ។ ក្តីសុបិនតូច ២.០ ហាក់បីដូចជាតំណក់ទឹកភ្លៀងធ្លាក់ចំទីដែលទំពាំងជាច្រើនកំពុងត្រូវការទឹកភ្លៀងដើម្បីបន្តការលូតលាស់ និងការរីកចម្រើនរបស់ពួកគេ។
Home ព័ត៌មានសេដ្ឋកិច្ច