ឧត្តរមានជ័យ៖ ទាហានខ្មែរចំនួន២នាក់ក្នុងចំណោមអ្នកផ្សេងៗទៀតដែលត្រូវបានថៃចាប់ខ្លួន ត្រូវបានបញ្ជូនមកដល់ព្រំដែនច្រកអូរស្មាច់ ក្នុងទឹកដីកម្ពុជាវិញហើយនៅម៉ោង ១០:៥៦នាទីព្រឹក។ ចំណែកអ្នកនៅសេសសល់ជាង១០នាក់ទៀត ខាងកម្ពុជាកំពុងដំណើរការនីតិវិធីចរចាជាមួយថៃជាបន្តទៀត។
គិតមកទល់ម៉ោង១១ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ ទាហានកម្ពុជាចំនួន២រូប ត្រូវបានភាគីថៃប្រគល់ត្រឡប់មកវិញហើយ នៅច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយឡែកនៅសេសសល់គឺកំពុងតែបន្ដនីតិវិធី។
បើតាមការបញ្ចាក់ អ្នកទាំង២ដែលបានត្រឡប់មកវិញ គឺលោកអនុសេនីយ៍ត្រី អាង អឿង ភេទប្រុស អាយុ៣៧ឆ្នាំ ចំណែកម្នាក់ទៀត លោកពលបាលឯក ម៉ម វុទ្ធី ភេទប្រុស អាយុ៥៣ឆ្នាំ។ ចំពោះស្ថានភាពពួកគាត់នៅពេលត្រឡប់មកវិញ គឺម្នាក់រងរបួសធ្ងន់ធ្ងរមិនអាចដើរបាន ខណៈម្នាក់ទៀតបាត់បង់ស្មារតី សូម្បីស្បែកជើងក៏មិនមានពាក់ផង។ ហេតុនេះ ក្រោយមកដល់ដល់ទឹកដីកម្ពុជាភ្លាម ពួកគាត់ទាំង២ក៏ត្រូវបានដឹកតាមតាមរថយន្តសង្រ្គោះបន្ទាន់ ដើម្បីបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យក្នុងខេត្តឧត្តរមានជ័យ។
ដោយឡែក កាលពីថ្ងៃទី៣១ ខែកក្កដា ម្សិលមិញ អ្នកនាំពាក្យកងទ័ពថៃបានបញ្ជាក់ថា ចំពោះទាហានខ្មែរចំនួន ១៨នាក់ដែលនៅសេសសល់ នឹងត្រូវពន្យារពេលការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេ ព្រោះការសួរចម្លើយពួកគេកំពុងបន្តនិងមិនទាន់បញ្ចប់នៅឡើយ។ ដូច្នេះលុះត្រាការសួរចម្លើយ និងស៊ើបអង្កេតចប់សព្វគ្រប់អស់ទើបការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេត្រូវបានរៀបចំជាមួយកម្ពុជា។ នេះបើតាមការបញ្ជារបស់បញ្ជាកាកងទ័ពភូមិភាគទី២ថៃ។










