(ភ្នំពេញ)៖ កម្ពុជាប្រកាសទិញយន្តហោះ Boeing-737 ចំនួន ១០គ្រឿង ពីសហរដ្ឋអាមេរិក និងសម្រេចយកពន្ធ 0% លើទំនិញនានារបស់អាមេរិកដែលនាំចូលកម្ពុជា ស្របពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទម្លាក់ពន្ធនាំចេញកម្ពុជាពី49% មកត្រឹម19%។ នេះបើយោងតាមប្រសាសន៍របស់ឧបនាយករដ្ឋមន្រ្តីកម្ពុជា លោក ស៊ុន ចាន់ថុល។

ថ្លែងនៅក្នុងសន្និសីតសារព័ត៌មានមួយ ជុំវិញការបន្ធូបន្ថយពន្ធបដិការរបស់អាមេរិកមកលើកម្ពុជា នៅថ្ងៃទី1 ខែសីហា ឆ្នាំ2025 ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា៖ ដោយមានការបន្ធូបន្ថយពន្ធពីអាមេរិកមកលើកម្ពុជា កម្ពុជាសម្រេចនឹងមិនយកពន្ធលើទំនិញនាំចូលពីអាមេរិកចូលកម្ពុជាឡើយ។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ ពន្ធ0% ដែលយកពីអាមេរិកគឺសំដៅលើពន្ធបដិការ ចំណែកពន្ធពិសេសគឺនៅតែមានធម្មតា។
លោកបានឲ្យដឹងបន្ថែមទៀតថា៖ ក្រៅពីការសម្រេចមិនយកពន្ធនេះ កម្ពុជា ក៏នឹងពិចារណាទិញយន្តហោះ Boeing-737 ចំនួន ១០គ្រឿង និងប្រភេទផ្សេង ១០គ្រឿងបន្ថែមទៀត ពីសហរដ្ឋអាមេរិកផងដែរ។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ជាមួយនឹងអត្រាពន្ធ 19% របស់កម្ពុជា វានឹងផ្ដល់ឱកាសឲ្យកម្ពុជាកាន់តែហក់ឡើងខ្ពស់ជាមួយនឹងទីផ្សារប្រកួតប្រជែងនៅក្នុងតំបន់ ព្រមទាំងអាចទាក់ទាញអ្នកវិនិយោគទុនបរទេសបានកាន់តែច្រើន។ 
ជាងនេះទៅទៀត លោក ស៊ុន ចាន់ថុន ក៏បានអំពាវនាវឲ្យពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសទាំងអស់ គួរពិចារណាងាកមកស្វែងរកការងារធ្វើ ឬរកសុីនៅក្នុងស្រុកវិញ ខណៈអត្រាពន្ធបដិកាថ្មីនេះ គឺជាកម្រិតល្អមួយជួយឱ្យកម្ពុជា ដែលនឹងជំរុញឱ្យការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជារីកលូតលាស់បានប្រសើរជាងមុន៕










