ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា សភាព្រឹទ្ធសភាថៃម្នាក់បានចោទប្រកាន់កម្ពុជាបំពានកិច្ចព្រមព្រៀងបទឈប់បា.ញ់ និងណែនាំឱ្យរដ្ឋាភិបាលថៃកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកម្ពុជា ដោយការបិទច្រកព្រំដែនទាំងអស់ រួមទាំងកាត់ផ្តាច់ទឹក ភ្លើង បណ្តាញអ៊ីនធើរណេត និងទូរស័ព្ទ ដើម្បីកម្ចា.ត់ក្រុមឆបោកអនឡាញ Call Center ប្រសិនបើកម្ពុជានៅតែបំពានបទឈប់បា.ញ់ ។

សមាជិកព្រឹទ្ធសភា លោក អាឡុងគុត វ៉ារៈគី បាននិយាយនៅថ្ងៃទី៣០ ខែកក្កដា ថា កម្ពុជាបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយបើកម្ពុជានៅតែពុំអនុវត្តតាមកិច្ចព្រមព្រៀងនេះ គឺរដ្ឋាភិបាលថៃពុំគួរចរចាអ្វីទាំងអស់ជាមួយកម្ពុជា ។ ស្ថានការណ៍បច្ចុប្បន្ន កងទ័ពថៃបានបំពេញតួនាទីរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាល និងក្រសួងការបរទេសគួរធ្វើអ្វីដើម្បីការពារ និងរក្សាភាពថ្លៃថ្នូររបស់ពលរដ្ឋ ។

អ្វីដែលរដ្ឋាភិបាលថៃគួរតែធ្វើជាបន្ទាន់ រួមមាន ៖

១-បិទព្រំដែនកម្ពុជា-ថៃទាំងអស់ដើម្បីទប់ស្កាត់ក្រុមឆបោកអនឡាញ Call Center និងឧក្រិដ្ឋកម្មឆ្លងដែន
២-កាត់ផ្តាច់ទឹក ភ្លើង បណ្តាញអ៊ីនធើរណេត និងទូរស័ព្ទ ដែលតភ្ជាប់ជាមួយកម្ពុជា
៣-កាត់ផ្តាច់ទំនាក់ទំនងការទូត ដោយគ្មានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញ ដើម្បីឱ្យការធ្វើកិច្ចព្រមព្រៀង MOU ផ្សេងៗរវាងប្រទេសទាំងពីរត្រូវលុបចោល និង
៤-ពលរដ្ឋកម្ពុជាដែលមកធ្វើការនៅថៃត្រូវតែមកបង្ហាញខ្លួននៅស្ថាប័នរដ្ឋាភិបាល ពីព្រោះពុំដឹងថា តើពួកគេជាចារកម្មឬក៏អត់ ។

ការចាប់ផ្តើមចរចាជាមួយកម្ពុជាបាន លុះត្រាតែកម្ពុជាសងការខូចខាតទាំងអស់ឱ្យថៃ ដូចជា ៖ អាយុជីវិតកងទ័ព និងពលរដ្ឋថៃ រួមទាំងសងថ្លៃខូចខាតទ្រព្យសម្បត្តិផ្សេងៗដែលរដ្ឋាភិបាលថៃបានចំណាយប្រាក់អស់ប៉ុន្មាន គឺកម្ពុជាត្រូវតែសងទាំងអស់ ទើបអាចចរចាគ្នាបាន ។

ក្រៅពីនេះ សូមរដ្ឋាភិបាលថៃកុំយកករណីពន្ធទំនិញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump មកធ្វើជាលក្ខខណ្ឌសម្រាប់ការចរចាជម្លោះជាមួយកម្ពុជា បើទោះជាអាមេរិកនឹងទម្លាក់ពន្ធទំនិញថៃក្តី ។ ការទម្លាក់ពន្ធទំនិញថៃនាំចូលអាមេរិកពុំអាចប្តូរនឹងការបាត់បង់អធិបតេយ្យទេ លោកជឿថា ពលរដ្ឋថៃនឹងពុំព្រម ៕