ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ថា កងទ័ពថៃបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកម្ពុជា និងចោទប្រកាន់កងទ័ពកម្ពុជាប្រើប្រាស់កាំភ្លើ.ងតូច និងឧបករណ៍បា.ញ់គ្រា.ប់បែកដៃ ។ កងទ័ពថៃថា ខ្លួនប្រកាន់យកនូវគោលការណ៍សន្តិភាព និងមនុស្សធម៌ រួមទាំងប្រឆាំងតបតរវិញ ដោយសារកម្ពុជាបំពានកិច្ចព្រមព្រៀងលើបទឈប់បា.ញ់យ៉ាងធ្ងន់ធ្ងរ ។
ស្របពេលកម្ពុជា និងថៃកំពុងស្ថិតក្នុងដំណាក់កាលនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ ដែលចូលជាធរមានចាប់ពីដើមថ្ងៃទី២៩ ខែកក្កដា ក្រោមការសម្របសម្រួលរបស់ប្រធានអាស៊ាន និងការអង្កេតការណ៍របស់មហាអំណាចអាមេរិក និងមហាអំណាចចិន ឃើញថា រដ្ឋាភិបាលថៃ និងកងទ័ពថៃបានចោទប្រកាន់កម្ពុជាជាបន្តបន្ទាប់ ។
កងទ័ពថៃថា ខ្លួនអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងម៉ឺងម៉ាត់រហូតមក ដោយផ្អាកការប្រើប្រាស់កម្លាំងកងទ័ពទាំងអស់ និងកាត់បន្ថយសកម្មភាពកងទ័ពក្នុងតំបន់ដើម្បីសន្តិភាព ប៉ុន្តែកងទ័ពថៃបានទទួលសេចក្តីរាយការណ៍ពីក្នុងតំបន់ព្រំដែនថា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកក្កដា កងទ័ពកម្ពុជាបានបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ម្តងទៀត ។
កងទ័ពថៃបានចោទប្រកាន់មកលើកងទ័ពកម្ពុជាជាច្រើនចំណុចដូចខាងក្រោម ៖
១-កងទ័ពថៃចោទថា កាលពីថ្ងៃទី២៩ ខែកក្កដា កងទ័ពកម្ពុជាបានប្រើប្រាស់កាំភ្លើងតូចបាញ់កងទ័ពថៃនៅតំបន់អានម៉ា ខេត្តឧប៊ុនរ៉ាជថានី ដែលធ្វើឱ្យកងទ័ពថៃតបតរវិញរហូតប៉ះទង្គិចគ្នា ។
២-កងទ័ពថៃចោទថា នៅថ្ងៃដដែល (ថ្ងៃទី២៩ ខែកក្កដា) កងទ័ពកម្ពុជាប្រើប្រាស់កាំភ្លើងតូចជាបន្តបន្ទាប់ រួមទាំងប្រើប្រាស់ឧបករណ៍បា.ញ់គ្រា.ប់បែកដៃនៅតំបន់ប្រាសាទព្រះវិហារ បរិវេណភ្នំទ្រព្យ និងតំបន់ហួយតាម៉ារៀ ខេត្តស៊ីសាកេត ។ ហេតុនេះ កងទ័ពថៃក៏តបតរវិញដើម្បីការពារខ្លួន ហើយកងទ័ពថៃចោទទៀតថា ការបាញ់ពីកម្ពុជាបានកើតឡើងជាបន្តបន្ទាប់ រហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ។
៣-កងទ័ពថៃចោទថា នាវេលាម៉ោង៥និង១៧នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ពួកគេបានឃើញគ្រាប់បែកដៃបាញ់ចេញពីកម្ពុជាចូលតំបន់ហ្វាម៉អ៊ីឌែង ខេត្តស៊ីសាកេត ។
កងទ័ពថៃចាត់ទុកថា ទង្វើរបស់កងទ័ពកម្ពុជា គឺបំពាននឹងកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងធ្ងន់ធ្ងរ ហើយនេះជាការបំពានលើកទី២ ក្រោយពីបទឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃចូលជាធរមាន ។ វាបង្ហាញពីអាកប្បកិរិយាពុំគោរពកាតព្វកិច្ចអន្តរជាតិ និងបំផ្លាញការព្យាយាមធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់ ហើយថែមទាំងប៉ះពាល់ស្ថិរភាព និងទំនុកចិត្តរវាងប្រទេសទាំងពីរ ។
កងទ័ពថៃសូមថ្កោលទោសយ៉ាងដាច់អលង្ការចំពោះទង្វើគ្មានការទទួលខុសត្រូវរបស់កងទ័ពកម្ពុជា ហើយបើមានការបំពានទៀត កងទ័ពថៃនឹងអនុវត្តតាមដំណាក់កាល និងភាពចាំបាច់ដើម្បីការពារអធិបតេយ្យ រួមសុវត្ថិភាពពលរដ្ឋដោយមិនធ្វេសប្រហែស ។
ជាការឆ្លើយតប ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់របស់ថៃអំពីការរំលោភបទឈប់បាញ់ ។ កម្ពុជាប្តេជ្ញាចិត្តក្នុងការរក្សាបទឈប់បាញ់នេះយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះដែលអាចចាត់ទុកជាការរំលោភលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា វាផ្ទុយស្រឡះពីពាក្យចោទប្រកាន់មានលក្ខណៈប្រឌិតរបស់ថៃ ៕










