តារាសម្តែងជួរមុខ ស៊ីន យូប៊ីន ត្រូវបានអ្នកលេងបណ្តាញសង្គមវាយប្រហារយ៉ាងចាស់ដៃជាពិសេសនៅតែផ្លែផ្កាពីការបញ្ចាំងវីដេអូនៅលើ billboard នៅទីក្រុងញូវយ៉កអំពីការឈ្លានពានរបស់ប្រទេសថៃ។ ឃើញមានការស្តីបន្ទោសច្រើនមកកាន់ យូប៊ីន តារាសម្តែង ឆឹម សក្កដា បញ្ជាក់ថានាងបានចូលរួមយ៉ាងសកម្មជួយទៅដល់ជនភៀសសឹក រវល់ដាច់បាយ ដាច់ទឹក ។ តារាប្រុសរូបនេះក៏បានស្នើឱ្យទស្សនិកជនមានការយោគយល់ យូប៊ីន និងរួបរួមសាមគ្គីគ្នា។
នៅថ្ងៃទី២៩ កក្កដា លោក ឆឹម សក្កដា បានបង្ហោះរូបភាពមួយសន្លឹកនិងបានរៀបរាប់យ៉ាងដូច្នេះថា «គាត់មានសកម្មភាពជាមួយពួកយើងរហូតមក ពួកយើងរវល់ដាច់បាយដាច់ទឹក សូម្បីតែគេងក៏មិនគ្រប់ មិនចម្លែកទេដែលគាត់មិនទាន់បានចេញវីឌីអូតាមចិត្តបងប្អូនមួយចំនួនចង់បាន តែសង្ឃឹមបងប្អូនយល់ ខ្មែររួបរួមសាមគ្គី»។ តារាសម្តែងរូបនេះក៏បានសរសេរបន្ថែមក្នុងខម្មិនថាដោយសារតែរវល់ពេកអ្នកទាំងពីរពុំអាចឆ្លៀតថតរូបស្អាតជាមួយគ្នាផង។
កាលពីថ្ងៃទី២៧ តារាសម្តែង ស៊ីន យូប៊ីន បានចេញជាវីដេអូមួយនៅលើបណ្តាញសង្គមហ្វេកប៊ុកប្អូនស្រី និងនៅលើគណនី IG ផ្ទាល់ខ្លួនដោយបាននិយាយជាភាសាអង់គ្លេសអំពីជម្លោះព្រំដែនកម្ពុជា-ថៃ។ មុននឹងចេញវីដេអូនេះតារាសម្តែងដែលក្រសោបពានរង្វាន់ជាច្រើនរូបនេះបានចេញមកបញ្ជាក់ទៅកាន់សាធារណជនអំពីបញ្ហាហ្វេកប៊ុករបស់នាងដែលអសកម្មដោយសារតែមានបញ្ហាអស់រយៈពេលជាង១ខែមកហើយ។ ក្នុងនោះតារាសម្តែង ស៊ីន យូប៊ីន ថានាងចេញវីដេអូយឺតដោយសារតែនាងរៀបចំសិក្សាពីប្រភពច្បាស់លាស់ជាពិសេសគឺបានឆាតទៅពឹងពាក់សារព័ត៌មានធំៗរួមទាំងមានការបញ្ចាំងវីដេអូរូបភាពនៅលើ billboard នៅទីក្រុងញូវយ៉កហើយពេលវេលាខុសគ្នាទើបធ្វើឱ្យមានការយឺតយ៉ាវ។
យ៉ាងណាមិញចំពោះពាក្យសម្តីរបស់ ស៊ីន យូប៊ីន ដែលបង្ហាញថានឹងមានការចចារដាក់នៅលើ billboard ក្នុងទីក្រុងញូវយ៉កនេះវាបានក្លាយទៅជាប្រធានបទមួយទៀតសម្រាប់អ្នកលេងបណ្តាញសង្គមដែលផ្លែផ្កាទៅនាងពីព្រោះតែមិនទាន់ឃើញមានការចាក់បញ្ចាំងនៅឡើយ៕










