សហរដ្ឋអាមេរិក ៖ មុនពេលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅទីក្រុង Turnberry ប្រទេសស្កុតឡេន ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងពីកម្ពុជា-ថៃសម្រេចកិច្ចព្រមព្រៀងឈប់បា.ញ់បន្ទាន់ដោយឥតលក្ខខណ្ឌនៅម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានថា អាមេរិកបានបង្កើតសន្តិភាពជំរុញឱ្យមានកិច្ចព្រមព្រៀងឈប់បា.ញ់រវាងកម្ពុជា-ថៃ វាជាសន្តិភាព ពីព្រោះរឿងនេះអាចជាសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។

ប្រធានាធិបតីអាមេរិក លោក Trump ថ្លែងបន្តថា ៖ «សង្គ្រាមលើកនេះអាចអូសបន្លាយរយៈពេលជាច្រើនឆ្នាំ និងអាចមានមនុស្សស្លាប់បាត់បង់ជីវិតរាប់លាននាក់ ប៉ុន្តែយើងបានបញ្ឈប់សង្គ្រាម ហើយយើងរីករាយខ្លាំងណាស់ដែលប្រទេសទាំងពីរមានសន្តិភាព» ។
លោក Trump បានជជែកតាមទូរស័ព្ទជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ កាលពីថ្ងៃទី២៦ ខែកក្កដា ថា អាមេរិកពុំអាចរចាពាណិជ្ជកម្មជាមួយកម្ពុជា-ថៃបានទេ ប្រសិនបើប្រទេសទាំងពីរនៅតែធ្វើសង្គ្រាមជាមួយគ្នាបែបនេះ ។
កាលពីថ្ងៃទី២៨ ខែកក្កដា លោក Trump បានហៅខ្លួនលោកជាប្រធានាធិបតីសន្តិភាព (President of Peace) ហើយលោកសរសេរក្នុងបណ្តាញសង្គមថា លោកជំរុញឱ្យកម្ពុជា-ថៃសម្រេចកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌ ហើយរយៈពេល៦ខែនេះ លោកបានបញ្ឈប់សង្គ្រាមជាច្រើនលើក ។
លោក Trump សរសេរក្នុងបណ្តាញសង្គម TruthSocial ថា ៖ «ខ្ញុំទើបតែបានជជែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ ហើយខ្ញុំមានអារម្មណ៍រីករាយដែលមានការប្រកាសថា ក្រោមគំនិតផ្តួចផ្តើមរបស់ខ្ញុំធ្វើឱ្យប្រទេសទាំងពីរបសម្រេចកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ និងទទួលបានសន្តិភាព ។ ខ្ញុំសូមបង្ហាញក្តីរីករាយទៅកាន់ប្រទេសទាំងពីរផង» ។.jpg)
ការបញ្ឈប់សង្គ្រាមលើកនេះបានជួយជីវិតមនុស្សរាប់ពាន់នាក់ ហើយខ្ញុំបានបញ្ជាឱ្យក្រុមការងារចរចាពាណិជ្ជកម្មរបស់ខ្ញុំចាប់ផ្តើមការចរចាម្តងទៀត ។ រយៈពេលត្រឹមតែ៦ខែ ខ្ញុំបានបញ្ឈប់សង្គ្រាមជាច្រើនលើក ខ្ញុំមានមោទនភាពដែលបានធ្វើជានាយករដ្ឋមន្ត្រីសន្តិភាព ៕










