នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង៣៖១៥ ដល់ម៉ោង៥ព្រឹក កងទ័ពថៃនៅតែបន្តឈ្លានពានមកលើកម្ពុជា ដោយព្យាយាមបាញ់គ្រាប់ផ្លោង ដើម្បីវាយដណ្តើមគ្រប់គ្រងលើទឹកដីមួយចំនួន មុនការចរចានៅម៉ាឡេសុី។

ថ្លែងសន្និសីទកាសែតស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា នាព្រឹកថ្ងៃទី២៨ កក្កដា ២០២៥ លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា៖” ថៃបានសម្រុកវាយប្រហារទីតាំងជាច្រើន ជាពិសេសទីតាំង៥មករា ដើម្បីដណ្ដើមទីតាំងឈរជើងនៅវត្តកែវសិក្ខាគិរីស្វៈរៈ ជប់គគី ថ្មដូន និងវាលឥន្ទ្រីយ៍”។

គួរបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៨ ខែកក្កដានេះ គឺជាថ្ងៃទី៥នៃការឈ្លានពានរបស់ថៃ ហេីយនៅបន្តបាញ់ប្រហារមកលើកម្ពុជាយ៉ាងឃោឃៅ និងយ៉ាងគឃ្លើន ដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ រំលោភនឹងច្បាប់អន្តរជាតិ និងគោលការណ៍អាស៊ាន បើទោះបីមានការអន្តរាគមន៍ពីអន្តរជាតិ៕