នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋាភិបាលសិង្ហបុរីបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការបា.ញ់ប្រ.ហារគ្នានៅតំបន់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងអំពាវនាវឱ្យប្រទេសទាំងពីរដែលមានព្រំដែនជាប់គ្នាអត់ធ្មត់ និងចរចាតាមរយៈការទូតដើម្បីកាត់បន្ថយស្ថានការណ៍តានតឹងនាពេលបច្ចុប្បន្ន ។ ក្រៅពីនេះ សិង្ហបុរីបានជូនដំណឹងឱ្យពលរដ្ឋរបស់ខ្លួនចៀសវាងការធ្វើដំណើរទៅកាន់តំបន់ជម្លោះរវាងកម្ពុជា-ថៃ ។

សារព័ត៌មានសិង្ហបុរីបានផ្សព្វផ្សាយពីសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសិង្ហបុរី កាលពីថ្ងៃទី២៤ ខែកក្កដា ក្រោយពីកងទ័ពថៃបានបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា ហើយកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារអធិបតេយ្យ និងបូរណភាពទឹកដីតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដោយក្នុងសេចក្តីថ្លែងការណ៍របស់សិង្ហបុរីបញ្ជាក់ថា កម្ពុជា-ថៃ គឺជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (Asean) ។

សេចក្តីថ្លែងការណ៍របស់សិង្ហបុរីបានអំពាវនាវឱ្យកម្ពុជា និងថៃបញ្ឈប់ការបាញ់ប្រហារគ្នានៅតាមតំបន់ព្រំដែន ព្រមទាំងជូនដំណឹងឱ្យពលរដ្ឋសិង្ហបុរីដែលរស់នៅកម្ពុជា និងថៃ សូមតាមដានស្ថានការណ៍យ៉ាងដិតដល់ ក៏ដូចជាអនុវត្តតាមការណែនាំជាផ្លូវការ ។

ពលរដ្ឋសិង្ហបុរីរស់នៅកម្ពុជា និងថៃ ឬមានគម្រោងធ្វើដំណើរមកកាន់ប្រទេសទាំងពីរពេលនេះ សូមចុះឈ្មោះនៅក្រសួងការបរទេសសិង្ហបុរី និងប្រុងប្រយ័ត្នការពារខ្លួនឱ្យមានសុវត្ថិភាព ។ ក្រៅពីនេះ ពលរដ្ឋសិង្ហបុរីត្រូវទំនាក់ទំនងទៅស្ថានទូតសិង្ហបុរីនៅរាជធានីភ្នំពេញ និងទីក្រុងបាងកក ប្រសិនបើត្រូវការជំនួយ ។

នៅថ្ងៃទី២៤ ខែកក្កដានេះ រដ្ឋាភិបាលឡាវបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ ពីព្រោះឡាវជាប្រទេសជិតខាងដែលមានទំនាក់ទំនងល្អជាមួយកម្ពុជា រួមទាំងថៃ ។ រដ្ឋាភិបាលឡាវសូមសំណូមពរឱ្យមេដឹកនាំកម្ពុជា-ថៃដោះស្រាយជម្លោះដោយសន្តិវិធី ។

គួរបញ្ជាក់ថា មានប្រទេសជាច្រើនបសំណូមពរឱ្យកម្ពុជា និងថៃបញ្ឈប់ការបាញ់ប្រហារនៅព្រំដែន និងងាកមកចរចាគ្នាដោយសន្តិវិធី ដូចជា ៖ ចិន ម៉ាឡេស៊ី សហរដ្ឋអាមេរិក សហភាពអឺរ៉ុប សិង្ហបុរី និងឡាវ ។ ប៉ុន្តែកងទ័ពថៃបានបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជាចាប់ពីថ្ងៃទី២៤ ខែកក្កដា ដោយប្រើប្រាស់អាវុធធុនស្រាល ធុនធ្ងន់ រហូតដល់ប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ៕