តារាចម្រៀង គី សាវីន ម្ចាស់ពាន Cambodian Idol រដូវកាលទី៥ បានធ្វើឱ្យទស្សនិកជន ជាអ្នកលេងបណ្តាញសង្គមមានការរំជួលចិត្តនៅពេលលោកបង្ហោះ វីដេអូមួយបង្ហាញ សកម្មភាពទៅលេងផ្ទះនៅឯស្រុកកំណើតហើយពុំឱ្យអ្នកម្តាយលោកដឹងមុននោះទេ។ នៅពេលម្តាយលោកបង្ហាញសកម្មភាពនឹករលឹកកូនប្រុសជាមួយនឹងទឹកភ្នែករលីញរលោង និងសម្តីថាមើលកូនប្រុសខ្លួនឯងសឹងតែមិនស្គាល់ជាហេតុធ្វើឱ្យអ្នកគាំទ្ររំជួលចិត្តទៅជាមួយ។

កាលពីយប់ថ្ងៃទី២២ កក្កដា តារាចម្រៀង គី សាវីន បានបង្ហោះវីដេអូខ្លីមួយដោយភ្ជាប់មក ជាមួយនឹងចំណងជើងថា«ម៉ែតែងតែនឹកចាំផ្លូវខ្ញុំជានិច្ចតែពេលខ្លះម៉ែមើលកូនលេងចង់ស្គាល់ហើយ»។ទោះបីជាវីដេអូត្រឹមតែ៣៦វិនាទីក្តីប៉ុន្តែបានធ្វើឱ្យអ្នកទស្សនារំជួលចិត្តទៅជាមួយនៅពេលឃើញក្តីស្រលាញ់រវាងអ្នកទាំងពីរនាក់ដែលម្តាយរបស់ សាវីន តែងតែទន្ទឹងរង់ចាំមើលផ្លូវកូននៅឯស្រុកចំណែកឯកូនប្រុសធ្វើជាអ្នកចម្រៀងហើយមមាញឹកនឹងការងារពុំបានទៅលេងម្តាយញឹកញាប់ឡើយ។
មនោសញ្ចេតនារបស់ គី សាវីន និងម្តាយ ក៏ជំរុញឱ្យតារាចម្រៀង នាង ដាវីន ចែករំលែកបន្តនិងគោរពកោតសរសើរទៅកាន់ម្ចាស់ពានរូបនេះ។ ចំណែកឯទស្សនិកជនដទៃទៀតបានចូលបញ្ចេញមតិយោបល់ជាច្រើននូវភាពរំជួលចិត្តរបស់ពួកគេចំពោះទឹកចិត្តម្តាយរបស់ គី សាវីន។
បច្ចុប្បន្ន គី សាវីន កំពុងមមាញឹកការងារសិល្បៈទាំងបុរាណនិងសម័យកាន់តែខ្លាំងជាង មុននៅពេលលោកឈ្នះក្នុងការកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក។ មានស្រុកកំណើតនៅខេត្តបាត់ដំបង គី សាវីន បានក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី៥ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ មកទល់ពេលនេះតារាចម្រៀង គី សាវីន បានចេញបទចម្រៀងចំនួន២បទនៅលើទីផ្សារបន្ទាប់ពីក្លាយជាតារាចម្រៀងកុងត្រាដែលមានដូចជាបទ «កុំទាន់យកសង្សារថ្មីបានទេ» និងបទ «Private ពីរនាក់ តែឈឺម្នាក់ឯង» ។
ទោះយ៉ាងណា បទចម្រៀងពីរបទបន្ទាប់ពីក្លាយជាម្ចាស់ពានរបស់ គី សាវីន ពុំទាន់ក្តោបប្រជាប្រិយភាពផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជននៅឡើយទេ៕










